ភ្នំពេញ៖ នៅវេលាម៉ោង00៖៤៥នាទីយប់ ឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ លួច (ឆក់ទូរស័ព្ទដៃមិនបានសម្រេច) ពីជនជាតិចិនកំពុងដើរថ្មើរជើង។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សោម វណ្ណៈ ហៅឃ្លាំង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងជុសជុលរថយន្ត ទីកន្លែងស្នាក់នៅផ្ទះ២៩៩ ផ្លូវ១០ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅឃ្លាំងរថយន្តដឹកដី ផ្លូវ៣១០ ភូមិពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជាអ្នកឆក់) ទី២-ឈ្មោះ ដន វណ្ណា ហៅ វាន់ដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបោចមាន់ ស្នាក់នៅបន្ទប់ជួល ផ្លូវលំភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ)។
សមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ក្រោយពីជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពុំបានសម្រេចរួចមក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញធ្វើស្ទាក់ចាប់បានភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