សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​វិធានការ​ ការ​បង្ការ​ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩

20-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១២​រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​វិធានការ​បន្ទាន់​សម្រាប់​ការ​បង្ការ​ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​ ប្រព្រឹត្ត​ទៅ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ជំងឺ​កូ​វី​ដ​១៩​ មក​ដល់​ពេល​នេះ​បាន​រីក​រាលដាល​ពេញ​ពិភពលោក​ ហើយ​សម្រាប់​កម្ពុជា​យើង​ ក៏​មានការ​កើនឡើង​នូវ​អ្នក​ដែល​មាន​ផ្ទុក​ជំងឺ​នេះ​ដែរ​។​ សម្ដេច​បន្ត​ថា​ក្រសួងមហាផ្ទៃ​ បាន​បន្ត​អនុវត្ត​តាម​គោលការណ៍​រាជរដ្ឋាភិបាល​ និង​ក្រសួង​ជំនាញ​គឺ​ក្រសួងសុខាភិបាល​ ដោយ​បាន​យកចិត្តទុកដាក់​ទប់ស្កាត់​ការពារ​ជំងឺ​នេះ​តាំងពី​ដើម​ទី​មក​ តាម​រយៈ​ការ​ណែនាំ​ឱ្យ​មន្ត្រី​ទាំងអស់​ក្នុង​ក្រសួង​ត្រូវ​មាន​អនាម័យ​ មានការ​វាស់​កំ​ដៅ​ ពោល​គឺ​បើ​មានកំ​ដៅ​មិនធម្មតា​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​កិច្ចប្រជុំ​នានា​នោះ​ឡើយ​។​

​សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​ថា​នៅ​ក្នុង​ផ្ទៃក្នុង​ក្រសួង​ ក៏​បាន​ណែនាំ​ជា​លាយលក្ខណ៍អក្សរ​ ប្រុង​ប្រយ័ត្ន​ការពារ​ អនាម័យ​តាម​ការិយាល័យ​ធ្វើការ​ដែរ​ ហើយ​សម្រាប់​អង្គភាព​ដោយឡែកៗ​ ដូច​ជា​អង្គភាព​ខាង​ពន្ធនាគារ​ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ដល់​អ្នក​ជាប់​ឃុំ​ក៏​ក្រសួង​បាន​គិតគូរ​ដែរ​។​ សម្ដេច​បាន​បន្ថែម​ថា​នឹង​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​ ហើយ​អ្នក​ដែល​ទើប​ឃាត់ខ្លួន​ថ្មីៗ​ក៏​ត្រូវ​បាន​គិត​សម្រាប់​ការ​រៀបចំ​ទុកដាក់​ពួក​គាត់​ ដើម្បី​កុំឱ្យ​ឆ្លង​ដល់​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​ដែរ​។​

​ទន្ទឹម​នឹង​នេះ​ សម្ដេច​ក្រឡ​ហោម​ ស​ ខេ​ង​ ក៏​បាន​មាន​ប្រសាសន៍​ថា​កង​អន្តរាគមន៍​ដែល​ជា​កន្លែង​ប្រមូលផ្ដុំ​កងកម្លាំង​ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​អនុវត្ត​វិធានការ​ការពារ​នេះ​។​ បន្ថែម​ពី​នេះ​ក្រសួង​ក៏​បាន​ណែនាំ​ឱ្យ​បិទ​សាលា​ចំណុះ​ទាំងអស់​ ទាំង​សាលា​បណ្ដុះបណ្ដាល​នគរបាល​តាម​ភូមិភាគ​ទាំង​៦​ និង​បណ្ឌិត្យសភា​នគរបាល​។​ សម្ដេច​បាន​បន្ត​ថា​ក្រសួងមហាផ្ទៃ​ក៏​បាន​បង្កើត​គណៈកម្មការ​ដោយឡែក​សម្រាប់​ក្រសួង​ និង​មាន​ក្រុមការងារ​តាម​អគ្គ​នានា​ ព្រមទាំង​ផ្សព្វផ្សាយ​ដល់​មន្ត្រី​បុគ្គលិក​ទាំងអស់​ក្នុង​ក្រសួងមហាផ្ទៃ​។​

​ដោយឡែក​សាលា​ផ្នែក​ស៊ី​វិល​បណ្ដុះបណ្ដាល​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន​ក៏​ត្រូវ​បាន​សម្រេច​ឱ្យ​ផ្អាក​ដូច​គ្នា​។​ ចំណែក​ការ​គាំទ្រ​រដ្ឋបាល​មូលដ្ឋាន​ សម្ដេច​ក៏​បាន​ចេញ​គោលការណ៍​ណែនាំ​ឱ្យ​មានការ​រៀបចំ​ផ្ទាំង​ផ្សព្វផ្សាយ​នានា​ ដើម្បី​ចែក​យក​ទៅ​បិទ​នៅ​តាម​សាលាឃុំ​សង្កាត់​ និង​ទីប្រជុំជន​នៅ​មូលដ្ឋាន​។​ ជាមួយ​គ្នា​នេះ​ សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​ច្រក​ផ្លូវអាកាស​ ផ្លូវគោក​ និង​ផ្លូវទឹក​ ។​ សម្ដេច​បាន​មាន​ប្រសាសន៍​ជំងឺ​នេះ​ភាគច្រើន​ចូល​កម្ពុជា​តាម​ច្រក​អាកាស​ និង​ច្រក​ទឹក​ ដូច​ជាតា​មកា​ប៉ា​ល់​ពី​វៀតណាម​។​

