សៀមរាប៖ ចាប់ពីរសៀលថ្ងៃទី១៧ រហូតមកទល់ម៉ោង១៣នឹង១៥នាទីរសៀល នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ទូទាំងខេត្តសៀមរាប បានចុះបិទទីតាំង KTV រោងភាពយន្ត ក្លឹបកម្សាន្ត និងសារមន្ទីរ ចំនួន៨១កន្លែង។
លោកវរសេនីយ៍ឯក សឿន សេន ស្នងការរងទទួលផែនសេនាធិការបានអោយដឹងថាគោរពតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាទៅកងកម្លាំងគ្រប់ក្រុង/ស្រុក ក្នុងខេត្តសៀមរាបចុះបិទកន្លែងកំសាន្តKTV រោងភាពយន្ត ក្លឹបកម្សាន្ត សារមន្ទីរ ជាបណ្តោះអាសន្ន តាមលិខិតប្រកាសរបស់ក្រសួងសុខាភិបាល លេខ០៤១-០៤៣សខល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ សុខាភិបាល លេខ០៤១-០៤៣ សខល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ក្នុងប្រតិបត្តិការ រយៈពេលពីរថ្ងៃនេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាបសម្រេចបានលទ្ធផលជារួមចំនួន៨១កន្លែង គឺ
-KTV ចំនួន៦៥កន្លែង
-ក្លឹបកំសាន្ត ចំនួន០៧កន្លែង
-សារមន្ទីរ ចំនួន០៦កន្លែង
-រោងភាពយន្ត ចំនួន០៣កន្លែង។
លោកវរសេនីយ៍ឯក ក៏បានបន្តទៀតថា កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ក៏កំពុងតែបន្តចុះប្រតិបត្តិការបិទកន្លែង កម្សាន្តទាំងនេះអោយសម្រេចបាន មួយរយភាគរយក្នុងរយៈពេលដ៏ខ្លីនេះ ៕