ភ្នំពេញ៖ អនុវត្តតាមបទបញ្ជានិងផែនការប្រយទ្ធប្រឈឆាំងគ្រឿងញៀនរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។ នគរបាលការិយាល័យប្រឆាំងគ្រឿងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តចេញប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យគ្រឿងញៀន នៅខណ្ឌទួលគោក និងខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី៥១នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនចំនួន១០កញ្ចប់។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ដោយបានការអនុញ្ញាតនិងសម្របសម្រួលនីតិវិធីពីលោក រៀល សុភិន រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងនៅចំណុចនៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងររងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា បង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខាងលើកម្លាំងនគរបាលធ្វើឡើងក្រោយពីទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋនូវសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនជាក់ស្តែង។
កម្លាំងសមត្ថកិច្ចក៏ចុះទៅដល់ឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន០៩នាក់ (ស្រី ០៣នាក់)។ ដកហូតវត្ថុតាងៈ ៨កញ្ចប់តូច នៅខណ្ឌដូនពេញ។ បន្ទាប់ពីបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន០៩នាក់នោះហើយ។ កម្លាំងបន្តធ្វើរដ្ឋបាលចុះត្រួតពិនិត្យនៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលចូលមកទិញថ្នាំញៀនពីជនសង្ស័យជួញដូរគ្រឿងញៀនខាងលើបានចំនួន៤២នាក់ទៀត ស្រី ០២នាក់ បន្ថែមទៀត។ វត្ថុតាងដកហូតក្រាមពណ៌ស ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២ញ្ចប់តូច ម៉ូតូ ១៥គ្រឿង និងឧបករណ៍ប្រេីប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
ប្រតិបត្តការបង្ក្រាបឃាត់ខ្លូនជនសង្ស័យសរុបចំនួន៥១នាក់ ស្រី០៥នាក់ ដលហូតវត្ថុតាងៈថ្នាំញៀនសរុប១០កញ្ចប់តូច ម៉ូតូ១៧គ្រឿង ឧបករណ៍ជក់ចំនួន៥ និងដែកកេសចំនួន០៤។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននិងសាកសួរដើម្បីបន្ដអនុវត្តតាមនីតិវិធី ៕