ប៉ៃលិន៖ កាលពីវេលាម៉ោង៩នឹង២០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ឲ្យលោកអនុសេនីយ៍ឯក ជា សុត្រា នាយប៉ុស្តិ៍អូរតាវ៉ៅ បានដឹកនាំកម្លាំងប៉ុស្ដិ៍ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដោយមានការសម្របសម្រួសពីលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដប៉ៃលិន បានចុះឆែកឆេរផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ដែលពាក់ព័ន្ធក្នុងករណីលួចទូរស័ព្ទដៃ និងលុយមួយចំនួន នៅចំណុចកន្លែងតាំងពិព័រណ៍ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
ក្នុងកិច្ចសហប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ដកហូតវត្ថុតាងដែលរកឃើញរួមមាន ទូរស័ព្ទដៃចំនួន ០២ គ្រឿង (ម៉ាក វីវូ ពណ៌ក្រហម ០១ គ្រឿង និងម៉ាក IPHONE XS MAX ពណ៌មាស ០១ គ្រឿង) ម្សៅក្រាមពណ៍សថ្លា សង្ស័យម៉ាទឹកកក ចំនួន ០៣ កញ្ចាប់តូច និងសម្ភារៈសម្រាប់ជក់មួយចំនួន។
ជនសង្ស័យទាំង០៤នាក់ទី១.ឈ្មោះ ម៉ៅ សំរស់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន (ត្រូវជាម្ចាស់ផ្ទះ), ទី២.ឈ្មោះ យ៉ែម សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ, ទី៣.ឈ្មោះ ពុធ វណ្ណារុំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ, ទី៤.ឈ្មោះ ឆន រដ្ឋា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។
ករណីខាងលើកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានយកជនសង្ស័យនិងវត្ថុតាង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