សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ និង​លោក​ជំទាវ​ អញ្ជើញ​ជា​អធិបតី​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​ ៨​មីនា​ ខួប​លើក​ទី​១០៩​

11-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ៣​រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​លោក​ជំទាវ​ ញ៉ែ​ម​ សា​ខន​ ស​ខេ​ង​ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​ ៨​មីនា​ ខួប​លើក​ទី​១០៩​ ក្រោម​ប្រធានបទ​ «​មាន​សន្តិភាព​ មានការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​»​ ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម​ លោក​ជំទាវ​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​និង​ជា​ប្រធាន​ក្រុមការងារ​យេ​ន​ឌ័​រ​ក្រសួងមហាផ្ទៃ​ បាន​ប្រសាសន៍​ថា​ចំនួន​ស្ត្រី​ក្នុង​តួនាទី​ដឹកនាំ​ និង​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ ទាំង​មន្ត្រីរាជការ​ស៊ី​វិល​ មន្ត្រី​ពន្ធនាគារ​ និង​មន្ត្រី​នគរបាល​ជាតិ​ នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​ យ៉ាងណា​លោក​ជំទាវ​បាន​ស្នើ​ឱ្យ​មានការ​បង្កើន​ក្រប​ខណ្ឌ​មន្ត្រី​ជា​ស្ត្រី​ និង​ជំរុញ​ការ​គាំទ្រ​ក្រុមការងារ​យេ​ន​ឌ័​រ​បន្ថែម​ទៀត​ពី​ប្រធាន​អង្គភាព​ និង​ស្ថាប័ន​ពាក់ព័ន្ធ​។​ លោក​ជំទាវ​ក៏​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ជំរុញ​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​បន្ថែម​ទៀត​ដែរ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ជំទាវ​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ ក៏​បាន​អញ្ជើញ​ថ្លែង​ចំណាប់អារម្មណ៍​ដោយ​គូសបញ្ជាក់​អំពី​គោលនយោបាយ​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​សមត្ថភាព​យេ​ន​ឌ័​រ​ និង​ការ​បង្កើត​ភាព​អង់អាច​ និង​ឱកាស​ដល់​ស្ត្រី​ និង​ក្មេង​ស្ត្រី​ ក្នុង​វិស័យ​អប់រំ​ វិស័យសេដ្ឋកិច្ច​ ការ​ថែទាំ​សុខភាព​ វិស័យ​នយោបាយ​ និង​ការ​សម្រេចចិត្ត​។​ លោក​ជំទាវ​បាន​អំពាវនាវ​គ្រប់​ភាគី​ចូល​រួប​លំ​បាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​ក្មេង​ស្រី​ លើកកម្ពស់​សីលធម៌​សង្គម​ និង​លើកកម្ពស់​ការ​ចូលរួម​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច​គ្រប់​កម្រិត​ជាដើម​។​

​អញ្ជើញ​មាន​ប្រសាសន៍​នា​ឱកាស​នោះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​សម្ដែង​សេចក្ដី​លំឱនកាយ​ថ្វាយបង្គំ​ និង​ថ្លែង​អំណរ​ព្រះ​គុណ​ សម្ដេចព្រះ​មហាក្សត្រី​យ៍​ មុនីនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សន្តិភាព​ សេរីភាព​ និង​សេចក្ដី​ថ្លែ​ថ្នូរ​ ដែល​ព្រះ​អង្គ​តែង​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​រូប​ គ្រប់​ច្រកល្ហក​ ជា​ពិសេស​ពលរដ្ឋ​ជានា​រី​ ប្រកបដោយ​ព្រះ​ទ័យ​មនុស្សធម៌​ អាណិត​ស្រឡាញ់​ និង​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​តាម​រយៈ​កា​ក្រ​បាទ​ក្រហម​កម្ពុជា​ និង​ព្រះរាជ​អំណោយ​របស់​ព្រះ​អង្គ​ផ្ទាល់​។​

​សម្ដេច​ក្រឡាហោម​ ក៏​បាន​ថ្លែង​បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ​ បារមី​ព្រះ​មហា​ស្វេ​ត្រ​ឆ័​ត្រ​ និង​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​ ពិសេស​ព្រះ​បរម​រតន​កោដ្ឋ​ សូម​ប្រទាន​ព្រះរាជ​សព្វ​សាធុកា​ពរ​ជ័យ​សិរី​មង្គល​គ្រប់​ប្រការ​ថ្វាយ​ព្រះ​វររាជ​មាតា​ និង​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ និង​បាន​បួងសួង​ទេព្តា​ឆ្នាំ​ថ្មី​ បារមី​វត្ថុ​សក្ដិ​សិទ្ធ​ក្នុ​លោក​ប្រទាន​ពរ​ជ័យ​សិរី​មង្គល​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសា​ន៍​ថា​ប្រធានបទ​«​មាន​សន្តិភាព​មានការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​»​ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​តម្លៃ​នៃ​សន្តិភាព​ ដែល​កម្ពុជា​រកបាន​ដោយ​លំបាក​ ពោល​គឺ​បើ​គ្មាន​សន្តិភាព​ទេ​ នឹង​មិន​អាច​និយាយ​ដល់​សមភាព​យេ​ន​ឌ័​រ​ ឬ​ការ​អភិវឌ្ឍ​អ្វីៗ​ទាំងអស់​ ពោល​គឺ​អ្វីៗ​នឹង​ត្រូវ​បាន​បំផ្លាញ​ ដោយសារ​តែ​ភាព​គ្មាន​សន្តិសុខ​។​ ដូច្នេះ​ហើយ​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ក្រសួងមហាផ្ទៃ​ បាន​ប្រកាន់ខ្ជាប់​នូវ​តួនាទី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​ ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​ប្រកបដោយ​ភាព​សុខសាន្ត​ សន្តិភាព​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​។​

