សម្ដេច​ក្រឡាហោម​ ដឹកនាំ​កិច្ចប្រជុំ​ ផ្សព្វផ្សាយ​អនុក្រឹត្យ​ ស្ដី​ពី​ការ​ពិន័យ​អន្តរកាណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​

27-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ៤​កើត​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ស្ដី​ពី​ការ​កែសម្រួល​អនុក្រឹត្យ​លេខ​៤៤​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៧​ ស្ដី​ពី​ការ​ពិន័យ​អន្តរកាណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ដែល​ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​ នៃ​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​កម្លាំង​នគរបាល​ចរាចរណ៍​ បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាង​សស្រាក់សស្រាំ​ ក្នុង​ការ​សម្រួលការ​ធ្វើ​ចរាចរណ៍​ និង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​មាន​កំណើន​ជាង​ឆ្នាំ​២០១៨​គួរ​ឱ្យ​ព្រួយបារម្ភ​។​ យ៉ាងណា​ក៏​ដោយ​កម្លាំង​នគរបាល​ចរាចរណ៍​ ក៏​បាន​ប្រឹងប្រែង​បំពេញភារកិច្ច​មិន​ខ្លាច​នឿយហត់​ ហើយ​ភាព​អសកម្ម​ និង​ចំណុច​ខ្វះខាត​មួយ​ចំនួន​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្តបន្ទាប់​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ បាន​បង្ហាញ​ការ​គាំទ្រ​ពេញទំហឹង​ ចំពោះ​ការ​កែសម្រួល​អនុក្រឹត្យ​ ដើម្បី​រឹត​បន្តឹង​ការ​ផាកពិន័យ​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្ល​វ​គោក​ វិធានការ​ ព្រមទាំង​ទិស​ដៅ​ការងារ​ដាក់​ចេញ​ជា​បន្តបន្ទាប់​ដោយ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧនា​យក​រដ្ឋមន្ត្រី​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​។​

​ឯកឧត្តម​ ក៏​បាន​អំពាវនាវ​ឯកឧត្តម​ លោក​ជំទាវ​អភិបាល​រាជធានី​ខេត្ត​ ត្រូវ​ជំរុញ​ចលនា​អនុវត្ត​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ផ្ដល់​ការ​លើកទឹកចិត្ត​ខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​មន្ត្រី​នគរបាល​ចរាចរណ៍​។​

​បន្ទាប់​ពី​អង្គពិធី​បាន​ស្ដាប់​ដោយ​យកចិត្តទុកដាក់​នូវ​ខ្លឹមសារ​ អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ស្ដី​ពី​ការ​កែសម្រួល​អនុក្រឹត្យ​លេខ​៤៤​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៧​ ស្ដី​ពី​ការ​ពិន័យ​អន្តរកាណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អង្គពិធី​ ដោយ​ជា​កិច្ច​ចាប់ផ្ដើម​សម្ដេច​បាន​ទាញ​ចំណាប់អារម្មណ៍​អង្គពិធី​ថា​ទន្ទឹម​នឹង​ការ​ព្រួយបារម្ភ​អំពី​ជំងឺ​កូ​វី​ដ​១៩​ យើង​ក៏​មិន​អាច​មើល​រំលង​មហន្តរាយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ដែរ​។​

​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​អាស្រ័យ​ដោយ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​រីក​ចំរើន​គ្រប់​វិស័យ​ ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​បាន​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ ខណៈ​រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និង​ខិតខំ​អប់រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ឱ្យ​បានដឹង​ពី​ការ​អនុវត្ត​ច្បាប់​ និង​គ្រោះថ្នាក់​ចរាចរណ៍​ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ សណ្ដាប់ធ្នាប់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​ ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​បាន​បន្ត​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​របួស​ ស្លាប់​ និង​ខូចខាត​ទ្រព្យសម្បត្តិ​ទាំង​រដ្ឋ​ និង​ឯកជន​ជា​ច្រើន​។​

