កណ្ដាល៖ កម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល សហការជាមួយនគរបាលប៉ុស្ដិ៍ស៊ីធរ និងប៉ុស្ដិ៍នគរបាលសន្លុង ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងយ៉ាងសកម្មម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុ។ ករណីនេះ ធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ដ្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ អុល អៀងឆេង ហៅអៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
វត្ថុតាងចាប់យកមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៩កញ្ចប់មធ្យម ,ម៉ូតូ១គ្រឿង ,ទូរស័ព្ទ១គ្រឿង និងថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចភូមិឃុំកើតហេតុ ភ្លាមនោះកម្លាំងជំនាញស្រុក ក៏សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស៊ីធរ និងកម្លាំងនគរបាលប៉ុស្ដិ៍សន្លុង ចុះដល់ចំណុចកើតហេតុ រួចធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីជនម្នាក់មិនស្គាល់អត្តសញ្ញាណ ដោយទិញម្ដងក្នុងតម្លៃ៨០ម៉ឺនរៀល យកមករំលែកដាក់កញ្ចប់ ដើម្បីទុកលក់បន្ត ៕