សមត្ថកិច្ចខេត្តសៀមរាប នាំខ្លួនស្ត្រីម្នាក់មកអប់រំ ករណី បង្ហោះលក់ ឧបករណ៍ធ្វើតេស្ដកូវីដ-១៩ ដែលមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល

31-March-2020 | ដោយ ពលមនសិការ

សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅនាយកដ្ឋានជំនាញនៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងនគរបាលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តចុះស្រាវជ្រាវ និងឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ លាន ស្រីខួច បានបង្ហោះ លក់ ឧបករណ៍ធ្វើតេស្ដរកកូវីដ-១៩ ដែលមាន អ្នកប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ លាន ស្រីខួច ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ អាជីវករ មានទីតាំង នៅផ្សារភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខបានបញ្ជាក់ថាយោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការចរាចរខុសច្បាប់ឧបករណ៍ធ្វើតេសរកកូវីដ-១៩ លោកបានដឹកនាំកម្លាំងសហការជាមួយនាយកដ្ឋានជំនាញ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់មកសាកសួរ។ តាមចម្លើយសារភាពរបស់សាមីខ្លួនបានឆ្លើយថា ខ្លួនពិតជាបាន បង្ហោះលក់ឧបករណ៍ធ្វើតេស្ដរក កូវីដ-១៩ ពិតមែន ដោយសារ ឃើញតាម បណ្តាញសង្គម ដែលមានគណនីឈ្មោះ Na Na (Sey Tana)បង្ហោះលក់ ខ្លួនក៏បានទាក់ទងទៅសុំទិញដើម្បីយកមកលក់បន្ត ហើយខ្លួនក៏បានយករូបភាពនិងខ្លឹមសារមកបង្ហោះលើបណ្តាញសង្គមរបស់ខ្លួនតែម្តង។ មកដល់ពេលនេះ ម្ចាស់គណនីឈ្មោះ Na Na (sey Tana)មិនទាន់បានផ្ញើទំនិញកម្មង់នោះមកទេ ដោយប្រាប់ថា ឥវ៉ាន់នេះ កំពុងជាប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ហើយនៅថ្ងៃដដែល ខ្លួនក៏ត្រូវបានសមត្ថកិច្ចហៅយកមកសួរនាំតែម្តង។

ក្រោយការសាកសួររបស់សមត្ថកិច្ច សាម៉ីខ្លួនបានសារភាព និងទទួលស្គាល់នូវទោសកំហុស ហើយសមត្ថកិច្ចក៏បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា។ លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថាដោយមានការឯកភាពពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបសមត្ថកិច្ចអនុញ្ញាតអោយស្ត្រីរូបនេះត្រឡប់ទៅគេហដ្ឋានវិញ ៕

 

ចំនួនអ្នកទស្សនា

    20508197

  • ថ្ងៃនេះ711
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43861
  • ខែនេះ65741
  • ឆ្នាំនេះ65741
  • សរុប20508197