នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បំពាក់​មេដាយ​ជូន​នាយ​នគរបាល​ជាន់ខ្ពស់​ នៃ​នគរបាល​សហព័ន្ធ​អូស្ត្រាលី​

23-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៣​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតីភាព​បំពាក់​មេដាយ​ ជូន​លោកស្រី​ NAOMI​ BINSTEAD​ នាយ​នគរបាល​ជាន់ខ្ពស់​ នៃ​នគរបាល​សហព័ន្ធ​អូស្ត្រាលី​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ស្នាដៃ​ក្នុង​កិច្ច​សហ​ប្រ​តិ្ត​ការ​វ​រាង​នគរបាល​ នៃ​ប្រទេស​ទាំង​ពីរ​។​

​ពិធី​បំពាក់​មេដាយ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​មានការ​ចូលរួម​ពី​ ឯកឧត្តម​ PABLO​ KANG​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ដែរ​។​

​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ មាន​ប្រសាសន៍​ក្នុង​ពិធី​បំពាក់​មេដៃ​នោះ​ថា​៖​ លោកស្រី​ NAOMI​ កន្លង​មក​ធ្លាប់​មាន​ស្នាដៃ​ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​ដល់​នគរបាល​កម្ពុជា​លើ​កិច្ចការ​មួយ​ចំនួន​ដូច​ជា​៖
១-​ជួយ​បណ្តុះបណ្តាល​វិធីសាស្ត្រ​ដល់​សាលា​នគរបាល​នៅ​កម្ពុជា​
២-​ជួយ​សម្របសម្រួល​ជា​ជំនួយ​ផ្នែក​សម្ភារ​ មធ្យោបាយ​បច្ចេកទេស​ ដល់​នគរបាល​កម្ពុជា​ ជា​ពិសេស​ជួយ​ពង្រឹង​សម​ត្ថិ​ភាព​ដល់​នគរបាល​បុ​ស្តិ៍​រដ្ឋបាល​តាម​រយៈ​គម្រោង​នគរបាល​សហ​គម​ (CPI)​ អោយ​ដំណើរការ​បាន​ល្អ​ និង​ជួយ​ជា​សម្ភារៈ​ផ្សេងៗ​មួយ​ចំនួន​ទៀត​។​
៣-​ជួយ​សហការ​សម្របសម្រួល​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ ដើម្បី​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​និង​គ្រឿងញៀន​ បទល្មើស​បច្ចេកវិទ្យា​ និង​បទល្មើស​ពាក់ព័ន្ធ​ទៅ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​លើ​កុមារ​ ហើយ​ក៏​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ការងារ​ជំនាញការ​លាងលុយកខ្វក់​ផង​ដែរ​។​
៤-​ជួយ​សម្របសម្រួល​រវាង​នគរបាល​អូស្ត្រាលី​ និង​កម្ពុជា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផង​ដែរ​។​

​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​បន្ថែម​អោយ​ដឹង​ថា​ ស្នាដៃ​របស់​លោកស្រី​ NAOMI​ គឺ​បាន​ពង្រឹង​ចំណងមិត្តភាព​រវាង​នគរបាល​កម្ពុជា​ និង​នគរបាល​អូស្ត្រាលី​ ហើយ​ជោគជ័យ​របស់​នគរបាល​កម្ពុជា​ក៏​ជា​ចំណែក​ចូលរួម​យ៉ាង​សំខាន់​របស់​លោកស្រី​ NAOMI​។​

​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ PABLO​ KANG​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ ក្នុង​ពិធី​បំពាក់​មេដៃ​ក៏​បាន​ឯកភាព​ក្នុង​ការ​ពង្រឹង​ចំណងមិត្តភាព​ប្រទេស​ទាំង​២​ នគរបាល​ទាំង​២​ អោយ​កាន់តែ​រឹង​មាំ​លើ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ឧក្រិដ្ឋ​ឆ្លង​ដែន​ និង​ការ​បង្ការ​ប្រឆាំង​ជំងឺឆ្លង​ COVID-19​ ដើម្បី​សន្តិភាព​ សុខមាលភាព​ តំបន់​និង​លើ​ពិភពលោក​ ដែល​ទាមទារ​អោយ​កម្លាំង​ប្រទេស​ទាំង​២​សហការ​គ្នា​។​

​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ក្នុង​នាម​នគរបាល​កម្ពុជា​សូម​ធ្វើការ​រៀនសូត្រ​នូវ​បទ​ពិសោធន៍​ល្អៗ​ពី​នគរបាល​អូស្ត្រាលី​ លើស​ពី​នេះ​ឯកឧត្តម​ ក៏​បាន​សំណូមពរ​អោយ​បន្ត​កិច្ចសហការ​ទៅ​លើ​វិស័យ​នគរបាល​ថែម​ទៀត​រវាង​ អូស្ត្រាលី​ និង​កម្ពុជា​។​

​គួរ​បញ្ជាក់​ថា​ លោកស្រី​ NAOMI​ BINSTEAD​ នាយ​នគរបាល​ជាន់ខ្ពស់​ នៃ​នគរបាល​សហព័ន្ធ​អូស្ត្រាលី​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បំពាក់​មេដាយ​សហ​មេត្រី​ថ្នាក់​ អស្ស​ឬ​ទ្ធិ​ ខណៈ​ដែល​លោកស្រី​មាន​ស្នាដៃ​ល្អ​ក្នុង​កិច្ច​សហ​ប្រ​ត្តិ​បត្ត​ការ​រវាង​នគរបាល​ នៃ​ប្រទេស​ទាំង​២​ និង​បាន​ជួយ​ឧបត្ថម្ភ​សម្ភារៈ​បច្ចេកទេស​ជំនាញ​ដល់​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​នគរបាល​ទាំង​ក្នុង​ និង​ក្រៅប្រទេស​កន្លង​មក​ ៕


ចំនួនអ្នកទស្សនា

    20516867

  • ថ្ងៃនេះ9381
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52531
  • ខែនេះ74411
  • ឆ្នាំនេះ74411
  • សរុប20516867