ប្រសាសន៍​ណែនាំ​បន្ថែម​របស់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​ពេល​អញ្ជើញ​បើក​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​

16-March-2020 | ដោយ ពលមនសិការ

បាត់ដំបង​៖​ នៅ​ក្នុង​ពេល​អញ្ជើញ​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​ នៅ​ខេត្តបាត់ដំបង​នា​យប់​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២០​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​កសាង​ផ្លូវ​យុទ្ធសាស្ត្រ​១​ខ្សែ​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង​ទៅ​ខេត្តសៀមរាប​ ដែល​កាត់​តាម​ខេត្តបន្ទាយមានជ័យ​ ហើយ​ដែល​ផ្លូវ​នេះ​ក៏​អា​ចត​ភ្ជាប់​ទៅ​កាន់​ខេត្ត​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែរ​ដូច​ជា​ ខេត្ត​ប៉ៃលិន​ និង​ ពោធិ៍សាត់​ ជាដើម​។​ ផ្លូវ​ថ្មី​នេះ​គឺ​ចំណេញ​ដល់​ការ​ធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង​ទៅ​កាន់​ខេត្តសៀមរាប​បាន​រហូត​ដល់​ ៦៩​គីឡូម៉ែត្រ​ ។​ រាជរដ្ឋាភិបាល​នឹង​រក​ឥណទាន​សម្រាប់​កសាង​ផ្លូវ​នេះ​នៅ​ក្នុង​គម្រោង​ ឆ្នាំ​ ២០២១​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ណែនាំ​អោយ​សាលាខេត្ត​ និង​ក្រសួង​មន្ទីរ​ពា់ក់ព័ន្ធ​នានា​ខិតខំ​សិក្សា​ និង​រក្សា​អោយ​បាន​នូវ​ព្រ​លាន​យន្តហោះ​បែក​ចាន​។​ ទោះបី​នៅ​ពេល​នេះ​មិន​ទាន់​ត្រូវការ​ប្រើប្រាស់​ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​គឺ​ពិតជា​ត្រូវការ​មិន​ខាន​។​ សម្តេច​តេ​ជោ​ បាន​ស្នើ​អភិបាលខេត្ត​ និង​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជូនដំណឹង​ដល់​ពលរដ្ឋ​កុំអោយ​សាង​សំណង់​ខ្ពស់ៗ​នៅ​ទី​តំបន់​ព្រ​លាន​ចាស់​នោះ​ ព្រោះ​អាច​ប៉ះពាល់​ដល់​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​នា​ពេល​អនាគត​ខាង​មុខ​ ។​ ពិត​ណាស់​ ពេល​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អ​ប្រសើរ​ គឺ​នៅ​ពេល​នោះ​តម្រូវការ​កសាង​ព្រ​លាន​យន្តហោះ​គឺ​ត្រូវ​តែ​មាន​ ដើម្បី​ពលរដ្ឋ​មាន​ជម្រើស​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ឡាន​ ឬ​តាម​រថភ្លើង​ ឬ​តាម​យន្តហោះ​ ឬ​ឧទ្ធម្ភាគចក្រ​ ជាដើម​។​ល​។​

​ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ឌ​ ១៩​ ។​ សម្តេច​តេ​ជោ​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​ត្រូវ​មាន​អនាម័យ​ហើយ​ត្រូវ​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​ដែល​បំពុលសង្គម​ជាតិ​។​ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ភ័យ​ខ្លាច​ជ្រុល​ខ្លាំង​ពេក​។​ មក​ទល់​ថ្ងៃនេះ​ គឺ​មាន​ ១៤៦​ប្រទេស​និង​ដែនដី​ រួម​ទាំង​នាវា​ ១​ដែល​ដែល​កំពុង​មាន​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​ ១៩​ ។​ រាជរដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​ពិភពលោក​ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។​ មក​ទល់​ពេល​នេះ​ កម្ពុជា​មាន​ពលរដ្ឋ​ខ្មែរ​ ១​នាក់​ ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ឌ​១៩​ និង​មាន​ជនជាតិ​អង់គ្លេស​៣​ នាក់​ ចិន​១​នាក់​ (​ប៉ុន្តែ​បាន​ព្យាបាល​ជា​ ហើយ​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ហើយ​)​ និង​ ជនជាតិ​កា​ណា​ដា​២​នាក់​ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ឌ​១៩​។​ ក្រសួងសុខាភិបាល​កម្ពុជា​កំពុងធ្វើការ​ជិត​ស្និ​ទ​ជាមួយ​ដៃគូ​ទាំងអស់​ ជា​ពិសេស​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ ក្នុង​ការ​ព្យាបាល​ និង​ទប់ស្កាត់​ជំងឺ​នេះ​ ។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ច្បាស់​ថា​ កម្ពុជា​គ្មាន​ហេតុផល​ណា​ដែល​ត្រូវ​លាក់​ទុក​ទិន្នន័យ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ឌ​១៩​ នោះ​ទេ​។​

​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​អបអរសាទរ​ជាមួយ​មិត្ត​ចិន​ ដែល​បាន​ខិតខំ​ជំនះ​បាន​នូវ​គ្រោះ​មហន្តរាយ​ ដោយ​បាន​រំដោះខ្លួន​ចេញពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​ ដែល​បាន​ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​មេរោគ​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្តបន្ទាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​ដែល​មក​ទល់​ថ្ងៃនេះ​គឺ​ពុំ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ នេះ​ទេ​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ មិត្ត​ចិន​កំពុង​ជួយ​ទៅ​លើ​ប្រទេស​ដទៃ​ទៀត​ដែល​កំពុង​រាតត្បាត​ដោយ​ជំងឺឆ្លង​កូ​វី​ឌ​ ១៩​ នេះ​ គឺ​មាន​ដូច​ជា​ប្រទេស​អ៊ី​តា​លី​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ ។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​ជា​សាធារណៈ​អោយ​ដឹងផង​ដែរ​ថា​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​បិទ​គ្រឹះស្ថាន​អប់រំ​ចំណេះដឹង​ទូទៅ​រដ្ឋ​ និង​ឯកជន​នៅ​ក្នុង​ទីរួមខេត្ត​សៀមរាប​ និង​ ក្នុង​រាជធានី​ភ្នំពេញ​។​ នេះ​គឺជា​ការ​ផ្អាក​បណ្តោះអាសន្ន​ដែល​ហៅ​ថា​ វិស្សមកាល​តូច​ ដែល​ក្រសួង​នឹង​ជូនដំណឹង​អំពី​ថ្ងៃ​ចូល​សិក្សា​វិញ​នៅ​ពេល​ក្រោយ​។​ នៅ​ពេល​នេះ​ សុខភាព​គឺ​សំខាន់​បំផុត​សម្រាប់​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​។​

​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ឌ​-១៩​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ សូម​អំពាវនាវ​ជា​បន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ត្រូវ​តែ​មាន​អនាម័យ​រស់នៅ​ល្អ​ ទាំង​សម្រាប់​ខ្លួនឯង​ និង​សម្រាប់​ក្រុម​គ្រួសារ​ ហើយ​ត្រូវ​ចូលរួម​ទប់ស្កាត់​ជម្ងឺឆ្លង​នេះ​ទាំងអស់​គ្នា​។​ សម្តេច​តេ​ជោ​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ បើ​មានការ​សង្ស័យ​ណាមួយ​ សូម​ទំនាក់​ទំនងជា​បន្ទាន់​មក​កាន់​មន្ទីរពេទ្យ​ជំនាញ​ដើម្បី​ទទួល​បានការ​ពិនិត្យ​ និង​ព្យាបាល​៕​

 

ចំនួនអ្នកទស្សនា

    20520197

  • ថ្ងៃនេះ12711
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55861
  • ខែនេះ77741
  • ឆ្នាំនេះ77741
  • សរុប20520197