ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកា៣០លានដុល្លារអាមេរិក ដើម្បីការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ ចាប់តាំងពីបច្ចុប្បន្ននេះ ហើយប្រសិនបើនៅតែមិនទាន់រកឃើញឱសថព្យាបាលជំងឺនេះទៀត រាជរដ្ឋាភិបាលក៏ត្រៀមនូវកញ្ចប់ថវិកាមួយចំនួនទៀតផងដែរ។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្លើយតបនឹងកង្វល់របស់វិស័យឯកជន ពាក់ព័ន្ធផលប៉ះពាល់នៃការព្យួរភាព អនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធីទំនិញគ្រប់មុខលើកលែងតែអាវុធ (EBA) និងការផ្ទុះឡើងនៃវីរុស Covid-19 ចំពោះសេដ្ឋកិច្ចកម្ពុជានោះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏នឹងប្រកាសដាក់ចេញនូវកញ្ចប់នៃវិធានការ គោលនយោបាយ និងការកែទម្រង់មុតស្រួច និងជាក់លាក់មួយចំនួនទៀត នៅក្នុងឱកាសនៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ៕