ផ្លូវជាតិ​លេខ​៥៥​ ត​ភ្ជាប់​ពី​ពោធិ៍សាត់​ ឆ្លងកាត់​ស្រុក​វាល​វែង​ ទៅ​ដល់​ថ្មដា​ព្រំដែន​កម្ពុជា​-​ថៃ​ ចំណាយ​ថវិកា​សាងសង់​សរុប​ ១៣២.៨០​ លាន​ដុល្លារ​អា​មេ​រិ​ក​

09-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ១​រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម​ វ៉ាង​ វិ​ន​ធៀន​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៥​ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទីរួមខេត្ត​ពោធិ៍សាត់​ ឆ្ពោះទៅ​កាន់​ព្រំដែន​ថ្មដា​ ជាប់​ជាមួយ​ខេត្ត​ត្រា​ត​ ប្រទេស​ថៃ​ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​១០​ ត​ភ្ជាប់​ពី​សំឡូត​ ទៅ​ខេត្តកោះកុង​។​

​ផ្លូវជាតិ​លេខ​៥៥​ មាន​ប្រវែង​សរុប​ ១៨២.១៦​គីឡូម៉ែត្រ​ ត​ភ្ជាប់​ពី​ពោធិ៍សាត់​ ឆ្លងកាត់​ស្រុក​វាល​វែង​ ទៅ​ដល់​ថ្មដា​ព្រំដែន​កម្ពុជា​-​ថៃ​។​ ផ្លូវ​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប​ ១៣២.៨០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​ រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នានា​ និង​ការ​បោសសម្អាត​គ្រាប់​មីន​ និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​។​ ទន្ទឹម​នឹង​ការ​ដាក់​ឱ្យ​ដំណើរការ​ផ្លូវជាតិ​លេខ​៥៥​ ថ្ងៃនេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ ឯកឧត្តម​ វ៉ាង​ វិ​ន​ធៀន​ នឹង​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​ទៀត​ គឺ​ផ្លូវជាតិ​លេខ​១០​ ដែល​ត​ភ្ជាប់​ពី​សំឡូត​ ខេត្តបាត់ដំបង​ ឆ្លងកាត់​វាល​វែង​ អូរ​សោម​ ខេត្តពោធិ៍សាត់​ រហូត​ដល់​ខេត្តកោះកុង​ ដែល​មាន​ប្រវែង​សរុប​ ១៩៨.៧១​គីឡូម៉ែត្រ​ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ ១៨៨.៣៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​ រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​សេចក្តី​សោមនស្ស​រីករាយ​ ដែល​បាន​មក​កាន់​ទី​នេះ​ ដើម្បី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជ​ផ្លូវជាតិ​លេខ​៥៥​នេះ​។​ សម្តេច​តេ​ជោ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​ទាំងអស់​ដែល​កន្លង​មក​តែងតែ​គោរព​ស្រលាញ់​សម្តេច​ និង​តែងតែ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋ​ន្ត្រី​ បាន​មាន​ប្រសាសន៍​រំលឹក​ពី​តំបន់​នេះ​ ដែល​ពី​អតីតកាល​គឺជា​សមរភូមិ​ក្តៅ​មួយ​ ជា​តំបន់​ដែល​មាន​ត្រួតត្រា​ច្រើន​។​ សម្តេច​តេ​ជោ​បន្ត​ថា​ ពី​មុន​ផ្លូវ​នេះ​ជា​ផ្លូវជាតិ​លេខ​៥៦​ ដែល​ពេល​នេះ​ប្តូរ​មក​ជា​ផ្លូវជាតិ​លេខ​៥៥​វិញ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ខាង​មុខ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​បើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ (​ច្រក​ថ្មដា​)​ ដើម្បី​ភ្ជាប់​ខេត្តពោធិសាត់​ជាមួយនឹង​ខេត្ត​ត្រា​តនៃ​ប្រទេស​ថៃ​ ក្នុង​ការ​នាំ​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំង​ពីរ​ និង​ដើម្បី​ជីវភាព​នៃ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​ការ​ដាក់​ចេញ​នូវ​នយោបាយ​ ឈ្នះ​ ឈ្នះ​ ហើយ​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​សម្តេច​តេ​ជោ​បាន​ដាក់​ចេញ​នូវ​គោលដៅ​ ០២​សំខាន់​ ដែល​គោលដៅ​ទី​១​គឺ​ការ​ប្រែក្លាយ​តំបន់​សមរភូមិ​ក្តៅ​ទាំងអស់​អោយ​ក្លាយទៅជា​តំន់​ដែល​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ និង​គោលដៅ​ទី​២​គឺ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់​អោយទៅ​ជា​ព្រំដែន​ដែល​មាន​សុខ​សន្តិភាព​ តំបន់​ទីផ្សារ​ និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ជិតខាង​។​

