តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ លោក កង អាណាន់ អភិបាលក្រុងដូនកែវ រួមជាមួយ អភិបាលរងក្រុង និងមន្ត្រីសាលាក្រុង បានចុះអប់រំ និងផ្សព្វផ្សាយ សេចក្ដីណែនាំរបស់រដ្ឋបាលក្រុងដូនកែវ ដល់ក្រុមអាជីវករ និងបងប្អូនប្រជាពលរដ្ឋនៅផ្សារធំតាកែវ ថា «ពុំមានការបិទផ្សារធំតាកែវនោះទេ សូមបងប្អូនទាំងអស់កុំជឿពាក្យចចាមរ៉ាមទាំងនោះ»។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងថា ចំពោះពាក្យចចាមរ៉ាម ថា អាជ្ញាធរនឹងបិទផ្សារតាកែវ ៥ថ្ងៃ ដែលជាហេតុ បង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាសម្រុកទិញស្បៀងទុក និងបានធ្វើឲ្យឈ្មួញខិលខូចមួយចំនួនបានតម្លើងថ្លៃទំនិញ ទាំងនោះគឺរឿងមិនពិតនោះទេ គឺនៅបើកដំណើរការជាធម្មតា សូមបងប្អូនប្រជាពលរដ្ឋ កុំមានការភិតភ័យបន្តទៀត ។
ឆ្លៀតក្នុងឱកាសចុះផ្សារធំតាកែវ នាឱកាសនោះដែរ លោកអភិបាលក្រុងដូនកែវ ក៏បានអប់រំដល់ក្រុមអាជីវករ និងបងប្អូនប្រជាពលរដ្ឋ អំពីអនាម័យផ្ទាល់ខ្លួន ដោយធ្វើការលាងដៃ និងសាប៊ូឲ្យបានញឹកញាប់ ឬអាល់កុល ដើម្បីទប់ស្កាត់ និងបង្ការនូវមេរោគប្រភេទថ្មី វីរ៉ុស កូវីដ១៩ ដែលកំពុងរាតត្បាតជាសកល៕