ភ្នំពេញ៖ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែមីនា ឆ្នាំ២០២០ ដោយមានការឯកភាព និងយល់ព្រមពីប្រធានព្រះរាជអាជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សេង ចិន្តា ភេទប្រុស ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីវេលាម៉ោង ២១នឹង១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ និងដឹកនាំកម្លាំងដោយផ្ទាល់របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានតាមចាប់ខ្លួនបាននៅវេលាម៉ោង១នឹង២០នាទី រំលងអាធ្រាត្រ ត្រូវបានបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១១នឹង៥០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BA-9111 បានបើកបុកទៅលើម៉ូតូ០១គ្រឿង បណ្តាលអោយស្លាប់មនុស្សចំនួន២នាក់ នៅត្រង់ចំណុច មុខផ្ទះលេខ១២៣ ផ្លូវ៥៩ប៉េ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅវេលាម៉ោង២១នឹង១០នាទី រួចជនបង្កក៏បានបើករថយន្តគេចខ្លួន។
ក្រោយពីស្រាវជ្រាវនៅវេលាម៉ោង០១នឹង២០នាទីរំលងអាធ្រាត្រ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់នាំខ្លួនជនបង្កបានភ្លាមៗ និងយកមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
បច្ចុប្បន្នជនបង្ក និងរថយន្ត ត្រូវបាននាំយកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរៀបចំសំណុំឯកសារ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