សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ​ និង​ឆ្លង​សមិទ្ធផល​នានា​ នៅ​វត្ត​ស្នាយ​សរ​

09-March-2020 | ដោយ ពលមនសិការ

ព្រៃវែង​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ១​រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ​ និង​ឆ្លង​សមិទ្ធផល​នានា​ នៅ​វត្ត​ស្នាយ​សរ​ ស្ថិត​ក្នុងភូមិ​ព្រៃខ្លា​ និង​ភូមិ​ពោធិ​សា​បាង​ ឃុំ​រាប​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​។​

​ជា​កិច្ច​ចាប់ផ្ដើម​អង្គពិធី​បាន​ស្ដាប់​របាយការណ៍​ស្វាគមន៍​របស់​លោក​អភិបាលស្រុក​ពារាំង​ ដែល​បាន​ជម្រាប​ជូន​សម្ដេច​ក្រឡាហោម​ និង​អង្គពិធី​អំពី​ស្ថានភាព​ទូទៅ​នៅ​ក្នុង​តំបន់​រដ្ឋបាល​ស្រុក​ពារាំង​ និង​អំពី​សវ​តា​នៃ​ការ​កសាង​សមិទ្ធផល​នានា​ជា​បន្ទាប់​ ពិសេស​សមិទ្ធផល​ព្រះ​វិហារ​ និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដែល​បាន​ប្រារព្ធ​ពិធី​បញ្ចុះ​ខណ្ឌសីមា​ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នា​ឱកាស​នេះ​ ដែល​សរុប​ជា​ថវិកា​អស់​ប្រមាណ​៩​រយ​៧​លាន​រៀល​ និង​ប្រាក់​ដុល្លារ​ជាង​១២​ម៉ឺន​៣​ពាន់​ដុល្លារ​ ហើយ​ក្នុង​នោះ​នៅ​ខ្វះខាត​ឈ្នួល​ជាង​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​

​បន្ទាប់​មក​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​មាន​ប្រសាសន៍​សំណេះសំណាល​ទៅ​កាន់​អង្គ​ពី​ធី​ ដោយ​ជា​កិច្ច​ចាប់ផ្ដើម​ សម្ដេច​សម្ដែង​សេចក្ដី​រំភើប​រីករាយ​ និង​ថ្លែង​អំណរ​ព្រះ​គុណ​ និង​អគុណ​ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ អាចារ្យ​គណៈកម្មការ​ ប្រជា​ពុទ្ធបរិស័ទ​ និង​សប្បុរសជន​ជិត​ឆាយ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ទាំងអស់​ ដែល​បាន​រួម​កម្លាំង​សទ្ធា​ និង​ឆ​ន្ទះ​ម៉ុះ​មុត​ ក្នុង​ការ​សាងសង់​បាន​រួចរាល់​ជា​ស្ថាពរ​នូវ​ស​ព្រះ​វិហារ​ និង​សមិទ្ធផល​នានា​ ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​ និង​ម​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ គណបក្ស​ប្រជាជន​កម្ពុជា​ ពិសេស​ក្រុមការងារ​ចុះ​មូលដ្ឋាន​។​

​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ទន្ទឹម​នឹង​សមិទ្ធផល​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​ប្រារព្ធ​ពិធី​សម្ពោធ​នា​ឱកាស​នេះ​ នៅ​ថ្ងៃនេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ និង​ប្រកាស​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​ដ៏​មាន​សារៈសំខាន់​នៅ​ខេត្ត​ប៉ែក​ភាគ​ខាងលិច​ភាគ​និរតី​នៃ​ប្រទេស​ដែរ​ ដែល​នេះ​មាន​ន័យ​ថា​វិស័យ​ពុទ្ធចក្រ​ និង​អ​ណា​ចក្រ​នៅ​កម្ពុជា​ កំពុង​មានការ​រីក​ចំរើន​ព្រមៗ​គ្នា​ ហើយ​វិស័យ​ផ្សេង​ទៀត​ក៏​មិន​ខុស​គ្នា​ដែរ​ ដោយ​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​នៅ​ពេល​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ អ្វី​ក៏​យើង​អាច​ធ្វើ​បាន​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ការ​ស្ថាបនា​ផ្លូវ​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​ បាន​បែងចែក​ថវិកា​សម្រាប់​ការ​សាងសង់​ និង​ជួសជុល​ផ្លូវ​ កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ពិសេស​ការ​ស្ថាបនា​ផ្លូវ​ថ្មីៗ​ ការ​កែប្រែ​ផ្លូវ​ទៅ​ជា​គ្រួ​ស​ក្រហម​ ផ្លូវ​បេតុង​ ផ្លូវ​កៅស៊ូ​ទាំង​កម្រិត​ផ្លូវ​ជនបទ​ ផ្លូវ​ខេត្ត​ និង​ផ្លូវជាតិ​ ជាក់ស្ដែង​សម្រាប់​ផ្លូវជាតិ​ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​កម្ពុជា​នៅ​សល់​តែ​កំណត់​ផ្លូវជាតិ​ដែល​សម្ដេច​ប្រកាស​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃនេះ​មួយ​ខ្សែ​ទៀត​ប៉ុណ្ណោះ​ គឺ​នឹង​មាន​ផ្លូវ​ស្អាត​ព័ទ្ធ​មួយ​ជុំ​ប្រទេស​តែ​ម្ដង​ ដែល​សមិទ្ធផល​នេះ​ នឹង​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ​ ដឹក​ជញ្ជូន​ទំនិញ​ និង​កសិផល​នានា​ដល់​ប្រជាពលរដ្ឋ​ អាជីវកម្ម​ និង​វិនិយោគ​គិ​ន​ជាតិ​ និង​អន្តរជាតិ​។​

