ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ករណីថ្មី នៅខេត្តសៀមរាប មានដូចតទៅ៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ និងកូនប្រុស អាយុ១២ឆ្នាំ រស់នៅក្រុងសៀមរាប វិជ្ជមានវីរុសកូវីដ១៩។ សរុបទាំងអស់ប្រទេសយើងមានចំនួន ១០៩ករណី។ ស្ត្រីរូបនេះ ជាភរិយាបុរស អាយុ៤០ឆ្នាំ ដែលមានវីរុសកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ហើយបុរសរូបនេះ ជាអ្នកដែលបានវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ បុគ្គលទាំង២នាក់ (ម្តាយនិងកូន) ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ រីឯកូន ២នាក់ទៀត និងឪពុកក្មេក មានលទ្ធផលតេស្តអវិជ្ជមាន។
ក្រសួងសុខាភិបាលបានបន្តថា គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មកដល់ត្រឹមម៉ោង០៧នឹង០០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានដូចតទៅ៖
-អ្នកព្យាបាលជាសះស្បើយសរុបចំនួន២៣នាក់(ស្មើនឹង២១,១០% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់) ដែលក្នុងចំនួននេះ មានបុរសជនជាតិចិនម្នាក់ ស្ត្រីជនជាតិអង់គ្លេស ២នាក់ បុរសជនជាតិអង់គ្លេសម្នាក់ បុរសជនជាតិបារាំងម្នាក់ និងបុរសជនជាតិខ្មែរ១៨នាក់។
-អ្នកដែលកំពុងសម្រាកព្យាបាល សរុបចំនួន៨៦នាក់(ស្ត្រី២៨នាក់ និងបុរស៥៨នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។
-អ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់(រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេស សរុបចំនួន១០៩នាក់ (ស្ត្រី៣០នាក់ និងបុរស៧៩នាក់)។
ក្រុមការងាររបស់ក្រសួងសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្តទៀត ហើយនឹងបន្តជម្រាបជូនដល់បងប្អូនសាធារណជន ប្រសិនបើមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីណាផ្សេងទៀត ៕