ភ្នំពេញ៖ មន្ត្រីជំនាញ និងនគរបាលការិយាល័យសុខាភិបាលនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្សព្វផ្សាយអប់រំចំណេះដឹងបង្ការ ទប់ស្កាត់ជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ និងបាញ់ថ្នាំកំចាត់មេរោគ នៅតាមបណ្តាការិយាល័យជំនាញកន្លែងធ្វើការងាររបស់មន្ត្រីនគរបាល និងសាលប្រជុំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ខណៈដែលបញ្ហាជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ត្រូវគេមើលឃើញថាកំពុងរាតត្បាតនៅតាមប្រទេសជាច្រើននៅក្នុងពិភពលោកបណ្តាលឱ្យមនុស្សស្លាប់ជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។ ដោយឡែកនៅកម្ពុជាជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ក៏បាននិងកំពុងទទួលរងគ្រោះផងដែរ។
ជុំវិញនៃការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានគិតគូរខ្ពស់ទៅលើសុខមាលភាពមន្ត្រីនគរបាលក្រោមឱវាទដែលកំពុងបំពេញភារកិច្ចរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅក្នុងរាជធានីភ្នំពេញ និងអនុវត្តតាមសេចក្តី ប្រកាសណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ត្រូវអនុវត្តវិធានការអនាម័យ មុនចូលកន្លែងធ្វើការត្រូវលាងដៃនិងអាកុល រឺសាប៊ូ ពាក់ម៉ាស់ ត្រូវសម្អាតអនាម័យជានិច្ចនៅកន្លែងធ្វើការងារ និងត្រួតពិនិត្យសុខភាពនិង វាស់កំដៅក្នុងខ្លួនជាប្រចាំ។ បានផ្អាកជាបណ្តោះអាសន្ននៃកិច្ចប្រជុំ ការសំណេះសំណាល រឺសិក្ខាសាលាដែលមានលក្ខណៈទ្រង់ទ្រាយធំ។ ក៏បានចាត់មន្ត្រីការិយាល័យសុខាភិបាលចុះផ្សព្វផ្សាយអប់រំអំពីវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ នៅតាមអង្គភាព នានាចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជូនដល់មន្ត្រីនគរបាលទាំងអស់ឱ្យបានយល់ដឹងហើយនាំគ្នាចូលរួមអនុវត្តវិធានការបង្ការជម្ងឺឆ្លងនេះឱ្យមានប្រសិទ្ធភាពបំផុត ៕