ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានជំរុញដល់ នគរបាលទាំងអស់ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អបន្ថែមទៀត ខណៈក្នុងឆ្នាំ ២០២០នេះ ប្រទេសកម្ពុជាមានព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដែលធ្វើជាម្ចាស់ផ្ទះ។
ថ្លែងនៅក្នុងពិធីអញ្ជើញជាអធិបតីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ នៅអគ្គស្នងការដ្ឋានគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា នៅក្នុងឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអន្តរជាតិជាច្រើន ជាពិសេសគឺកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះតែម្តង។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ក្នុងនាមយើងជានគរបាលទទួល ផែនជាច្រើនសម្រាប់ការពារសន្តិសុខជូនប្រជាជន និងប្រទេសជាតិទាំងមូលដូច្នេះត្រូវខិត ខំ និងពង្រឹងសមត្ថភាពបន្ថែមទៀតក្នុងកិច្ចការនេះ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានភាពចន្លោះ ប្រហោង។
នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា ដោយសារតែប្រទេសជាតិមានសុខសន្តិ ភាពទើបពិភពលោកមានទំនុកចិត្តផ្តល់ឱកាសឲ្យកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អន្តរជាតិនានា ដែលកិច្ចប្រជុំទាំងនេះនឹងត្រូវរឹតបណ្តឹងខ្លាំងលើសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងវិថីដែលឆ្ពោះទៅទីកន្លែងដែលនឹងត្រូវប្រារព្ឋនោះ។
សូមបញ្ជាក់ថាតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យ ត្រាស់បង្គាប់ និងសម្រេចតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន១២រូប ក្នុងនោះ៖ អគ្គស្នងការរងនគរបាលជាតិ៣រួប, ប្រធាននាយកដ្ឋាន៤រូប និងបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ៥រូប៕