ភ្នំពេញ៖ មន្ត្រីគរបាលផែនការងារចរាចរណ៍និងផែនការងារសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងអនុវត្តការងាររក្សាសន្តិសុខសណ្តាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញបានទទួលការឧបត្ថម្ភម៉ាស់ចំនួន៣ពាន់ម៉ាស់ និងទឹកអាកុល៩០លីត្រ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញសម្រាប់ប្រើប្រាស់សម្អាតអនាម័យនៅពេលចុះបំពេញភារកិច្ចក្នុងការចូលរួមអនុវត្តវិធានការបង្ការជម្ងឺឆ្លងវីរុសកូវីដ១៩ ។ គ្រាដែលជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ បាននិងកំពុងរីករាលដាលជាសកលនិងឆ្លងរាលដាលមកលើជនបរទេសនិងជនជាតិខ្មែរជាបន្តបន្ទាប់នៅកម្ពុជា។
ការចែកម៉ាស់និងទឹកអាកុលជូនដល់មន្ត្រីនគរបាលធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តម សេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែនការងារភស្ថុភារ និងហិរញ្ញវត្ថុតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកឧត្តម សេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែនការងារភស្ថុភារ និងហិរញ្ញវត្ថុ បានប្រាប់ឱ្យដឹងថានេះជាការយកចិត្តទុកដាក់និងគិតគូរខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរាលរាជធានីភ្នំពេញទៅលើបញ្ហាសុខភាពមន្ត្រីនគរបាលក្រោមឱវាទកំពុងអនុវត្តការងាររក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅពេលដែលមានបញ្ហាជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩កំពុងកើតឡើងនៅតាមបណ្តាខេត្តមួយចំនួននិងរាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត ក៏បានណែនាំឱ្យមន្ត្រីនគរបាលក្រោមឱវាទត្រូវចូលរួមការពារបង្ការទប់ស្កាត់ជំងឺឆ្លងផ្លូវដង្ហើមមួយនេះឱ្យបានគត់មុត និងមិនត្រូវធ្វេសប្រហែសនោះឡើយ។ ពោលគឺអនុវត្តអនាម័យជាប្រចាំ ដោយពាក់ម៉ាសនិងលាងដៃជាមួយទឹកអាកុលអនុវត្តទៅតាមការណែនាំឱ្យបានត្រឹមត្រូវរបស់ក្រសួងសុខាភិបាលកម្ពុជា នៅពេលចុះបំពេញភារកិច្ចការងារនៅគ្រប់គោលដៅនិងទីកន្លែងនៅក្នុងរាជធានីភ្នំពេញ៕