​ជាក់ស្ដែង​បើ​ប្រៀ​ធៀប​នឹង​ឆ្នាំ​២០១៨​ គឺ​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​៨៥៤​លើក​ ស្មើនឹង​២៦​ភាគរយ​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​២២០​នាក់​ ស្មើនឹង​១២​ភាគរយ​ និង​អ្នក​រង​របួស​១៣៧១​នាក់​ ស្មើនឹង​២៩​ភាគរយ​។​ ដូច្នេះ​ហើយ​ ឆ្លើយ​តប​នឹង​កំណើន​នេះ​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​សម្រេច​ប្រកាស​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចាប់ពី​ឆ្នាំ​២០២០​។​ ដោយ​ផ្អែក​លើ​ការ​សិក្សា​លើ​ឥរិយា​បទ​នៃ​ការ​គោរព​ច្បាប់​ និង​បទ​ពិសោធន៍​ពី​ក្រៅប្រទេស​ រាជរដ្ឋាភិបាល​ក៏​បាន​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​ស្ដី​ពី​ការ​ពិន័យ​អន្តរកាណ៍​ ដោយ​បង្កើន​ប្រាក់​ពិន័យ​ពី​៣​ទៅ​៥​ដង​ ដើម្បី​ជំរុញ​ការ​គោរព​ និង​អនុវត្ត​។​

​សម្ដេច​ក្រឡាហោម​ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​មានការ​យល់យោគ​ចំពោះ​វិធានការ​ច្បាប់​ដ៏​តឹង​រឹង​នេះ​ ហើយ​ដើម្បី​ចៀស​ផុត​ពី​ការ​ប្រឈម​មុខ​នឹង​ច្បាប់​ សូម​ប្រជាពលរដ្ឋ​ គោរព​ច្បាប់​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ហើយ​ក្រសួង​ពាក់ព័ន្ធ​ អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ ត្រូវ​បន្ត​ចូលរួម​គាំទ្រ​ការ​ផ្សព្វផ្សាយ​ច្បាប់​ និង​កម្រិត​ទោសពិន័យ​អន្តរកាណ៍​ នៃ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ទូលំទូលាយ​។​

​សម្ដេច​បាន​ក៏​បញ្ជា​ដល់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នគរបាល​ទូ​ទាំង​ប្រទេស​ ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​ ដាច់ខាត​ មិន​យោគយល់​ និង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ តម្លាភាព​ ស្មើភាព​ និង​មិន​រើសអើង​ ហើយ​ត្រូវ​សហការ​ស្រាវជ្រាវ​ តាម​ចាប់ខ្លួន​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ដែល​គេចខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឱ្យ​បានជា​ដាច់ខាត​។​ សម្ដេច​ក៏​បញ្ជា​ថ្នាក់ដឹកនាំ​នគរបាល​ចរាចរណ៍​ទាំងអស់​រៀបចំ​ផែនការ​សកម្មភាព​ និង​រៀបចំ​កម្លាំង​តាមដាន​ ត្រួតពិនិត្យ​ និង​គាំទ្រ​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រោម​ឱវាទ​ដើម្បី​ធានា​ភាព​ត្រឹ​ត្រូវ​។​

​ភាព​ត្រឹមត្រូវ​ដែល​សម្ដេច​សំដៅ​ដល់​ការ​ប្រកាន់ខ្ជាប់​នូវ​ការ​បន្ត​ពង្រឹង​ក្រមសីលធម៌​ វិន័យ​ ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​សក្ដិ​សមជា​មន្ត្រី​អនុវត្ត​ច្បាប់​ប្រកបដោយ​គុណធម៌​ និង​មាន​មនសិការ​វិជ្ជាជីវៈ​។​ ជាមួយ​គ្នា​នេះ​ថ្នាក់ដឹកនាំ​ក៏​ត្រូវ​ផ្ដល់​រង្វាន់​តាម​ការ​កំណត់​របស់​រដ្ឋ​ និង​ការ​លើក​សរសើរ​ចំពោះ​អង្គភាព​ និង​មន្ត្រី​មាន​ស្នាដៃ​ និង​ក៏​ត្រូវ​តែ​ដាក់​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់​ ចំពោះ​មន្ត្រី​អសកម្ម​ ឬ​មន្ត្រី​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

