កណ្ដាល៖ បុរសម្នាក់ បើកម៉ូតូមិនប្រកាន់ស្ដាំ ដោយល្បឿនលឿន បានបុកជាមួយម៉ូតូមួយគ្រឿងទៀតប្រភេទសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ លើផ្លូវលេខ២៦១ ចំណុចភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ជាម រិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកសង់កូរ៉េ ធុនសេ100 ពណ៌ក្រហម គ្មានស្លាកលេខ។ ចំណែកភាគីម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពាក់ស្លាកលេខ កណ្ដាល1AF-9729 បើកបរដោយឈ្មោះវ៉ាន វ៉ុន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកបរម៉ូតូសណ្ដោងរ៉ឺម៉កធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៦១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកក្នុងទិសដៅច្រាស់គ្នា ដោយមិនប្រកាន់ស្ដាំក៏មកបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រតិបត្ដិស្រុក រីឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ធ្វើការពិនិត្យ និងវាស់វែង រួចដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