​ក្រៅពី​នេះ​ សម្ដេច​ក្រឡ​ហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ក្នុង​អង្គពិធី​ អំពី​ការ​បែងចែក​មន្ត្រី​មក​បំពេញការងារ​នៅ​ថ្នាក់​មូលដ្ឋាន​ ព្រមទាំង​បាន​ផ្ទេរសិទ្ធិ​អំណាច​ និង​ធនធាន​ហិរញ្ញវត្ថុ​ ដើម្បី​ឱ្យ​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ កាន់តែ​មាន​លទ្ធផល​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​សំដៅ​បំរើ​ផលប្រយោជន៍​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​ ជាមួយ​គ្នា​នេះ​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​ និង​គណបក្ស​ក៏​បាន​ចាត់តាំង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​។​

​ត្រង់​ចំណុច​នេះ​សម្ដេច​ក្រឡាហោម​បាន​ទាញ​ចំណាប់អារម្មណ៍​អង្គពិធី​ថា​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​សម័យនេះ​ មិនសូវ​មាន​ពេល​ដើរ​លេង​ សប្បាយ​ហ៊ឺហារ​នា​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​ដូច​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​សម័យ​មុន​ឡើយ​ ពោល​គឺ​រាជរដ្ឋាភិបាល​ និង​គណបក្ស​ បាន​ចាត់តាំង​ការ​ទទួលខុសត្រូវ​ឱ្យ​ចុះ​មូលដ្ឋាន​ដើម្បី​ធ្វើ​វេទិកាសាធារណៈ​ ប្រមូល​សំណូមពរ​ ក្ដី​កង្វល់​ និង​ក្ដាប់​នូវ​បញ្ហា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ ហើយ​រួម​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​ ហើយ​បញ្ហា​ណា​ដែល​លើស​ពី​សមត្ថកិច្ច​ ឬ​សមត្ថភាព​ ក្រុមការងារ​នឹង​លើកយក​មក​ដោះស្រាយ​ជាមួយ​ថ្នាក់ដឹកនាំ​បន្ត​ទៀត​ ដោយ​មិន​ទុក​ឱ្យ​បញ្ហា​ណាមួយ​របស់​ពលរដ្ឋ​ត្រូវ​កប់​ចោល​ជា​ដាច់ខាត​។​

