សំណុំរឿង​ ឪពុកមា​របស់​តារាចម្រៀង​ ជុំ​ លី​ណូ​ ទទួល​បាន​យុត្តិធម៌​ បន្ទាប់​ពី​ប្រើ​ពេល​ប្តឹង​តវ៉ា​ អស់​រយៈពេល​៥​ឆ្នាំ​

30-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២០​ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ឃុំខ្លួន​ទណ្ឌិត​ លេខ​០១៥​ អ​.​យ​.​ឃ​ ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២០​ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បង្គាប់​ឲ្យ​ស្រាវជ្រាវ​រក​ចាប់​ទណ្ឌិត​ ០១​រូប​ឈ្មោះ​ ភុំ​ មុនី​រ័​ត្ន​ ដែល​ជា​អតីត​ជា​ព្រះសង្ឃ​ល្បីឈ្មោះ​ លួច​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​របស់​ឪពុកមា​តារាចម្រៀង​ ជុំ​ លី​ណូ​ និង​បាន​ប្រើ​ហឹ​ង្សា​លើ​កូនចុង​ ដែល​ជា​អ​និ​តិ​ជន​ ត្រូវ​បាន​តុលាការ​បី​ថ្នាក់​ សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ ឲ្យ​ជាប់​ពន្ធនាគារ​ រយៈពេល​២​ឆ្នាំ​៦​ខែ​ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ និង​សង​សំណង​រដ្ឋប្បវេណី​និង​សំណង​ជំងឺ​ចិត្ត​ចំនួន​១២​លាន​រៀល​ ទៅ​ដើមបណ្តឹង​។​

​គួរ​រំលឹក​ដែរ​ថា​ កាលពី​ឆ្នាំ​២០១៥​ មាន​ករណី​ ជម្លោះ​ដ៏​ក្តៅ​គគុក​មួយ​កើតឡើង​រវាង​គ្រួសារ​ឪពុកមា​ របស់​តារាចម្រៀង​ ជុំ​ លី​ណូ​ និង​អតីត​សង្ឃ​ល្បី​មួយ​អង្គ​ឈ្មោះ​ ភុំ​ មុនី​រ័​ត្ន​។​ លោក​ មាស​ ឡេ​ង​ ដែល​ជា​ឪពុកមា​ របស់​តារាចម្រៀង​ ជុំ​ លី​ណូ​ បាន​រៀបរាប់​ថា​ ប្រពន្ធ​គាត់​បាន​សុំ​ធ្វើ​លិខិត​លែងលះ​ម្តង​ហើយ​ម្តងទៀត​ ដោយ​ប្រាប់​ថា​ដើម្បី​រក​អ្នក​មក​ការ​និង​ធានា​យក​កូន​ទៅ​នៅ​អូស្ត្រាលី​ ទោះបី​លោក​ហាមឃាត់​យ៉ាងណា​ក៏​នាង​មិន​ព្រម​ ទើប​លោក​សម្រេចចិត្ត​ផ្តិត​មេដៃ​លែងលះ​ប្រគល់​កូន​ទាំង​បី​ឲ្យ​ទៅ​ម្តាយ​ជា​អ្នកគ្រប់គ្រង​ តែ​មិន​នឹក​ស្មានថា​ អតីត​សង្ឃ​ល្បីឈ្មោះ​ ភុំ​ មុន្នី​រ័​ត្ន​ បាន​លួច​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ តាំងពី​នៅ​ជា​សង្ឃ​នោះ​ឡើយ​។​ បន្ទាប់​ពី​លោក​បាន​ផ្តិត​មេដៃ​លែងលះ​ប្រពន្ធ​បាន​៣​ខែ​ អតីត​សង្ឃ​អង្គ​នោះ​ ក៏​បាន​សឹក​ មក​រៀប​ការ​ជាមួយ​ប្រពន្ធ​ខ្លួន​តែ​ម្តង​។​