​បន្ទាប់​ពី​បាន​ប្រកាស​ឱ្យ​អនុវត្ត​អនុក្រឹត្យ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ បាន​ណែនាំ​ឱ្យ​ចាប់ផ្ដើម​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ ដោយ​ត្រូវ​លៃលក​ទៅ​តាម​បរិបទ​ជំងឺ​កូ​វី​ដ​ ត្រូវ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​គ្រប់​រូបភាព​ រាប់​ទាំង​ការ​តែង​បទ​ចំរៀង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បានដឹង​ជ្រួតជ្រាប​ អំពី​កម្រិត​ធ្ងន់ធ្ងរ​នៃ​ការ​ផាកពិន័យ​ជា​ទឹកប្រាក់​ ប្រសិនបើ​ពួក​គាត់​បំពាន​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​។​ សម្ដេច​មាន​សេចក្ដី​សង្ឃឹមថា​ក្រោយ​អនុវត្ត​អនុក្រឹត្យ​កែសម្រួល​ថ្មី​នេះ​ ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​អំពី​ការ​រីក​រាល​ជំងឺ​កូ​វី​ដ​១៩​នៅ​លើ​ពិភពលោក​ ដោយ​សម្ដេច​បាន​គូសបញ្ជាក់​ពី​ការ​ហក់​ឡើង​ខ្លាំង​នៃ​អត្រា​អ្នក​ឆ្លង​ ដែល​មក​ដល់​ពេល​នេះ​មាន​ប្រមាណ​ជា​ជាង​៥០​ម៉ឺន​នាក់​ហើយ​ ក្នុង​នោះ​អា​មេ​រិ​កបាន​ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើន​ជាងគេ​។​ ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ សម្ដេច​បាន​មាន​ប្រសាសន៍​អំពី​លទ្ធភាព​ដែល​ប្រទេស​នីមួយ​អាច​ដាក់​ក្នុង​កម្រិត​ធ្ងន់​ និង​កម្រិត​ស្រាល​ ហើយ​សម្រាប់​កម្ពុជា​ គឺ​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​នៅឡើយ​។​

​សម្ដេច​ក្រឡាហោម​ ក៏​បាន​មាន​ប្រសាសន៍​ណែនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ត្រូវ​វាយតម្លៃ​សភាពការណ៍​ និង​ដាក់​ចេញ​វិធានការ​ត្រៀម​ទប់ស្កាត់​ជា​មុន​ នូវ​លទ្ធភាព​ដែល​អាច​មាន​ក្រុម​ក្មេង​ជំ​នើ​ង​ ឬ​ជន​ខិល​ខិត​ខូច​បង្ក​ការ​អុកឡុក​ក្នុង​សង្គម​ ប្រសិនបើ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​មានការ​វិវត្តន៍​ក្នុង​ស្ថានភាព​ណាមួយ​។​ ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ថៃ​ដែល​បាន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ហើយ​មាន​ពលរដ្ឋ​ខ្មែរ​ពី​ថៃ​វិល​ចូល​ប្រទេស​វិញ​នោះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បង្ហាញ​ការ​កត់សំគាល់​ និង​បាន​ណែនាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​។​

