សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​៣៤.១៣៨​ លាន​យ៉េន​

23-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ថ្ងៃ​អង្គារ​ ១​កើត​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៩​ព្រឹក​ នៅ​វិមាន​សន្តិភាព​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​៣៤.១៣៨​ លាន​យ៉េន​ (​ប្រមាណ​៣១០​លាន​ដុល្លារ​អា​មេ​រិ​ក​)​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លិខិត​ប្តូរ​សារ​ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឯកឧត្តម​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ (MIKAMI​ Masahiro)​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ គ្របដណ្តប់​លើ​ការ​អនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៣​គម្រោង​ និង​ ឥណទាន​សម្បទាន​ ចំនួន​២​គម្រោង​ ដូច​ខាងក្រោម​៖
​ ​ ក​.​ ហិរញ្ញប្បទាន​ឥត​សំណង​ សម្រាប់​អនុវត្ត​៖
​ ​១.​ ​គម្រោងការ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ក្រុង​តា​ខ្មៅ​ ដែល​មាន​ទឹកប្រាក់​ចំនួន​
៣.៤២១​លាន​យ៉េន​ (​ប្រមាណ​៣១​លាន​ដុល្លារ​អា​មេ​រិ​ក​)
​ ​២.​ ​គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ដែល​មាន​ទឹកប្រាក់​ចំនួន​១.០០០​លាន​យ៉េន​ (​ប្រមាណ​៩​លាន​ដុល្លារ​អា​មេ​រិ​ក​)
​ ​៣.​ ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ ដែល​មាន​ទឹកប្រាក់​ចំនួន​៣០០​លាន​
​យ៉េន​ (​ប្រមាណ​២,៧​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​
​ ​ ខ​.​ ឥណទាន​សម្បទាន​ សម្រាប់​អនុវត្ត​៖
​ ​១.​ ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥​ ដំណាក់កាល​ទី​២​ (​ធ្លា​ម្អម​-​បាត់ដំបង​ និង​ សិរី​សោ​ភ័​ណ្ឌ​-​ប៉ោយ​ប៉ែ​ត​)​ ដែល​មាន​ទឹកប្រាក់​ ១៧.៧០២​ លាន​យ៉េន​ (​ប្រមាណ​១៦១​លាន​ដុល្លារ​អា​មេ​រិ​ក​)​។​
២.​ ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥​ ដំណាក់កាល​ទី​៣​ (​ព្រែក​ក្តាម​-​ធ្លា​ម្អម​)​ ដែល​មាន​ទឹកប្រាក់​ ១១.៧១៥​លាន​យ៉េន​ (​ប្រមាណ​១០៦,៥​ លាន​ដុល្លារ​អា​មេ​រិ​ក​)​។​

​ហិរញ្ញប្បទាន​ឥត​សំណង​ និង​ឥណទាន​សម្បទាន​ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​នឹង​ជួយ​លើកកម្ពស់​បន្ថែម​ទៀត​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​ប្រជាជាតិ​ទាំង​ពីរ​ផង​ដែរ​ ៕​


ចំនួនអ្នកទស្សនា

    20516417

  • ថ្ងៃនេះ8931
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52081
  • ខែនេះ73961
  • ឆ្នាំនេះ73961
  • សរុប20516417