សៀមរាប៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តសៀមរាប បានបង្ក្រាបរថយន្តបាឡែនដឹកឈើល្មើសច្បាប់ ១គ្រឿង ខណៈកំពុងដឹកយកមកលក់ក្នុងទីរួមខេត្ត។ ម្ចាស់រថយន្តដឹកឈើនិងបក្ខពួកបាននាំគ្នារត់បាត់អស់ដោយបន្សល់ទុករថយន្តបទល្មើសនៅនឹងកន្លែង។ ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ជិតវត្តប្រាសាទត្រាំនាគ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោកផ្ទាល់ក្រោមការបញ្ជារពីលោកប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបនិងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាបសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ផងដែរ។
លោកបន្តថា យោងតាមបទបញ្ជារផ្ទាល់ពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប បន្តបង្ក្រាបបទល្មើសផ្សេងៗក្នុងខេត្តឲ្យមានការថយចុះ បើទោះបីជានៅលើសាកលលោក និងនៅប្រទេសកម្ពុជា ទទួលរងនូវមេរោគកូវីដ១៩ នេះក្តី។
លោកបន្តថា រថយន្តដឹកឈើនេះត្រូវបានកម្លាំងរបស់លោក អូសយកមកស្នងការដ្ឋានខេត្តសៀមរាប រង់ចាំកម្លាំងរដ្ឋបាលព្រៃឈើ មកទទួលយកទៅរក្សាទុកដើម្បីស្វែកម្ចាស់ឈើចាត់ការតាមផ្លូវច្បាប់។លោកបញ្ជាក់ថា រថយន្តបាឡែននេះពាក់ស្លាកលេខ ភ្នំពេញ 2S-2432 ឈើប្រភេទលេខ១ មានចំនួន២២ដុំស្មើនិង១ម៉ែត្រគីប២ផ្លាន។លោកបញ្ជាក់ទៀតថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប នឹងបន្តបង្ក្រាបបទល្មើសផ្សេងៗក្នុងខេត្តសៀមរាប ឲ្យមានការថយចុះ និងទៅបទបញ្ជារបស់ថ្នាក់លើផងដែរ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកដឹកឈើទាំងនេះ គឺពួកគេដឹកលោតឆ័ត្រចេញខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ តាមរថយន្តបាឡែន ជាច្រើនគ្រឿង យកមកចែកចាយក្នុងដេប៉ូ,រោងសិប្បកម្ម និងសណ្ឋាគារនានាក្នុងខេត្តសៀមរាប៕