ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់លោកនាយក/ លោកស្រីនាយិកា ក្រុមហ៊ុនកាស៊ីណូទាំងអស់ នៅព្រះរាជាណាចក្រុកម្ពុជាឱ្យជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ការីករាលដាល និងចម្លងនៃវីរុសកូវីដ-១៩(Covid-19) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវវិធានការដូចខាងក្រោម៖
១-ក្រុមហ៊ុនកាស៊ីណូទាំងអស់ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នចាប់ពីម៉ោង២៤៖០០នាទី នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី
២-ចំពោះកាតព្វកិច្ចចំណូលប្រចាំខែ ត្រូវបានលើកលែងចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ តទៅ រហូតដល់ថ្ងៃអនុញ្ញាតឱ្យបើកដំណឹងការអាជីវកម្មឡើងវិញ
៣-ក្នុងករណីអនុវត្តផ្ទុយពីការណែនាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការតាមច្បាប់ជាធរមាន ៕