​សម្ដេច​ក្រឡាហោម​ ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្រុមការងារ​យេ​ន​ឌ័​រ​ក្រសួងមហាផ្ទៃ​ ដែល​បាន​រួម​សហការ​គ្នា​ខិតខំ​បំពេញភារកិច្ច​ទាំង​ការងារ​ដឹកនាំ​ និង​ការ​អនុវត្ត​ការងារ​ស្នូល​បាន​កាន់តែ​ល្អ​ប្រសើរ​ ដែល​នេះ​គឺជា​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​។​ ជាមួយ​គ្នា​នេះ​ សម្ដេច​ក៏​បាន​សម្ដែង​ការ​កោតសរសើរ​ និង​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ជា​បុរស​ ដែល​បាន​រួម​សហការ​គ្នា​យ៉ាង​ល្អ​ប្រសើរ​ គាំទ្រ​ និង​លើកទឹកចិត្ត​ស្ត្រី​ថា​ជា​ដៃគូ​ និង​ជា​មិត្ត​រួមការ​ងារ​ដ៏​មាន​សក្ដានុពល​ និង​នាំ​គ្នា​ធ្វើ​ការងារ​យ៉ាង​សកម្ម​ រហូត​ទទួល​បាន​ជោគជ័យ​លើ​កិច្ចការ​សំខាន់ៗ​ជា​ច្រើន​ពាក់ព័ន្ធ​នឹ​ត​ការ​លើកកម្ពស់​ស្ត្រី​។​

​ពាក់ព័ន្ធ​នឹង​កា​រលើ​កម្ពស់​សមភាព​យេ​ន​ឌ័​រ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​គូសបញ្ជាក់​ទៀត​ថា​ ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ សម្ដេច​តែងតែបាន​ដាស់តឿន​ក្រើនរំលឹក​ដល់​គ្រប់​អង្គភាព​ និង​ស្ថាប័ន​ចំណុះ​ ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ យកចិត្តទុកដាក់​ជួយ​ដល់​ក្រុមការងារ​យេ​ន​ឌ័​រ​ ដើម្បី​បែងចែក​តួនាទី​ការងារ​ ភារកិច្ច​ ការ​ទទួលខុសត្រូវ​ សិទ្ធិ​អំណាច​ ឱកាស​ ធនធាន​ និង​ផលប្រយោជន៍​ប្រកបដោយ​សមធម៌​រវាង​ស្ត្រី​ និង​បុរស​ ហើយ​ថា​ជា​បណ្ដើរៗ​ស្ត្រី​ក្នុង​វិស័យ​ទាំង​បី​នៃ​ក្រសួងមហាផ្ទៃ​ គឺ​កងកម្លាំង​នគរបាល​ជាតិ​ រដ្ឋបាល​ស៊ី​វិល​ និង​អង្គភាព​ពន្ធនាគារ​ ត្រូវ​បាន​បង្កើន​ទិន្នន័យ​ថ្មី​គ្រប់​កម្រិត​ ពិសេស​ស្ត្រី​អ្នក​បន្តវេន​ដឹកនាំ​។​

​សម្ដេច​បាន​ថ្លែង​ទទួលស្គាល់​ថា​ជា​ការ​ពិត​ ក្រសួងមហាផ្ទៃ​មិន​ទាន់​ធ្វើ​ឱ្យ​កំណើន​អត្រា​ភាគរយ​ស្ត្រី​ក្នុង​មុង​តំណែង​គ្រប់​ឋានានុក្រម​ឱ្យ​បាន​សម​ស្រប​នៅឡើយ​ ប៉ុន្តែ​ជា​បណ្ដើរៗ​ សម្ដេច​បាន​អះអាង​ថា​ក្រសួង​បាន​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ការ​បង្កើន​ចំនួន​ស្ត្រី​ឱ្យ​បាន​សម​ស្រប​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ផ្អែក​លើ​ភាព​ចាំបាច់​ គោលការណ៍​ និង​ច្បាប់​កំណត់​ រួម​ទាំង​ការ​ខិតខំ​បង្កើន​សមត្ថភាព​ ពង្រឹង​ការ​ទទួលខុសត្រូវ​ ដល់​មន្ត្រី​ទាំង​ស្ត្រី​ និង​បុរស​ ដែល​បង្ហាញ​ឡើង​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃ​ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ទៅ​តាម​លក្ខ​ខ័​ណ្ឌ​ត្រូវ​លើកទឹកចិត្ត​។​