​ចំពោះ​ផ្លូវជាតិ​លេខ​១០​ដែល​ត្រូវ​បើក​ការដ្ឋាន​នា​ពេល​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ ដោយ​សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា​ ក្រោយ​ពី​បាន​ផ្លូវ​នេះ​មួយទៀត​បងប្អូន​ប្រជាពលរដ្ឋ​នៅ​វាល​វែង​នេះ​រស់នៅ​កាន់តែ​មាន​ភាព​ងាយស្រួល​ ហើយ​សម្តេច​តេ​ជោ​បាន​ហៅ​តំបន់​នេះ​ថា​ «​សំណាង​ថ្មដា​ វាសនា​វាល​វែង​»​ ហើយ​សម្តេច​នឹង​តែង​បទ​ចម្រៀង​មួយ​បទ​ដែល​ដាក់​ថា​«​សំណាង​ថ្មដា​ វាសនា​វាល​វែង​»​ទៀត​ផង​នា​ពេល​ខាង​មុខ​។​ សម្តេច​តេ​ជោ​បន្ត​ថា​នៅ​ទី​នេះ​ ថ្ងៃ​អនាគត​នឹង​មានការ​បង្កើន​រោងចក្រ​នៅ​ទី​នេះ​ផង​ដែរ​។​ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ ផ្លូវជាតិ​លេខ​ទាំង​ពីរ​ខ្សែ​នេះ​ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ និង​ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​ សម្រាប់​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ផង​ ការពារ​អធិបតេយ្យភាព​ជាតិ​ផង​ និង​ជួយ​ទ្រទ្រង់​យ៉ាង​រឹង​មាំ​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ និង​ជា​ច្រករបៀង​សេដ្ឋកិច្ច​ដ៏​សំខាន់​ផង​ដែរ​។​

​នៅ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​បាន​ជំរុញ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ប្រើប្រាស់​ក្រមារ​ជំនួស​ ដែល​អាច​ប្រើ​ការពារ​ជំនួយ​ម៉ាស់​ក៏​បាន​ ក្នុង​ការ​បង្ការ​ការពារ​ជម្ងឺ​កូ​វី​ដ​១៩​។​ សម្តេច​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ពេល​នេះ​ សម្តេច​បាន​ប្រើ​សេនា​ឌី​យោ​ទី​២​ គឺ​ពេល​ដឹង​ថា​មាន​ពលរដ្ឋ​ខ្មែរ​យើង​កើត​ជម្ងឺ​កូ​វី​ដ​១៩​ភ្លាម​ សម្តេច​បាន​ប្រកាស​អោយ​បិទ​ជា​បណ្តោះអាសន្ន​ជាង​១០​សាលា​នៅ​ទីរួមខេត្ត​សៀមរាប​ និង​បាន​លុប​ចោល​អង្គរ​សង្ក្រាន្ត​ផង​ដែរ​។​ សម្តេច​តេ​ជោ​សូម​អោយ​ប្រជាពលរដ្ឋ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​ ជា​ពិសេស​កុមារ​តូចៗ​ ដែល​ពិបាក​ក្នុង​ការ​ការពារ​ខ្លួន​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សុំ​អោយ​អាជីវករ​ទាំងឡាយ​សូមកុំ​តម្លើង​ថ្លៃ​លក់ទំនិញ​នានា​នៅ​លើ​ទីផ្សារ​។​ សម្តេច​តេ​ជោ​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​ មិន​ត្រូវ​មានការ​ភ័យ​ខ្លាច​ហួសហេតុ​នោះ​ទេ​។​

