កណ្ដាល៖ បុរស២នាក់ ទទួលរងរបួសធ្ងន់ ខណៈបើកម៉ូតូឌុបគ្នាដោយល្បឿនលឿន ឈប់មិនទាន់បានបុកគូថរថយន្តដែលបើកនៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថាជនរងគ្រោះរបួសធ្ងន់មាន២នាក់ទី១-ឈ្មោះ អូ ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករឡឥដ្ឋ ស្នាក់នៅក្នុងឡឥដ្ឋ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FU-2096 និងទី២-ឈ្មោះ ស្រី កក្ដដា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិស្វាយអាត់លើ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ជាអ្នករួមដំណើរ។ ចំណែករថយន្តម៉ាវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2F-5741 អ្នកបើកបររត់គេចបាត់ខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ខាងលើ បើកម៉ូតូបើកម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ឈប់មិនទាន់បានបុកគូថរថយន្តម៉ាកវីហ្គោពេញមួយទំហឹង ដែលបើកនៅខាងមុខស្របទិសគ្នា បណ្ដាលឲ្យជនរងគ្រោះ២នាក់ខាងលើទទួលរងរបួសធ្ងន់។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុក ពិនិត្យ និងវាស់វែងរួចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