ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥២រូប។
អង្គប្រជុំ បានដំណើរការតាមរបៀបវារៈចំនួន ០៦រួមមាន៖
របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នមួយ ទទួលបន្ទុកច្បាស់-លាស់ និងជាក់លាក់ជាលើកដំបូង ក្នុងការគ្រប់គ្រង និងអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការលើកទឹកចិត្តចំពោះរបកគំហើញថ្មីៗ និងនវានុវត្តន៍។ ម្យ៉ាងទៀត នេះក៏ជាជំហានកំណែទម្រង់មួយកម្រិតទៀត ដើម្បីធ្វើឱ្យវិស័យនេះផ្សារភ្ជាប់ទៅនឹងនិន្នាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពិភពលោក និងពង្រឹងបន្ថែមចំណុចខ្លាំងរបស់ខ្លួនលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៨មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៦សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មអមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងឧស្សហកម្ម និងសិប្បកម្ម បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ពិធីសារទីពីរនេះ មានគោលបំណងបង្កើតរបបវិនិយោគសេរី និងបើកចំហនៅក្នុងអាស៊ាន ដើម្បីសម្រេចនូវគោលដៅចុងក្រោយនៃសមាហរណកម្មសេដ្ឋកិច្ច ក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន។
តាមរយៈពិធីសារនេះ ព្រះរាជាណាចក្រកម្ពុជាពិតជានឹងបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងការ ទាក់ទាញអ្នកវិនិយោគពីរដ្ឋសមាជិកអាស៊ាន ក៏ដូចជាអ្នកវិនិយោគនៃបណ្តាប្រទេសដទៃទៀតដែលមានបំណងមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៨សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបីស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
ពិធីសារទីបីនេះ មានគោលបំណងបង្កើតបរិយាកាសវិនិយោគ ដែលសេរី ងាយស្រួល មានតម្លាភាព និងមានលក្ខណៈប្រកួតប្រជែងនៅក្នុងអាស៊ាន។
តាមរយៈពិធីសារនេះ ព្រះរាជាណាចក្រកម្ពុជាពិតជាបានបោះជំហានថ្មីមួយទៀតជាមួយនឹងអាស៊ាន ក្នុងការទាក់ទាញអ្នកវិនិយោគពីប្រទេសក្រៅតំបន់អាស៊ាន មកធ្វើការវិនិយោគនៅព្រះរាជា-ណាចក្រកម្ពុជា និងក៏ដូចជានៅក្នុងតំបន់អាស៊ានផងដែរ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៥សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន ។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បើកផ្លូវឱ្យប្រទេសសមាជិកអាស៊ាន មានមូលដ្ឋានគតិយុត្ត ក្នុងការអនុវត្តនូវស្វ័យបញ្ជាក់ដើមកំណើតទូទាំងអាស៊ាន (ASEAN Wide Self Certification-AWSC) សំដៅរួមចំណែកក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបង្កលក្ខណៈ ងាយស្រួលបន្ថែមទៀតដល់ពាណិជ្ជករ និងវិនិយោគិន ជាពិសេសសហគ្រាសធុនតូច និងមធ្យម តាម រយៈការធ្វើសាមញ្ញកម្មលើនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើត ដែលកត្តានេះនឹងរួមចំណែកជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ាន តាមរយៈការបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន ស្របតាមផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៧សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។
សេចក្ដីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្ទេរទណ្ឌិត ដើម្បីផ្តល់ឱកាសដល់ទណ្ឌិតអាចធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្នុងគោលបំណង ធ្វើកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តសាលក្រមព្រហ្មទណ្ឌ។
សន្ធិសញ្ញានេះមានសារសំខាន់ និងអត្ថប្រយោជន៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការអនុវត្តច្បាប់ និងសកម្មភាពក្នុងផ្នែកយុត្តិធម៌ប្រព្រឹត្តទៅបានល្អ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ០៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៦សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៦៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្ដីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សំដៅប្រយុទ្ធប្រឆាំងនឹងបទល្មើសប្រកបដោ2យប្រសិទ្ធភាព ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍រួមទាំងសងខាង ហើយជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ០៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