​កូនស្រី​០២​រូប​ និង​កូនប្រុស​០១​រូប​ ដែល​លោក​ មាស​ ឡេ​ង​ បាន​ប្រគល់​ឲ្យ​ទៅ​ម្តាយ​គ្រប់គ្រង​ គឺ​សុទ្ធតែ​មាន​អាយុ​តិច​ជាង​១២​ឆ្នាំ​ អំឡុង​ពេល​ រស់នៅ​ជាមួយ​ឪពុកចុង​ រយៈពេល​១​ឆ្នាំ​ កូនស្រី​ទាំង​០២​របស់​លោក​ ត្រូវ​បាន​ឪពុកចុង​មានឈ្មោះ​ ភុំ​ មុនី​រ័​ត្ន​ អតីត​ជា​ព្រះសង្ឃ​ផង​នោះ​ បាន​ធ្វើ​ទារុណកម្ម​ជា​ច្រើន​លើក​ ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​ បង្ក​ស្លាកស្នាម​លើ​រាង​កាយ​ គួរ​ឲ្យ​ខ្លោចចិត្ត​បំផុត​។​ ក្រោយ​ពេល​ដឹង​ថា​ ប្ដី​ចុង​អតីត​ភរិយា​របស់​លោក​ ធ្វើ​ទារុណកម្ម​លើ​កូនស្រី​យ៉ាងធ្ងន់ធ្ងរ​ ហើយ​លោក​មាន​ទាំង​ភស្តុ​តាង​ និង​សាក្សី​ទៀត​នោះ​ លោក​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​សិទ្ធិ​ គ្រប់គ្រង​ចិញ្ចឹម​កូន​ទាំង​៣​មក​វិញ​។​ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ប្ដឹង​ទាមទារ​ សិទ្ធិ​គ្រប់គ្រង​កូន​ទាំង​៣​មក​វិញ​នោះ​ ស្រាប់តែ​ខាង​អតីត​ភរិយា​និង​ប្ដី​ចុង​ បាន​ប្ដឹង​លោក​ពី​បទ​ ពង្រត់​និង​បង្ខាំង​ មនុស្ស​ខុសច្បាប់​ ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ដោយ​សំណូមពរ​ឲ្យ​លោក​ជាប់គុក​ និង​ទាមទារ​ឲ្យ​សងជម្ងឺចិត្ត​១០​ម៉ឺន​ដុល្លារ​ទៀត​ផង​។​

​ការ​ប្តឹងផ្តល់​បាន​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ ដោយ​បាន​កាត់ក្ដី​ឲ្យ​ជនជាប់ចោទ​ឈ្មោះ​ ភុំ​ មុនី​រ័​ត្ន​ អតីត​ជា​ព្រះសង្ឃ​ល្បីឈ្មោះ​ ក្នុង​សំណុំរឿង​ប្រើ​អំពើ​ហិង្សា​ លើ​អ​និ​តិ​ជន​ ដោយ​តុលាការ​បាន​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​ រយៈពេល​២​ឆ្នាំ​៦​ខែ​ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ និង​សង​សំណង​រដ្ឋប្បវេណី​និង​សំណង​ជម្ងឺ​ចិត្ត​ ចំនួន​១២​លាន​រៀល​ ទៅ​ដើមបណ្តឹង​។​ ប៉ុន្តែ​សាលក្រម​ មិន​ត្រូវ​បាន​អនុវត្ត​ទេ​ដោយ​ជនជាប់ចោទ​ ភុំ​ មុនី​រ័​ត្ន​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ឧទ្ធរណ៍​បន្ត​ទៀត​។​

​នៅ​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៨​ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ភ្នំពេញ​ បាន​ប្រកាស​ជា​សាធារណៈ​ ដោយ​វិនិច្ឆ័យ​សេចក្តី​តម្កល់​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ ជនជាប់ចោទ​ ភុំ​ មុនី​រ័​ត្ន​ ក៏​បន្ត​ប្តឹង​សាទុក្ខ​ ទៅ​តុលាការ​កំពូល​ថែម​ទៀត​។​

​នៅ​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ តុលាការ​កំពូល​ បាន​ប្រកាស​សាវ​នា​ការ​ជា​សាធារណៈ​ និង​តម្កល់​សាលដីកា​ព្រហ្មទណ្ឌ​ របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ ទុកជា​បានការ​ពេញ​ទាំងមូល​ដដែល​។​

​បើ​ទោះបីជា​ តុលាការ​ទាំង​បី​ថ្នាក់​ បាន​សម្រេច​ឲ្យ​លោក​ មាស​ ឡេ​ង​ ឈ្នះក្តី​ក៏​ដោយ​ តែ​ទណ្ឌិត​ឈ្មោះ​ ភុំ​ មុនី​រ័​ត្ន​ នៅ​តែ​មាន​សេរីភាព​ជា​ធម្មតា​ និង​បាន​បង្ហោះ​សារ​ឌឺដង​តាម​រយះ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ទៅ​កាន់​ដើមបណ្តឹង​ទៀត​ផង​ ទើប​នៅ​ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២០​ មេធាវី​តំណាង​ដោយ​អណ​ត្តិ​របស់​លោក​ មាស​ ឡេ​ង​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដីកា​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត​ ភុំ​ មុនី​រ័​ត្ន​ នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២០​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ពិនិត្យ​សំណុំរឿង​និង​ឯកសារ​ពាក់ព័ន្ធ​ ចប់​សព្វគ្រប់​អស់ហើយ​ ក៏​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ឃុំខ្លួន​ ទណ្ឌិត​ ភុំ​ មុន្នី​រ័​ត្ន​ ប្រគល់​ជូន​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត​រូប​នេះ​រហូត​បាន​សម្រេច​ និង​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ ដើម្បី​អនុវត្ត​ទោស​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែមីនា​ឆ្នាំ​២០២០​ នេះ​រួច​ហើយ​៕

ចំនួនអ្នកទស្សនា

    20509767

  • ថ្ងៃនេះ2281
  • ម្សិលមិញ15191
  • សប្តាហ៍នេះ45431
  • ខែនេះ67311
  • ឆ្នាំនេះ67311
  • សរុប20509767