សារាចរ​ណែនាំ​ស្ដី​ពី​វិធានការ​បង្ការ​ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩

16-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃនេះ​ជំងឺ​កូ​វី​ដ​១៩​ កំពុង​រាតត្បាត​ជាស​កល​ពិសេស​កំពុង​មាន​ភាព​ធ្ងន់ធ្ងរ​នៅ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​អ៊ី​រ៉​ង់​ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​។​ 

​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នេះ​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​ដូច​ខាងក្រោម​៖

១-​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមកុំ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​អ៊ី​រ៉​ង់​ ប្រសិនបើ​មិន​មានការ​ចាំបាច់​បំផុត​ដែល​ខាន​ពុំ​បាន​។​

២-​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់​ធ្វើ​ដំណើរ​ចូលរួម​កិច្ចប្រជុំ​គ្រប់​ប្រភេទ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​អ៊ី​រ៉​ង់​ឡើយ​។​

៣-​ក្នុង​ករណី​ចាំបាច់​ខានមិនបាន​ដែល​តម្រូវ​ឲ្យ​មាន​តំណាង​របស់​កម្ពុជា​ចូលរួម​ប្រជុំ​នៅ​បណ្ដា​ប្រទេស​ដូច​បញ្ជាក់​ខាងលើ​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដើម្បី​ចាត់​តំណាង​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ម្ចាស់ផ្ទះ​នៃ​ការ​ប្រជុំ​ឲ្យ​ចូលរួម​ជំនួស​។​

៤-​ចំពោះ​មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងឡាយ​ណា​ដែល​ទើប​វិល​ត្រឡប់​មក​ពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​អ៊ី​រ៉​ង់​ ត្រូវ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​ក្នុង​រយៈពេល​១៤​ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ ស្រប​តាម​នីតិវិធី​កំណត់​ដោយ​ក្រសួងសុខាភិបាល​។​

​ទទួល​បាន​សារាចរ​ណែនាំ​នេះ​ គ្រប់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ និង​សាធារណជន​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​។​

ចំនួនអ្នកទស្សនា

    20516017

  • ថ្ងៃនេះ8531
  • ម្សិលមិញ15191
  • សប្តាហ៍នេះ51681
  • ខែនេះ73561
  • ឆ្នាំនេះ73561
  • សរុប20516017