ស្វាយរៀង៖ ប្រជាពលរដ្ឋរិះគន់ និងចោទប្រកាន់កូនលោកសមាជិកក្រុមប្រឹក្សាឃុំគ្រួស ឈ្មោះសុខ រិទ្ធ បានចាក់ដីលុបលូកាត់ថ្នល់ធ្វើឲ្យស្ទះទឹកនិងអាចលិចលំនៅឋានរបស់ប្រជាពលរដ្ឋ ក្នុងរដូវវស្សា និងចាក់ដីរំលោភយកដីប្រឡាយ សាធារណៈយកធ្វើជាកម្មសិទ្ធិ។ ហើយមានឈ្មោះ ព្រំ សាគុន ក៏បានចាក់ដីបិតលូផ្លូវទឹក និងចាក់ដីលប់ប្រឡាយសាធារណៈ យកធ្វើជាកម្មសិទ្ធិដែរមិនឃើញអាជ្ញាធរណាអើពើទេ។
ករណីចាក់ដីលុបលូបិតផ្លូវទឹក និងចាក់ដីលុបប្រឡាយសាធារណៈយកធ្វើជាកម្មសិទ្ធិនេះលោក អ៊ិច ប៊ុនធឿន មេឃុំគ្រួស បានឲ្យដឹងថា ពិតជាមានករណីនេះមែន គឺម្នាក់ឈ្មោះ សុខ រិទ្ធ ជាកូនប្រុសសមាជិកក្រុមប្រឹក្សាឃុំគ្រួស មានទីលំនៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ និងម្នាក់ទៀតឈ្មោះ ព្រំ សាគុន មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ទាក់ទិនករណីនេះផងដែរលោកសមាជិកក្រុមប្រឹក្សាឃុំគ្រួសដែលត្រូវជាឪពុកឈ្មោះ សុខ រិទ្ធ បានឲ្យដឹងថាកូនប្រុសរបស់គាត់ពិតជាបានចាក់ដីលប់មុខលូទឹកមែនក៏ប៉ុន្តែដោយខែនេះរដូវប្រាំងទើបចាក់លប់សិននិងលើកផ្ទះរួចហើយដល់រដូវវស្សាមានភ្លៀងធ្លាក់លោកនិងដោះស្រាយឲ្យកូនកាយដាក់លូតាមបណ្តោយថ្នល់និងបើកផ្លូវលូកាត់ថ្នល់វិញលោកមិនឲ្យស្ទះលិចលំនៅប្រជាពលរដ្ឋទេ។ ហើយការចាក់ដីលុបប្រឡាយបណ្តោយថ្នល់នោះគឺដាក់លូវិញហើយលោកដឹងថា ដីចំណីផ្លូវពីអាក់១៥ម៉ែត្រមិនឲ្យប៉ះពាល់ទេ។
ទាក់ទិនករណីនេះដែរលោក ហែម សារិទ្ធិ អភិបាលស្រុកស្វាយជ្រំបានមានប្រសាសន៍ថា លោកមិនបានដឹងទេចាំលោកឲ្យក្រុមប្រឹក្សាឃុំចុះទៅពិនិត្យនិងដោះស្រាយជូន៕