​តំណាលគ្នា​នេះ​ រាជរដ្ឋាភិបាល​ បាន​ប្ដេជ្ញា​ចិត្ត​ធ្វើ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ដោយ​បាន​ផ្ទេរ​មុខងារ​ សិទ្ធិ​អំណាច​ ធនធាន​ ពី​ថ្នាក់​ជាតិ​មក​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​បន្តបន្ទាប់​ រួម​មាន​រាជធានី​ខេត្ត​ ក្រុង​ស្រុក​ខណ្ឌ​ និង​ឃុំ​សង្កាត់​ ហើយ​ជាក់ស្ដែង​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២០​នេះ​ បាន​ទទួល​ការ​បង្កើន​ថវិកា​រដ្ឋបាល​ និង​ថវិកា​អភិវឌ្ឍន៍​ទ្វេ​ដង​ ក្នុង​នោះ​សម្រាប់​ថវិកា​អភិវឌ្ឍន៍​ ក្នុង​មួយ​ឃុំ​ ឬ​សង្កាត់​ បាន​ទទួល​ពី​ប្រមាណ​៣​ម៉ឺន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​ មក​ដល់​ជាង​៧​ម៉ឺន​ដុល្លារ​នៅ​ឆ្នាំ​២០២០​។​ ដូច្នេះ​ក្រុមប្រឹក្សា​ឃុំ​ខ​ង្កា​ត់​ នឹង​កាន់តែ​មាន​លទ្ធភាព​ច្រើន​ជាង​មុន​ក្នុង​ការ​សម្រេចចិត្ត​អភិវឌ្ឍន៍​មូលដ្ឋាន​ទៅ​តាម​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​សម្ដេច​បាន​បន្ថែម​ការ​ធ្វើ​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​ គឺ​ដើម្បី​ផ្ដល់​សិទ្ធិ​អំណាច​ និង​ផលប្រយោជន៍​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ និង​មន្ត្រី​ដែល​នៅ​ក្បែរ​ពលរដ្ឋ​ មិនមែន​ក្ដោប​អំណាច​ទុក​តែ​នៅ​ថ្នាក់លើ​ដូច​ពី​អតីត​កាលនោះ​ឡើយ​ ហើយ​ថា​ការងារ​នេះ​គឺ​ត្រូវការ​ការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។​ សម្ដេច​បន្ត​ថា​កិច្ចការ​ដែល​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​ខ្ពស់​បំផុត​នោះ​ គឺ​ការ​រួម​គ្នា​ការពារ​សុខ​សន្តិភាព​ ឯករាជ្យ​ភាព​ បូរណភាព​ដែនដី​ និង​អធិបតេយ្យ​ជាតិ​។​ សម្ដេច​បាន​រំលឹក​ថា​កម្ពុជា​ពី​អតីតកាល​ យើង​មាន​ដែនដី​ធំ​ណាស់​ ប៉ុន្តែ​ព្រោះតែ​បាត់​សន្តិភាព​ យើង​បាត់​ឯករាជ្យ​ជាតិ​ យើង​បាត់បង់​ទឹកដី​ និង​ទទួល​រង​វិនាសកម្ម​គ្រប់​បែប​យ៉ាង​ ដូច្នេះ​ពេល​នេះ​យើង​ដែល​មានបទពិសោធន៍​គ្រប់គ្រាន់​ ត្រូវ​តែ​រួម​គ្នា​ការពារ​សុខ​សន្តិភាព​ឱ្យ​បាន​។​

​សម្ដេច​បាន​ពន្យល់​ជូន​ប្រជាពលរដ្ឋ​ថា​ជា​ការ​ពិត​សុខ​សន្តិភាព​គឺជា​គន្លឹះ​នាំ​ឱ្យ​មានការ​អភិវឌ្ឍ​ ហើយ​ពលរដ្ឋ​អាច​ទទួល​បាន​ផល​ពី​ការ​អភិវឌ្ឍ​នេះ​ ទៅ​តាម​ចំណេះដឹង​ សមត្ថភាព​ និង​ការ​ចេះ​ក្ដាប់​យក​ឱកាស​នានា​។​ យ៉ាងណា​ក៏​ដោយ​ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​រាជរដ្ឋាភិបាល​ កំពុង​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​ផល​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​បាន​មក​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​ តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ ទឹក​ ផ្លូវ​ ភ្លើង​ និង​ធនធានមនុស្ស​ និង​ការ​ផ្ដល់​សេវា​សាធារណៈ​នានា​។​ សម្ដេច​បន្ត​ថា​នៅ​ពេល​ពលរដ្ឋ​មានទឹក​ស្អាត​ប្រើប្រាស់​ពួក​គាត់​នឹង​មាន​សុខភាព​ល្អ​ មាន​ផ្លូវ​ និង​មាន​ភ្លើង​អគ្គី​ស​នី​ប្រើប្រាស់​ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​ និង​មានឱកាស​ប្រកប​អាជីវកម្ម​កាន់តែ​ច្រើន​ និង​នៅ​ពេល​មាន​សាលារៀន​ពលរដ្ឋ​នឹង​មានឱកាស​ឱ្យ​កូនៗ​បាន​សិក្សា​រៀនសូត្រ​មានចំណេះ​ដឹង​ប្រកួតប្រជែង​ក្នុ​សង្គម​ការងារ​កាន់តែ​ច្រើន​។​

