ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញបុរសជនជាតិខ្មែរ អាយុ៥៨ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយនៃខេត្តព្រះសីហនុវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ។
ប្រភពដដែលបន្តថា បុរសរូបនេះ ជាអ្នកគ្រប់គ្រងនិងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងទាំងអស់នោះ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកទេសចរបារាំង មានវីរុសកូវីដ១៩ ដែលបានរកឃើញនៅក្រុងព្រះសីហនុ។
នេះយោងតាមសេចក្តីដំណឹងរបស់ក្រសួងសុខាភិបាលដែលសារព័ត៌មាន ភ្នំពេញថាមស៍ ទទួលបាននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។
សេចក្តីជូនដំណឹងដដែលបន្តថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមាន៖
-អ្នកព្យាបាលជាសះស្បើយ សរុប៣៤នាក់ (ស្មើនឹង៣០,៩១% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់) ដែលមានបុរសជនជាតិចិនម្នាក់ ស្ត្រីជនជាតិអង់គ្លេស២នាក់ បុរសជនជាតិអង់គ្លេសម្នាក់ បុរសជនជាតិប៊ែលហ្សិកម្នាក់ បុរសជនជាតិបារាំង៣នាក់ ស្ត្រីជនជាតិបារាំង៥នាក់ និងបុរសជនជាតិខ្មែរ២១នាក់ (គិតចាប់ពីខែមករា ដល់បច្ចុប្បន្ននេះ)។
-អ្នកដែលកំពុងសម្រាកព្យាបាល បានថយចុះមកនៅសរុបចំនួន៧៦នាក់ (ស្ត្រី២៣នាក់ និងបុរស៥៣នាក់) នៅតាមមន្ទីរពេទ្យរដ្ឋ នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។
-អ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់(រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន១១០នាក់ (ស្ត្រី៣០នាក់ និងបុរស៨០នាក់) ៕