​សម្ដេច​បាន​បញ្ជាក់​នូវ​ការ​ប្ដេជ្ញា​ចិត្តជា​ថ្មី​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​គោលដៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សមភាព​យេ​ន​ឌ័​រ​របស់​ក្រសួង​ រួម​មានការ​លុប​បំបាត់​ការ​រើសអើង​យេ​ន​ឌ័​រ​ក្នុង​ការងារ​វាយតម្លៃ​គុណភាព​ការងារ​មន្ត្រី​ស្ត្រី​ និង​បុរស​,​ ពិនិត្យ​លទ្ធភាព​ និង​លក្ខ​ខ័​ណ្ឌ​ជ្រើសរើស​តែងតាំង​មុខ​តំណែង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​បង្កើន​អត្រា​ចូលរួម​របស់​ស្ត្រី​,​ គ្រប់​អង្គភាព​ចំណុះ​ក្រសួង​ទាំង​ថ្នាក់​ជាតិ​ និង​ក្រោម​ជាតិ​ ត្រូវ​ពង្រឹង​របៀប​រប​ការងារ​ ក្រមសីលធម៌​មន្ត្រី​ នគរបាល​ និង​មន្ត្រី​ពន្ធនាគារ​ ដើម្បី​បំពេញភារកិច្ច​រួម​គ្នា​លើកតម្កើង​តម្លៃ​ស្ត្រី​,​ ជំរុញ​ និង​លើកទឹកចិត្ត​មន្ត្រី​ទាំង​ស្ត្រី​ និង​បុរស​ខិតខំ​បង្កើន​សមត្ថភាព​ និង​ខិតខំ​យកចិត្តទុកដាក់​ឆ្លើយ​តប​សេចក្ដី​ត្រូវការ​ បំណងប្រាថ្នា​របស់​ពលរដ្ឋ​គ្រប់​និន្នាការ​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​មាន​ប្រសាសន៍​ត្រួសៗ​អំពី​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ COVID19​ ដែល​កំពុង​គំរាមកំហែង​ដល់​សុខភាព​ប្រជាជាតិ​ និង​សេដ្ឋកិច្ច​លើ​ពិភពលោក​។​ សម្ដេច​ក៏​បាន​បង្ហាញ​ការ​កត់សំគាល់​អំពី​អត្រា​ឆ្លង​មេរោគ​នេះ​ខ្លាំង​នៅ​ប្រទេស​លោក​ខាងលិច​ ការ​ធ្លាក់​ចុះ​អត្រា​អ្នក​ឆ្លង​នៅ​ប្រទេស​ចិន​ ការ​ចេញផ្សាយ​ដោយ​ស្ថាប័ន​ព័ត៌មាន​ល្បីៗ​ដែល​ថា​មេរោគ​នេះ​មិនមែន​ផ្ទុះ​ចេញ​ពិ​ប្រទេស​ចិន​ ប៉ុន្តែ​ទំនងជា​ចេញពី​អា​មេ​រិ​ក​ និង​ស្ថានភាព​ជំងឺ​នេះ​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​រក​ឃើញ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ទៀត​មាន​ផ្ទុក​COVID19​។​

​មុន​នឹង​បញ្ចប់​ សម្ដេច​បាន​មាន​ប្រសាសន៍​ណែនាំ​ និង​អំពាវនាវ​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត​នៃ​ក្រសួងមហាផ្ទៃ​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ សូម​ចូលរួម​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​បង្កើន​លទ្ធភាព​ទប់ទល់​នឹង​ស្ថានភាព​ដ៏​លំបាក​នេះ​ ដោយ​ត្រូវ​អប់រំ​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ ក្រុម​គ្រួសារ​ បងប្អូន​ ញាតិ​មិត្ត​ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ពិសេស​ក្រសួងសុខាភិបាល​ និង​ត្រូវ​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​មិន​សម​ហេតុផល​ ឬ​មិនសូវ​ចាំបាច់​ ដើម្បី​ប្រមូល​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ត្រៀមលក្ខណៈ​ឆ្លើយ​តប​នឹង​ហា​នី​ភ័យ​ទាំងឡាយ​ដែល​មិន​អាច​ប៉ាន់ស្មាន​បានជា​មុន​ ព្រមទាំង​ចូលរួម​លំ​បំបាត់​ព័ត៌មាន​បំផ្លើស​ បំភ័យ​ បង្កចលាចល​ ពាក់ព័ន្ធ​នឹង​COVID19​ ៕

ចំនួនអ្នកទស្សនា

    20521227

  • ថ្ងៃនេះ13741
  • ម្សិលមិញ15191
  • សប្តាហ៍នេះ56891
  • ខែនេះ78771
  • ឆ្នាំនេះ78771
  • សរុប20521227