កណ្ដាល៖ ដោយមានការចង្អុរបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលស្រុកកោះធំ ចុះស្រាវជ្រាវបង្ក្រាបចាប់ខ្លួនជនដៃដល់ដែលកាប់ប្រហារប្ដីប្រពន្ធ២នាក់នៅស្រុកកោះធំបានហើយ។ ករណីប៉ុនប៉ងឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចរោងលក់ដូររបស់ជនរងគ្រោះ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បានហើយ។
មន្ដ្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ លី លាំងហាវ (LI LIANGHAO)ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះមាន២នាក់ទី១.ឈ្មោះ ង្វៀង យ៉ាំងយុង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់គុយទាវ (រងរបួសធ្ងន់) និងទី២.ឈ្មោះ ដង ធីយឹង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ និងលក់ គុយទាវ (រងរបួសធ្ងន់)។ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ បច្ចុប្បន្នស្នាក់នៅភូមិ/ឃុំ កើតហេតុ។
ដោយឡែកវត្ថុតាងដកហូតបានមាន៖ កាំបិត១ មានដង ផ្លែធ្វើអំពីដែក មានទំហំ ៣៦x៦ សង់ទីម៉ែត្រ ,អាវយឺតដៃវែងពណ៌ឈាមជ្រូក មានឡេវរូតពីមុខ១ ,ស្បែកជើងចំពាមជ័រ ពណ៌ខ្មៅ ម៉ាកPedro១គូរ ,អាវយឺតដៃខ្លី ពណ៌ស មានរូបមនុស្សម្នាក់០១,ខោយឺតជើងវែង ពណ៌ខ្មៅ មានអក្សរអង់គ្លេស LI LI NING ១ ,ខោលីអូ ពណ៌ស្វាយ១ ,ធុងជ័រពណ៌ក្រហម ដែលមានទឹកត្រាំខោអាវប្រឡាក់ឈាម១ ,លិខិតឆ្លងដែន១ ,អត្តសញ្ញាណប័ណ្ណជនជាតិចិន១សន្លឹក ,កាតធនាគារ១សន្លឹក ,កាបូបដៃ ពណ៌ខ្មៅ ម៉ាកJINBAOLAI ១ ,កាបូបស្ពាយ ពណ៌ខ្មៅ១ និងវ៉ាលីដាក់ខោអាវ ពណ៌ខ្មៅ១។
ប្រភពដដែលបន្ដថា កាលពីយប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២០ បន្ទាប់ជនរងគ្រោះ២ប្ដីប្រពន្ធ២នាក់ខាងលើ រៀបចំទុកដាក់ឥវ៉ាន់លក់ដូររួច ជនរងគ្រោះទាំង២នាក់ បានដេកនៅលើគ្រែក្នុងតូបលក់ដូររបស់ខ្លួនដោយពុំបានចាក់សោរទ្វាត្រឹមត្រូវទេ លុះមកដល់វេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ ស្រាប់តែមានជនសង្ស័យម្នាក់ បានដើរចូលក្នុងបន្ទប់ដេកជនរងគ្រោះ រួចយកកាំបិតកាប់ទៅលើជនរងគ្រោះទាំង២នាក់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏រត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម តែម្ដង។
ប្រភពដដែលបន្ដទៀតថា បន្ទាប់ពីមានករណីមានជនមិនស្គាល់មុខកាប់ទៅលើជនរងគ្រោះ២នាក់ប្ដីប្រពន្ធខាងលើ ភ្លាមនោះ នគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលជំនាញស្រុកកោះធំ ក្រោមការចង្អុរបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានចុះធ្វើការស្រាវជ្រាវរកមុខសញ្ញារហូតកំណត់មុខសញ្ញាច្បាស់ឈានដល់ចាប់ខ្លួនជនសង្ស័យជាជនជាតិចិនឈ្មោះ លី លាំងហាវ (LI LIANGHAO) ភេទប្រុស អាយុ៣២ឆ្នាំ យកមកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជំនាញ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំបិត កាប់ទៅលើជនរងគ្រោះ២នាក់ប្ដីប្រពន្ធជាជនជាតិវៀតណាមប្រាកដមែន ដោយសារតែមានគំនុំខឹងជនរងគ្រោះ ព្រោះជនរងគ្រោះទាំង២នាក់នេះ បានជេរប្រមាថ មកលើរូបគេរឿងដែលរូបគេទៅជុះនោមដាក់ជញ្ជាំងផ្ទះជនរងគ្រោះ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