សៀមរាប៖ កាលពីថ្ងៃពុធ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៩ព្រឹក សមត្ថកិច្ចខេត្តសៀមរាប បានស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់លើមុខសញ្ញាដែលបង្ហោះព័ត៌មានមិនពិតករណីជំងឺកូរ៉ូណា និងជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពីលោកស្នងការនគរបាលខេត្ត និងសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កងកម្លាំងនគរបាល ផែនការងារសន្តិសុខ ដែលមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាជាអ្នកអនុវត្ត បាននាំខ្លួនម្ចាស់គណនេយ្យហ្វេសប៊ុក ឈ្មោះ ឡនលី គ្រួសាររីករាយ ដែលមានម្ចាស់ឈ្មោះ ភុត ថុនា ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតករណីជំងឺកូរ៉ូណា និងជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មកសាកសួរ។
តាមរយៈការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវបទល្មើសនេះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្ត ៕