​នៅ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​បាន​ជូន​នូវ​ដំណឹង​ល្អ​សំរាប់​កម្មករ​កម្មការិនី​ ដោយ​ក្នុង​នោះ​មិត្ត​ចិន​បាន​ផ្តល់​នាវា​ចំនួន​០៧​គ្រឿង​ ដឹក​វត្ថុធាតុដើម​មក​មក​ប្រើប្រាស់​ក្នុង​រោងចក្រ​នៅ​កម្ពុជា​ចាប់ពី​ខែមីនា​នេះ​ រហូត​ដល់​ខែឧសភា​ ឆ្នាំ​២០២០​។​ ទន្ទឹម​នឹង​នេះ​ នៅ​ថ្ងៃនេះ​ផង​ដែរ​ សម្តេច​តេ​ជោ​បាន​អំពាវនាវ​០៤​ចំនុច​សំខាន់​៖​ ១)​សូម​រោងចក្រ​នានា​មេត្តា​កុំ​លុប​ចោល​កិច្ចសន្យាការងារ​ជាមួយ​កម្មករ​ កម្មការិនី​។​ ២)​ចំពោះ​មីក្រូ​ហិញ្ញ​វត្ថុ​ទាំងអស់​ ត្រូវ​ពន្យា​ការ​សង​ ឬ​ការ​មិន​យកការប្រាក់​ដល់​កម្មករ​ កម្មការិនី​ដែល​បាន​ជំពាក់​លុយ​នៅ​មីក្រូហិរញ្ញវត្ថុ​នោះ​។​

៣)​សុំ​អោយ​ម្ចាស់​បុរី​លំនៅ​ដ្ឋា​ន​ទាំងអស់​ ដែល​រំ​លួស​ផ្ទះ​ជាមួយ​បងប្អូន​កម្មករ​ ត្រូវ​ពន្យា​ការ​បង់​ និង​កុំ​ផ្តាច់​កុងត្រា​នោះ​អី​។​ ៤)​សូម​អោយ​អគ្គិសនី​កម្ពុជា​ អនុញ្ញាត​អោយ​កម្មករ​កម្មការិនី​ជំពាក់​ថ្លៃ​ភ្លើង​សិន​ក្នុងអំឡុងពេល​នេះ​។​

​នៅ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ប្រកាស​សាង​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​នៅ​ក្នុង​ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​នេះ​ ដែល​ក្នុង​នោះ​រួម​មាន​៖​ ផ្តល់​ជូន​អាគារ​សិក្សា​សាលា​ ម​តេ​យ្យ​ និង​ប​ថម​សិក្សា​ ហ៊ុន​ សែន​ ប្រ​ម៉ោ​យ​ នូវ​អគារ​ ១​ខ្នង​៣​ជាន់​១៨​បន្ទប់​ ដោយ​មាន​ទីលាន​បាល់​ បោះ​ បាល់ទះ​ និង​ផ្លូវ​បេតុង​។​ សំរាប់​វិទ្យាល័យ​ ហ៊ុន​ សែន​ ប្រ​ម៉ោ​យ​វិញ​ គឺ​ផ្តល់​ជូន​ អគារសិក្សា​១​ខ្នង​ កម្ពស់​៣​ជាន់​ មាន​១៨​ បន្ទប់​ និង​អគារ​ទីចាត់ការ​១​ខ្នង​ មាន​៣​បន្ទប់​ រួម​ទាំង​អាគារ​ស្នាក់​នៅ​របស់​សិស្ស​១​ខ្នង​កម្ពស់​២​ជាន់​មាន​១០​បន្ទប់​ ថែម​ទាំង​មាន​ផ្លូវ​បេតុង​ តារាង​បាល់ទាត់​ បាល់ទះ​ និង​បាល់បោះ​ផង​ដែរ​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ទទួល​បាន​នូវ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​ ព្រមទាំង​បាន​ផ្តល់​អំណោយ​ជូន​ដល់​ លោកយាយ​ លោកតា​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ក្នុង​បរិ​យា​ កាស​រីករាយ​ និង​បន្ទាប់​មក​ក៏​បាន​អញ្ជើញ​រួម​គ្នា​ជាមួយ​ ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ កាត់​ខ្សែបូរ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៥៥​ និង​អញ្ជើញ​បើក​ការដ្ឋាន​សាង​ផ្លូវជាតិ​លេខ​១០​ ចាប់ពី​ពេល​នេះ​តទៅ​៕


ចំនួនអ្នកទស្សនា

    20516887

  • ថ្ងៃនេះ9401
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52551
  • ខែនេះ74431
  • ឆ្នាំនេះ74431
  • សរុប20516887