កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ​ ៨០០​ ទៅ​ ២,០០០​ លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ឌ​-១៩

10-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​ ចំនួន​៣,៤៥៨​នាក់​ នៅ​កោះ​ពេជ្រ​ ព្រឹក​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​បញ្ជាក់​ថា​ កម្ពុជា​បាន​ត្រៀម​ថវិកាបម្រុង​ប្រមាណ​ពី​៨០០​ ទៅ​២,០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ទុក​ដោះស្រាយ​ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វិ​ឌ​-១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ទន្ទឹម​នឹង​នោះ​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​ភ័យ​ខ្លាច​ជ្រុល​ខ្លាំង​ពេក​រហូត​ដល់​បាត់បង់​ស្មារតី​ម្ចាស់​ការ​ខ្លួនឯង​ដោយសារ​ជឿ​ទៅ​លើ​ការ​បំពុល​ព័ត៌មាន​មិន​ពិត​ពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​។​ បងប្អូន​ត្រូវ​មាន​សេចក្តី​ក្លាហាន​ និង​មានការ​ពិចារណា​អោយ​បាន​ល្អិតល្អន់​ត្រឹមត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​រួម​ទាំង​បញ្ហា​ជំងឺឆ្លង​កូ​វី​ឌ​-១៩​ នេះ​ផង​ដែរ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ប្រសិនបើ​បងប្អូន​មាន​អាកា​រៈ​សុខភាព​ខុស​ពី​ប្រក្រតី​ដូច​ជា​អាកា​រៈ​ក្តៅខ្លួន​ខ្លាំង​ជា​ប្រចាំ​ ឬ​មាន​ក្អក​ខ្លាំង​ជា​ប្រចាំ​ សូម​ទៅ​ជួប​ពិភាក្សា​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ មិន​ត្រូវ​លាក់​ទុក​ទេ​។​ ក្នុង​កាលៈទេសៈ​នេះ​ ប្រជាពលរដ្ឋ​ត្រូវ​តែ​សហការ​អោយ​បាន​ល្អ​ជាមួយ​មន្ទីរពេទ្យ​ដែល​កំពុង​រង់ចាំ​បម្រើ​បងប្អូន​។​

​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​រួម​ទាំង​ជំងឺ​កូ​រី​ឌ​-១៩​ បងប្អូន​ត្រូវ​តែ​មាន​អនាម័យ​រស់នៅ​ល្អ​ទាំង​សម្រាប់​ខ្លួនឯង​ និង​សម្រាប់​ក្រុម​គ្រួសារ​។​ ទម្លាប់​ធ្វើ​អនាម័យ​ជា​ប្រចាំ​បែប​នេះ​ នឹង​ធ្វើ​អោយ​ប្រទេស​យើង​ក្លាយទៅជា​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​មាន​អនាម័យ​គ្រប់ៗ​គ្នា​មិន​ខាន​៕

ចំនួនអ្នកទស្សនា

    20517397

  • ថ្ងៃនេះ9911
  • ម្សិលមិញ15191
  • សប្តាហ៍នេះ53061
  • ខែនេះ74941
  • ឆ្នាំនេះ74941
  • សរុប20517397