កណ្ដាល៖ នគរបាលក្រុងតាខ្មៅ ចាប់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាលួចយ៉ាងសកម្ម យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើសកម្មភាពលួចដោះខ្សែកក្មេងស្រីអាយុ៤ឆ្នាំម្នាក់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨និង១០នាទី ត្រង់ចំណុចផ្សារព្រែកហូរ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ដ្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន២នាក់ ទី១-ឈ្មោះ អឿន ណូសា ហៅគោ ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិគោករការ សង្កាត់ឈូកវ៉ា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២-ឈ្មោះ ផា រ៉ាវុទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្សារពោធិ៍ចិនតុង សង្កាត់ពោធិ៍សែនជ័យ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកភាគីខាងជនរងគ្រោះឈ្មោះ ញឹម សំអូន ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយឡែកវត្ថុតាងដកហូតបានមាន៖ ខ្សែកធ្វើពីលោហធាតុពណ៌ទង់ដែង ទម្ងន់២ជី៥ហ៊ុន(របស់ជនរងគ្រោះ) ,ម៉ូតូ១គ្រឿងម៉ាកHONDA ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខព្រៃវែង1L-6398 ,កាបូបដៃពណ៌សូកូឡាចំនួន១ ,ប្រាក់រៀលចំនួន២២៧,៨០០រៀល ,ប្រាក់ដុល្លារចំនួន១០ដុល្លារ ,ទូរស័ព្ទដៃ១គ្រឿង ,នាឡិកាដៃ១គ្រឿង។
ប្រភពដដែលបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំកូនស្រីអាយុ៤ឆ្នាំដោយមានពាក់ខ្សែកប្លាទី១ខ្សែមកផ្សារព្រែកហូរ ដើម្បីទិញឥវ៉ាន់ ឈ្លាតពេលស្ដ្រីជាម្ដាយកំពុងទិញឥវ៉ាន់ ភ្លាមនោះស្រាបតែជនសង្ស័យបានធ្វើសកម្មភាពទាញផ្តាច់ខ្សែកពីកូនជនរងគ្រោះ រួចដើរចេញសំដៅទៅឡើងជិះម៉ូតូរបស់បក្ខពួកដែលឈប់ចាំនៅក្រៅផ្សារ ពុំបានសម្រេច ត្រូវស្ដ្រីជាម្ដាយក្មេងស្រីរងគ្រោះឃើញទាន់ ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង ជួយអន្ដរាគមន៍ចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកហូរចាត់ការ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ផា រ៉ាវុធ បានសារភាពថា ខ្លួនធ្លាប់ឌុបឈ្មោះ អឿន ណូសា ធ្វើសកម្មភាពនេះចំនួន៤ដង រួចមកហើយ ៕