​សម្ដេច​ក្រឡាហោម​បាន​មាន​ប្រសាសន៍​ថា​កន្លង​មក​អាច​មានការ​ចោទសួរ​ថា​ម្ដេច​បានជា​នគរបាល​អន្តោប្រវេសន៍​ឱ្យ​ជន​ទាំងនោះ​ចូល​តាម​ច្រក​ទឹក​ ឬ​អាកាស​ស្រួល​ម្លេះ​?​ សម្ដេច​ផ្ដល់​ការ​ពន្យល់​ជូន​សាធារណៈ​មតិ​ថា​ជា​ការ​ពិត​ ព្រោះ​កន្លង​មក​មន្ត្រី​អន្តោប្រវេសន៍​មិន​បាន​ទទួល​ការ​ណែនាំ​ណាមួយ​ពី​ខាង​ក្រសួងសុខាភិបាល​ ដូច​ជា​គោល​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ​នោះ​ទេ​។​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​អ្នក​ដែល​បាន​រក​ឃើញ​ថា​មាន​ឆ្លង​ជំងឺ​ពី​ម៉ា​ឡេ​ស៊ី​ គឺ​បាន​ឆ្លង​ចូល​ប្រទេស​កម្ពុជា​តាំងពី​ដើមខែ​មីនា​។​

​ពាក់ព័ន្ធ​នឹង​ច្រក​ផ្លូវគោក​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង​ សម្ដេច​បាន​មាន​ប្រសាសន៍​ពី​ការ​ដាក់​វិធានការ​ពី​ភាគី​វៀតណាម​ ហើយ​ភាគី​កម្ពុជា​ក៏​បាន​ដាក់​ចេញ​វិធានការ​នេះ​ដូច​គ្នា​ ។​ យ៉ាងណា​ក៏​ដោយ​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ការ​ផ្លាស់​ប្ដូរ​ទំនិញ​នៅ​រក្សា​ភាព​ប្រក្រតី​ ដោយ​មាន​បញ្ហា​តែ​នៅ​ច្រក​ត្រពាំង​ផ្លុ​ង​ ប៉ុន្តែ​ក៏​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ​ដែរ​។​ ដោយឡែក​ជាមួយ​ខាង​ឡាវ​មិន​មាន​បញ្ហា​អ្វី​ទេ​ ប៉ុន្តែ​ខាង​ថៃ​សម្ដេច​បាន​ទទួល​ព័ត៌មាន​ក្រៅផ្លូវការ​ថា​ថៃ​អាច​នឹង​បិទ​ច្រក​ទ្វារ​អូ​ស្មាច់​ ដោយ​ក្រសួង​នៅ​បន្ត​តាមដាន​។​

​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​មិន​ទាន់​មាន​គោល​ការ​ថ្មី​ក្នុង​ការ​ហាម​ជនបរទេស​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​ ក្រៅ​តែ​ពី​អ្វី​ដែល​បាន​ប្រកាស​កន្លង​មក​នោះ​ទេ​។​ ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​រើសអើង​ប្រកាន់​ដល់​បងប្អូន​ខ្មែរឥស្លាម​ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​១៩​បន្ទាប់​ពី​ទៅ​ធ្វើ​ពិធី​សាសនា​នៅ​ម៉ា​ឡេ​ស៊ី​នោះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ថា​ច្បាប់​ និង​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ដាច់ខាត​ប្រកាន់​រើសអើង​នេះ​ កុំ​ថា​ឡើយ​បងប្អូន​ខ្មែរឥស្លាម​យើង​ សូ​ម្បី​តែ​ជនបរទេស​ផ្សេង​ទៀត​ដែល​មាន​បញ្ហា​ គឺ​យើង​មើលថែ​ទាំ​ទាំងអស់​ ។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ សម្ដេច​ក្រឡាហោម​ បាន​មាន​ប្រសាសន៍​ថា​ការ​រិះគន់​ ឬ​ទិតៀន​ដោយ​ផ្អែក​លើ​ព័ត៌មាន​ពិត​ គឺ​មិន​មាន​អ្វី​ជា​ការ​ខុសឆ្គង​ទេ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដូច​កម្ពុជា​ ប៉ុន្តែ​ការ​សរសេរ​បង្ហោះ​ព័ត៌មាន​ដែល​មិនមែន​ជា​ការ​ពិត​ មិន​គួរ​កើត​មាន​ឡើយ​ ពិសេស​នៅ​ក្នុង​បរិបទ​ដែល​សាកលលោក​កំពុង​ប្រឈម​មុខ​ន​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​។​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​អ្នក​ទាំងឡាយ​ណា​ ដែល​នៅ​តែ​ប្រើ​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​បំពុលសង្គម​ នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ ។​

​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ដែរ​ថា​ការ​បិទ​ច្រកព្រំដែន​ ពិសេស​ជាមួយ​វៀតណាម​ ដែល​អាច​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ ដូច​ជា​ទំនិញ​ឡើងថ្លៃ​ជាដើម​នោះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ថា​ជា​ការ​ពិត​យើង​ និង​ប្រទេស​ផ្សេងៗ​ដែល​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​កូ​វី​ដ​១៩​នេះ​ គឺ​បានដឹង​ជា​មុន​ហើយ​ថា​ប្រាកដជា​មានការ​ប៉ះពាល់​ ប៉ុន្តែ​កិច្ចការ​ចំពោះ​មុខ​គឺ​ការពារ​អាយុជីវិត​ពលរដ្ឋ​ ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​។​ ដោយឡែក​បញ្ហា​អ្វីៗ​ផ្សេង​ទៀត​រាជរដ្ឋាភិបាល​ នឹង​ខិតខំ​ដោះស្រាយ​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​ ៕


ចំនួនអ្នកទស្សនា

    20516187

  • ថ្ងៃនេះ8701
  • ម្សិលមិញ15191
  • សប្តាហ៍នេះ51851
  • ខែនេះ73731
  • ឆ្នាំនេះ73731
  • សរុប20516187