ភ្នំពេញ៖ ក្រុមជនស៊ីវិលមួយក្រុមជិះរថយន្ដចំនួន៣គ្រឿង និងម៉ូតូជាច្រើនគ្រឿង ហើយនៅក្នុងនោះគេស្គាល់ថា មានម្នាក់ជាមន្ត្រីនគរបាលផង បានដកកាំភ្លើងបាញ់ប្រមាណជា១០គ្រាប់ កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅចំណុចផ្លូវរថភ្លើង ក្នុងភូមិ៣ សង្កាត់ស្រះចក (ប្លុកក្តាន់២) ភ័យស្លន់ស្លោ។
បើតាមប្រជាពលរដ្ឋថា មុនដំបូងគេឃើញរថយន្តចំនួន៣គ្រឿងនិងម៉ូតូជាច្រើនគ្រឿងស្លៀកពាក់ស៊ីវិលទំនងជាកម្លាំងសមត្ថកិច្ចផ្នែកណាមួយបានចុះមកដល់ចំណុចកើតហេតុខាងលើ រួចហើយបានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ដោយមិនដឹងមូលហេតុ, បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់រួច ពួកគេបាននាំគ្នារត់ឡើងជិះរថយន្តនិងម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយមានការភ្ញាក់ផ្អើលគេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានចុះទៅសួរនាំ និងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនដែលបាញ់បោះសេរីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