​ពី​វេ​ធិ​កា​អធិបតី​នេះ​ដែរ​ សម្ដេច​ក្រឡ​ហោម​ ស​ ខេ​ង​ ក៏​បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព​នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ ឬ​COVID19​ និង​ការ​ព្យាយាម​ទប់ស្កាត់​ទាំង​នៅ​ប្រទេស​ចិន​ នៅ​ក្នុង​ប្រទេស​មានការ​រីក​រាលដាល​ និង​នៅ​កម្ពុជា​យើង​បន្ទាប់​ពី​មានការ​រក​ឃើញ​ថា​ជនជាតិ​ជប៉ុន​ម្នាក់​មាន​ផ្ទុក​ជម្ងឺ​នេះ​ ហើយ​បាន​ឆ្លង​លើ​ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​ខេត្តសៀមរាប​។​ សម្ដេច​បាន​មាន​ប្រសាសន៍​ពី​ចំណាត់ការ​ប្រកបដោយ​ភាព​ជឿជាក់​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួងសុខាភិបាល​ និង​យន្តការ​សកល​ក្នុង​ការ​បង្កា​ទប់ស្កាត់​មេ​រោយ​នេះ​ ព្រមទាំង​បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មាន​ក្ដី​ព្រួយបារម្ភ​ជ្រុល​ហួសហេតុ​ ប៉ុន្តែ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោល​ការ​អនាម័យ​ និង​វិធានការ​ការពារ​ខ្លួន​ឱ្យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​ សម្ដេច​ក៏​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​បង្កា​ទប់ស្កាត់​គ្រឿងញៀន​ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​។​

​ពាក់ព័ន្ធ​នឹង​សមិទ្ធផល​ព្រះ​វិហារ​ និង​សំណង់​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ផ្សេង​ទៀត​ដែល​ប្រារព្ធ​ពិធី​សម្ពោធ​នេះ​ថ្ងៃនេះ​វិញ​ សម្រាប់រ​ថវិកា​សាងសង់​ដែល​នៅ​ខ្វះខាត​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លា​ ដូច​លោក​អភិបាលស្រុក​ពារាំង​បាន​បញ្ជាក់​ជូន​ខាង​ដើម​នោះ​ ដោយ​មានការ​ចូលរួម​គាំទ្រ​ពី​ឯកឧត្តម​ លោក​ជំទាវ​ ក្រុមការងារ​ និង​សប្បុរសជន​នានា​ សម្ដេច​ក្រឡាហោម​ បាន​សម្រេច​ប្រកាស​ប្រគេន​ និង​ផ្ដល់​ជូន​បច្ច័យ​បង្គ្រប់​ការ​ខ្វះខាត​នេះ​ និង​ថែម​ទាំង​បាន​ប្រគេន​បច្ច័យ​បន្ថែម​ទៀត​ដល់​បណ្ដា​វត្ត​មួយ​ចំនួន​ សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ទៅ​តាម​តម្រូវការ​ក្នុង​ទី​អារាម​នីមួយៗ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អំពាវនាវ​ព្រះសង្ឃ​ និង​ប្រជា​ពុទ្ធបរិស័ទ​ចូល​រូ​ម​ថែរក្សា​ការពារ​សមិទ្ធផល​ទាំងនេះ​ និង​ត្រូវ​រួម​គ្នា​ដាំ​ដើមឈើ​ឱ្យ​បាន​ច្រើន​ ពិសេស​នៅ​ក្នុង​បរិវេណ​វត្ត​ សាលារៀន​ និង​នៅ​តាម​ភូមិដ្ឋាន​។​ មុន​នឹង​បញ្ចប់​ការ​មាន​ប្រសាសន៍​សំណេះសំណាល​ សម្ដេច​ក្រឡាហោម​បាន​អញ្ជើញ​បាន​ប្រគេន​ និង​បំពាក់​គ្រឿង​ឥស្សរ​យ​យស​ ព្រមទាំង​មេដាយ​ប្រគេន​ព្រះសង្ឃ​ និង​ជូ​ណ​អាចារ្យ​គណៈកម្មការ​វត្ត​ ឯកឧត្តម​លោក​ជំទាវ​ អស់លោក​លោកស្រី​ជា​ក្រុមការងារ​ និង​សប្បុរសជន​ ព្រមទាំង​បាន​ប្រគល់​ជូនអំណោយ​ដល់​អង្គពិធី​ មុន​នឹង​អញ្ជើញ​ប្រារព្ធ​ពិធី​កាត់​ខណ្ឌសីមា​ព្រះ​វិហារ​ ៕

ចំនួនអ្នកទស្សនា

    20519747

  • ថ្ងៃនេះ12261
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55411
  • ខែនេះ77291
  • ឆ្នាំនេះ77291
  • សរុប20519747