​សម្ដេច​ក្រឡាហោម​ បាន​មាន​ប្រសាសន៍​ថា​ទី​តើ​ពួក​គាត់​ទាំងអស់​សុទ្ធតែ​មាន​សុខភាព​ល្អ​ ឬ​យ៉ាងណា​?​ ចំណុច​នេះ​ សម្ដេច​បាន​គូសបញ្ជាក់​ថា​ការ​តាមដាន​ក្ដាប់​ឱ្យ​ជាប់​នូវ​វត្តមាន​របស់​ពួក​គាត់​ និង​ស្ថានភាព​សុខភាព​ពួក​គាត់​ គឺជា​រឿង​សំខាន់​បំផុត​ ដ្បិត​បើ​តាម​វៀតណាម​បាន​ចែករំលែក​បទ​ពិសោធន៍​មក​នោះ​ គឺ​មាន​ពលរដ្ឋ​វៀតណាម​ម្នាក់​ដែល​វិល​ត្រឡប់​ពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​ បាន​ចម្លង​មនុស្ស​ដល់​ទៅ​៥​នាក់​ឯណោះ​ក្នុងភូមិ​កំណើត​ ទើប​ធ្វើ​ឱ្យ​អាជ្ញាធរ​វៀតណាម​សម្រេច​បិទ​ភូមិ​ដើម្បី​ត្រួតពិនិត្យ​ និង​តាមដាន​។​

​សម្ដេច​ក្រឡា​ហោ​បាន​មាន​ប្រសាសន៍​ថា​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ កម្ពុជា​ ថៃ​ ត្រូវ​បន្ត​តាមដាន​យកចិត្តទុកដាក់​ចំពោះ​លំហូរ​នៃ​ការ​វិល​ត្រឡប់​ចូល​ប្រទេស​របស់​ពលរដ្ឋ​ ដោយ​ត្រូវ​សហការ​ជាមួយ​ភាគី​ថៃ​ ដើម្បី​កំណត់​ច្រក​ទ្វារ​ព្រំដែន​ជាក់លាក់​ សម្រាប់​ការ​វិល​ចូល​ប្រទេស​របស់​ពលរដ្ឋ​យើង​ ហើយ​ជាមួយ​គ្នា​នេះ​ក៏​ត្រូវ​ត្រៀម​សម្រាប់​លទ្ធភាព​ ដែល​អាច​មាន​ពលរដ្ឋ​ខ្លះ​ងាក​ទៅ​ឆ្លងកាត់​តាម​បណ្ដា​ច្រករបៀង​នានា​ ដោយ​ត្រូវ​កំណត់​អត្តសញ្ញាណ​ និង​ពិនិត្យ​សុខភាព​ពួក​គាត់​ឱ្យ​អស់ពី​លទ្ធភាព​ មុន​ពេល​ពួក​គាត់​បន្តដំណើរ​ទៅ​ស្រុក​កំណើត​។​

​សម្រាប់​ការ​ទៅ​ដល់​ស្រុក​កំណើត​របស់​ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​ថៃ​ សម្ដេច​បាន​ណែនាំ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ ត្រូវ​រៀបចំ​តារាង​កត់ត្រា​អំពី​សវ​តា​នៃ​ការ​ធ្វើ​ដំណើរ​ និង​សុខភាព​របស់​ពលរដ្ឋ​ដែល​បាន​ទៅ​ដល់​មូលដ្ឋាន​ ហើយ​ត្រូវ​រៀបចំ​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពួក​គាត់​ឱ្យ​បានដឹង​ច្បាស់​ អំពី​វិធានការ​ដាក់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ ក្រោម​ការ​សង្កេត​តាមដាន​សុខភាព​ម៉ត់ចត់​បំផុត​ ពិសេស​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ដល់​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​ ប្រសិនបើ​ពួក​គាត់​មិន​គោរព​តាម​វិធាន​ណែនាំ​របស់​អាជ្ញាធរ​ និង​ក្រសួងសុខាភិបាល​៕


ចំនួនអ្នកទស្សនា

    20516347

  • ថ្ងៃនេះ8861
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52011
  • ខែនេះ73891
  • ឆ្នាំនេះ73891
  • សរុប20516347