ចាក់​ដី​លុប​យក​ដី​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ​អូ​ស្មាច់​ជិត​៤​ហិ​កតា​ធ្វើ​ជា​កម្មសិទ្ធិ​ និង​ជីក​យក​អាចម៍ដី​ដល់​ក្បាល​ប្រេត​ អាជ្ញាធរ​ឲ្យ​ផ្អាក​ តែ​ម្ចាស់​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៅ​តែ​ផ្គើន​

12-March-2020 | ដោយ ពលមនសិការ

​ស្វាយ​រៀង​៖​ មហាជន​បាន​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​ស្រុក​ខេត្ត​ និង​មន្ទីរ​ពាក់ព័ន្ធ​ មេត្តា​ចុះ​ពិនិត្យ​មើល​ការ​ជីករណ្តៅ​ដី​ជ្រៅ​ដល់​ក្បាល​ប្រេត​ យក​អាចម៍ដី​ទៅ​ចាក់​លុប​ដី​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ​ ត្រង់​ចំណុច​ស្ពាន​អូ​ស្មាច់​ ស្ថិត​នៅ​ភូមិ​តា​ស្អាង​ ឃុំ​កំពង់ចម្លង​ ស្រុក​ស្វាយ​ជ្រំ​ ធ្វើ​ជា​កម្មសិទ្ធិ​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវទឹក​និង​អាច​លិច​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​រដូវវស្សា​។មហាជន​អំពាវនាវ​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​ភូមិ​តា​ស្អាង​ ឃុំ​កំពង់ចម្លង​ ស្រុក​ស្វាយ​ជ្រំ​។​

​បើ​តាម​ឈ្មោះ​ សែន​ សា​រ៉ាត់​ ភេទ​ប្រុស​ អះអាង​ថា​ជា​មេការ​មើល​ការ​ខុស​ត្រូវ​កន្លែង​ចាក់​ដី​នោះ​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ចាក់​ដី​លុប​ចំណី​ព្រែក​ដៃទន្លេ​វ៉ៃ​គោ​ ត្រង់​ចំណុច​អូ​ស្មាច់​នេះ​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ នៅ​រាជធានី​ភ្នំពេញ​។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា​ ដី​ដែល​នៅ​តាម​មាត់​ព្រែក​ដៃទន្លេ​វ៉ៃ​គោ​នេះ​ លោក​ឧត្តមសេនីយ៍​ម្នាក់​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ស្អាង​ ហើយ​បាន​ប្រគល់​ប្រាក់​ឲ្យ​ប្រជាពលរដ្ឋ​អស់ហើយ​។​ ចំណែក​ការ​ជីករណ្តៅ​យក​អាចម៍ដី​គឺ​ជីក​នៅ​លើ​រណ្តៅ​ចាស់​ ហើយ​យក​អាចម៍ដី​ចាក់​លើ​ភ្លឺ​រណ្តៅ​ចាស់​ផង​ដើម្បី​អភិវឌ្ឍន៍​ធ្វើ​ជា​រមណីយដ្ឋាន​ផ្ទះទឹក​ឬ​ក្រ​ចុះ​លក់ដូរ​។​

​ហើយ​អាចម៍ដី​មួយ​ផ្នែក​ទៀត​ចាក់​លើ​ដី​ចាស់​ដែល​បាន​ចាក់​កាលពី​ឆ្នាំ​មុន​ដែល​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ និង​មន្ទីរ​ពាក់ព័ន្ធ​អនុញ្ញាត​រួច​ហើយ​។​ ចំពោះ​ប្រជាពលរដ្ឋ​ភូមិ​តា​ស្អាង​ព្រួយ​បារ​ម្ម​ណ៍​ខ្លាច​បិត​អូរ​ផ្លូវទឹក​លិច​លំនៅ​ឋាន​ពួក​គាត់​នៅ​រដូវវស្សា​នោះ​គឺ​លោក​បាន​ទុក​អូ​ស្មាច់​នេះ​ហើយ​និង​កាយ​ដី​ជា​ប្រឡាយ​ក្នុង​អូ​ឲ្យ​បាន​ជ្រៅ​មាន​ផ្លូវទឹក​ហូ​មិន​ឲ្យ​ស្ទះ​ផ្លូវទឹក​ទេ​។​

​ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​លោក​ ហែម​ សា​រិ​ទ្ធិ​ អភិបាលស្រុក​ស្វាយ​ជ្រំ​ លោក​បាន​មាន​ប្រសាសន៍​ថា​ បញ្ហា​នេះ​លោក​និង​សួរ​ទៅ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧត្តុនិយម​ខេត្តស្វាយរៀង​ថា​តើ​ប៉ះពាល់​ដី​ព្រែក​សាធារណៈ​ដែរ​ឬ​យ៉ាងណា​?​ ហើយ​លោក​និង​ចុះ​ទៅ​ពិនិត្យ​មើល​និង​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​។​

​រីឯ​លោក​ គឹ​ម​ សា​វុ​ធ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧត្តុនិយម​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ ការ​ចាក់​ដី​នៅ​ចំណុច​ជិត​ស្ពាន​អូ​ស្មាច់​ភូមិ​តា​ស្អាង​នេះ​គឺ​បាន​ចាក់​លើ​ចំណី​ព្រែក​និង​ក្នុង​ព្រែក​នៃ​ដៃទន្លេ​វ៉ៃ​គោ​ពិតប្រាកដ​មែនហើយ​លោក​បាន​រាយការណ៍​ជូន​ឯកឧត្តម​អភិបាលរង​ខេត្ត​ទទួល​បន្ទុក​ដើម្បី​ពិនិត្យ​ដោះស្រាយ​។​

​លោក​អភិបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ម្ចាស់​អ្នក​ចាក់​ដី​ផ្អាក​ការងារ​ចាក់​ដី​សិន​និង​បង្កើត​គណៈកម្មការ​ចុះ​ពិនិត្យ​និង​ធ្វើការ​វាស់វែង​ពី​ផល​ប៉ះពាល់​ក៏​ប៉ុន្តែ​ដំណើរការ​នៃ​ការងារ​ចុះ​វាស់វែង​មាន​លទ្ធផល​ឬ​ដល់​ណា​នោះ​ទេ​។​

​លោក​ គឹ​ម​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​សំណង់​និង​សុរិយោដី​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​បានដឹង​បញ្ហា​ចាក់​ដី​លប់​ព្រែក​អូ​ស្មាច់​នេះ​ទេ​ ហើយ​អ្នក​ចាក់​ដី​នោះ​មាន​បណ្ណ​ឬ​បាន​ចុះបញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​ហើយ​ក៏​លោក​មិន​អាច​ដឹង​បាន​ដែរ​សូម​ឲ្យ​សួរ​ទៅ​មន្ត្រី​សុរិយោដី​ស្រុក​ស្វាយ​ជ្រំ​ ដែល​ជា​អ្នក​ចុះ​វាស់វែង​ជាមួយ​គណៈកម្មការ​រដ្ឋបាល​តំបន់​វិនិច្ឆ័យ​ភូមិ​តា​ស្អាង​ទើប​ច្បាស់​។​

​បើ​តាម​មន្ត្រី​សាលាខេត្ត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ ឯកឧត្តម​អភិបាលខេត្ត​បាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ការ​ចាក់​ដី​និង​ជីករណ្តៅ​យក​អាចម៍ដី​ទៀត​ហើយ​បាន​ផ្អាក​មួយ​រយៈ​ដែរ​មិន​នឹក​ស្មានថា​ ពួក​គេ​ហ៊ាន​ផ្គើន​បែប​នេះ​ទេ​។​

​បើ​តាម​មន្ត្រី​ជំនាញ​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ការ​ចាក់​ដី​លុប​ព្រែក​និង​ចំណី​ព្រែក​ដៃទន្លេ​វ​ឋ៉ៃ​គោ​នេះ​គឺ​មាន​ទំហំ​ប្រមាណ​៤​ហិ​កតា​ ចាប់ពី​គល់​ស្ពាន​អូរ​ស្មាច់​ ទៅ​ដល់​ផ្ទះ​អ្នក​ភូមិ​តា​ស្អាង​គឺ​មាន​ប្រវែង​ជាង​៧០០​ម៉ែត្រ​មាន​ទទឹង​ជិត​២០០​ម៉ែត្រ​មាន​រណ្តៅ​ដី​ចំនួន​៤​រណ្តៅ​ជីក​ដល់​ក្បាល​ប្រែ​ត្រ​សូម​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​ចុះ​ទៅ​មើល​ផង​ទាន​។​ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍​បាន​ទេ​នៅ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០​នេះ​៕

ចំនួនអ្នកទស្សនា

    20516707

  • ថ្ងៃនេះ9221
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52371
  • ខែនេះ74251
  • ឆ្នាំនេះ74251
  • សរុប20516707