សៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនចោរឆក់កាបូបម្នាក់នៅតំបន់អង្គរ បានម្នាក់និងបានបន្តស្រាវជ្រាវឃាត់ខ្លួនបក្ខពួកក្រុមឆក់កាបូបបាន៥នាក់បន្ថែមទៀត។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមេសានេះថា ដោយទទួលបានផែនការការពារ និងល្បាតក្នុងខេត្តសៀមរាបជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានល្បាតតាមគោលដៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងស្ត្រីម្នាក់ករណីឆក់កាបូបនៅតាមផ្លូវទៅអង្គរវត្ត។ ក្នុងនោះកម្លាំងរបស់លោក បានដេញប្រផាប់ចាប់ប្រផីងបណ្តាលឲ្យជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ ឯ២នាក់ទៀតរត់រួចខ្លួន។
ជនសង្ស័យដែលឃាត់បាននោះ ឈ្មោះដោ រ៉ូស៊ីញ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្តថា លុះដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់បន្ថែមដែលជាបក្សពួកនិង ជនដៃដល់ខាងលើ ។ ជនសង្ស័យទី១-ឈ្មោះ សេង ដាវី ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប។ ទី២-ឈ្មោះ ចាន់សុធា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប។ទី៣-ឈ្មោះ រិទ្ធី ឡាយហួ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ករណីឆក់កាបូប។ទី៤-ឈ្មោះ ហឿត សុផាត ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ករណីឆក់កាបូប។ ទី៥-ឈ្មោះ ឆោម រតនា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ករណីឆក់កាបូប។
លោកបញ្ជាក់ថា សម្ភារៈបាត់បង់មានដូចជា៖កាបូបស្ពាយពណ៌ខ្មៅមានខ្សែដែកពណ៌ស, ទូរសព្ទដៃម៉ាកវីវ៉ូពណ៌ក្រហមមួយគ្រឿង, ទូរសព្ទដៃម៉ាក់អិនចុចពិលមួយគ្រឿង,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១, ប័ណ្ណបសសចំនួន១និងសម្ភារៈមួយចំនួនទៀត និងលុយ។
លោកបន្ថែមថា ដកហូតជាក់ស្ដែងមកវិញមានដូចជា៖១ទូរស័ព្ទដៃមួយគ្រឿងម៉ាក vivo ក្រហមក្រម៉ី មួយគ្រឿងដែលជារបស់ជនរងគ្រោះ,កាតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ដែលជារបស់ជនរងគ្រោះ។ កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួនមួយដែលជារបស់ជនរងគ្រោះ។តាមចម្លើយសារភាពរបស់ពួក ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថាពួក ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបនៅក្នុងក្រុងសៀមរាប ពិតប្រាកដមែន។ បន្ទាប់សាកសួររួចរាល់ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៦នាក់ទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់។ចំណែកសម្ភារៈដែលជារបស់ជនរងគ្រោះត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប ប្រគល់ជូនជនរងគ្រោះវិញហើយ ៕