សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា​ជាង​ ៣​ពាន់​នាក់​

10-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ២​រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​ ចំនួន​៣,៤៥៨​នាក់​ ដែល​ធ្វើ​ឡើង​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ​ រួម​មាន​កម្រិត​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩​ ដែល​ក្នុង​នោះ​ក៏​មាន​និ​និស្សិត​បរិញ្ញាបត្រ​ផ្នែក​អាហារូបករណ៍​របស់​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ចំនួន​៣០​នាក់​ផង​ដែរ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​កោតសរសើរ​ និង​អបអរ​សារ​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់​ និង​បាន​ថ្លែង​ល​អំណរ​គុណ​ចំពោះ​មាតាបិតា​ និង​អាណាព្យាបាល​ ដែល​បាន​ផ្តល់​ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​ទទួល​បាន​ជោគជ័យ​នា​ពេល​នេះ​។​

​ទន្ទឹម​នឹង​នោះ​ សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរ​ផង​ដែរ​ ចំពោះ​ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​ ដែល​បាន​ខិតខំ​បណ្តុះបណ្តាល​និស្សិត​តាំងពី​មាន​ចំនួន​តិចតួច​រហូត​ដល់​មាន​និស្សិត​សិក្សា​រាប់​ម៉ឺន​នាក់​ ជា​ពិសេស​និស្សិត​ជា​ស្ត្រី​ ដែល​ទទួល​បានការ​សិក្សា​នៅ​ វិទ្យាស្ថាន​វ៉ា​ន់​ដា​នេះ​យ៉ាងច្រើន​ ដែល​នេះ​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​លើ​កម្ពស់​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​នៅ​ថ្ងៃនេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ពី​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ដែល​ថ្មីៗ​នេះ​បាន​កើតមក​លើ​ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​ខេត្តសៀមរាប​។​ ជាមួយ​គ្នា​នោះ​ សម្តេច​តេ​ជោ​បាន​ប្រាប់​ឲ្យ​ក្រសួងសុខាភិបាល​កម្ពុជា​ ត្រូវ​បន្ត​យកចិត្តទុកដាក់​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩​នេះ​ ត្រូវ​ពង្រឹង​សេវា​សុខាភិបាល​ចំពោះ​ប្រជាពលរដ្ឋ​អោយ​បាន​ដិត​ដល់​ ជា​ពិសេស​រាល់ពេល​ដែល​មានការ​ទូរស័ព្ទ​ទាក់ទង​ចូល​ ដើម្បី​សួរនាំ​ពី​ជំងឺ​កូ​វី​ដ​១៩​នេះ​ ត្រូវ​តែ​ផ្តល់​ព័ត៌មាន​អោយ​បាន​ជាក់លាក់​ជូន​អ្នកជំងឺ​ ឲ្យ​ទាន់​ពេលវេលា​ មិន​ត្រូវ​រុញ​ចុះ​ រុញ​ឡើង​នោះ​ទេ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៅ​តែ​បន្ត​អំពាវនាវ​ កុំអោយ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ហួសហេតុ​ពេក​នោះ​ទេពី​ជំងឺ​កូ​វី​ដ​-១៩​នេះ​ តែ​ផ្ទុយ​ទៅ​វិញ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​ ថែរក្សា​សុខភាព​ខ្លួនឯង​ ក្រុម​គ្រួសារ​អោយ​បាន​ល្អ​ ជា​ពិសេស​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​ ទន្ទឹម​នឹង​នោះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ បើសិនជា​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាច​គ្រោះថ្នាក់​ចរាចរ​ ដូច​ខ្លាច​ជម្ងឺ​កូ​វី​ដ​-១៩​ នា​ពេល​នេះនោះ​ ប្រាកដជា​កម្ពុជា​យើង​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​បាន​ច្រើន​ជាក់​ជា​មិន​ខាន​។​

