សម្ដេចក្រឡាហោម ស ខេង យើងត្រូវរួមគ្នាពង្រឹការប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤

12-March-2020 | ដោយ ពលមនសិការ

ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ឆ្នាំ២០២០នេះ យើងត្រូវរួមគ្នាពង្រឹការប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤។

ទិសដៅជាយុទ្ធសាស្ត្រទី១) បន្ដប្ដូរផ្ដាច់ការពារដាច់ខាតនូវឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច លើកកម្ពស់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាននៅកម្ពុជា។ សម្ដេចបានបន្ថែមថាបញ្ហារីករាលដាលជំងឺCOVID-19 កំពុងធ្វើប៉ះពាល់សុខភាពមនុស្សជាតិផង និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផង។

ទិសដៅជាយុទ្ធសាស្ត្រទី២) បន្តជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សលើមូលដ្ឋាននៃការធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ការផ្សាភ្ជាប់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការពារអត្តសញ្ញាណជាតិ សេចក្ដីថ្លៃថ្នូរ ទំនៀមទំលាប់ល្អរបស់ជាតិ និងកសាងភាពសុខដុមរមនាក្នុងសង្គ។

ទិសដៅជាយុទ្ធសាស្ត្រទីទី៣) បន្តជំរុញកម្មវិធីកំណែទម្រង់នានាដែលបានកំណត់ក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រួមទាំងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ សំដៅបង្កើតឡើងនូវកាលានុវត្តន៍ភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍនិងការកាត់បន្ថយភាពក្រីក្រ។

ទិសដៅជាយុទ្ធសាស្ត្រទី៤) ត្រូវយកចិត្តទុកដាក់ផ្ដល់ផលប្រយោជន៍នានាពីការអភិវឌ្ឍ ផ្ដល់កិច្ចគាំពារសង្គមប្រកបដោយសមធម៌ និងខិតខំដោះស្រាយបញ្ហាប្រឈម សំណើរ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ សំដៅធានាលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ពលរដ្ឋលើកិច្ចការគ្រប់វិស័យក្នុងសង្គម។ ផ្អែកលើទិសដៅជាយុទ្ធសាស្ត្រទាំង៤នេះ សម្ដេចបានផ្ដល់នូវអនុសាសន៍មួយចំនួនជូន អង្គសន្និបាត ដើម្បីជាត្រីវិស័យសម្រាប់ការអនុវត្តទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្តព្រៃវែង។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅសាលាខេត្តព្រៃវែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ៕

 

 

ចំនួនអ្នកទស្សនា

    20516217

  • ថ្ងៃនេះ8731
  • ម្សិលមិញ15191
  • សប្តាហ៍នេះ51881
  • ខែនេះ73761
  • ឆ្នាំនេះ73761
  • សរុប20516217