​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​ជំងឺ​កូ​វី​ដ​-១៩​នេះ​ បាន​ឆ្លង​មក​ដល់​ពលរដ្ឋ​កម្ពុជា​ភ្លាម​នៅ​ឯ​ខេត្តសៀមរាប​នោះ​ សម្តេច​តេ​ជោ​បាន​ដាក់​ចេញ​នូវ​សេនា​ឌី​យោ​ទី​២​ភ្លាម​ គឺ​សម្តេច​បាន​ប្រកាស​បិទ​សាលារៀន​ទាំងអស់​នៅ​ទីរួមខេត្ត​សៀមរាប​(​ក្រុង​សៀមរាប​)​ដែល​ក្នុង​នោះ​មាន​សាលារៀន​ប្រមាណ​១១០​សាលារៀន​ ត្រូវ​បិទទ្វា​ជា​បណ្តោះអាសន្ន​ និង​ការ​សម្រេច​បិទ​ព្រឹត្តិ​តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២០​ ផង​ដែរ​។​ ទន្ទឹម​នឹង​នោះ​ សម្តេច​តេ​ជោ​បញ្ជាក់​ថា​ ការ​សម្រេច​បិទ​សាលា​បណ្តោះអាសន្ន​នេះ​ គឺ​យើង​បាន​គិតគូរ​ និង​យកចិត្តទុកដាក់​ជា​សំខាន់​ទៅ​លើ​សុខភាព​កុមារ​ ដែល​ពួក​គេ​អាច​ប្រឈម​ខ្ពស់​ ពីព្រោះ​ពួក​គេ​មានការ​ពិបាក​ក្នុង​ការ​ការពារ​ពី​ជំងឺ​នេះ​។​ ជាមួយ​គ្នា​នោះ​ សម្តេច​តេ​ជោ​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ ក្នុង​ស្ថានភាព​បែប​នេះ​ យើង​ត្រូវ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ទាំងអស់​គ្នា​ យើង​ត្រូវ​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ​នេះ​ ឲ្យ​ទៅ​ជា​កាលានុវត្តភាព​ ដូច​ជា​ពី​មិនសូវ​យកចិត្តទុកដាក់​ពី​បញ្ហា​សុខភាព​ ប្រែ​មក​ជា​ការ​ប្រកាន់​ជាប់​នូវ​អនាម័យ​ជា​ប្រចាំ​ដើម្បី​សុខភាព​កាន់តែ​ល្អ​ប្រសើរ​។​

​ជា​ថ្មី​ម្តងទៀត​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ នៅ​ពេល​នេះ​ យើង​មាន​នាវា​ចំនួន​០៧​គ្រឿង​ ដើម្បី​ដឹក​វត្ថុធាតុដើម​មក​ប្រើប្រាស់​ក្នុង​រោងចក្រ​នៅ​កម្ពុជា​ ដើម្បី​អោយ​បងប្អូន​កម្មករ​កម្មការិនី​បាន​បន្ត​ការពារ​នៅ​ក្នុង​រោងចក្រ​បន្ត​ទៀត​។​ យើង​ត្រូវ​ប្រែក្លាយ​ការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ អោយទៅ​ជា​កាលានុវត្តភាព​ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​អោយ​ល្អ​ប្រសើរ​ជា​ពេល​ខាង​មុខ​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក​ច្រក​ម្ពុ​ជា​ បាន​ជូនពរ​ដល់​និស្សិត​ជ័យ​លា​ភី​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ​ សូម​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ជា​បន្តបន្ទាប់​ រួម​ទាំង​ ការ​សិក្សា​ និង​ការងារ​ថ្មីៗ​ជា​ច្រើន​ទៀត​។​ បន្ទាប់​មក​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា​នៅ​ក្នុង​បរិយាកាស​រីករាយ​ និង​ស្និ​ទ្ឋ​ស្នាល​បំផុត​៕


ចំនួនអ្នកទស្សនា

    20517247

  • ថ្ងៃនេះ9761
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52911
  • ខែនេះ74791
  • ឆ្នាំនេះ74791
  • សរុប20517247