ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៤៩រូប។
អង្គប្រជុំបានដំណើរការតាមរបៀបវារៈចំនួន ០៣រួមមាន៖
របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ូយាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត ខេត្តកោះកុង ។
សេចក្តីព្រាងច្បាប់នេះ មានផលប្រយោជន៍ក្នុងការជំរុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្របដណ្តប់ គ្រប់ភូមិទូទាំងប្រទេស ព្រមទាំងធានាបាននូវសន្តិសុខក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី មានគុណភាព និងតម្លៃសមរម្យ ថែមទាំងអាចជួយកាត់បន្ថយការទិញអគ្គិសនី ដែលមានតម្លៃថ្លៃពីប្រភពនាំចូលមកពីប្រទេសជិតខាង។ ប្រការនេះនឹងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃលក់អគ្គិសនី ដែលនឹងជំរុញបន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនទូទាំងប្រទេស ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១០៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៤៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព២៦៥មេហ្គាវ៉ាត ខេត្តឧត្តរមានជ័យ។
សេចក្តីព្រាងច្បាប់នេះ មានសារសំខាន់ក្នុងការជួយទ្រទ្រង់ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ធានាបាននូវសមធម៌សង្គម និងការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ជាពិសេសនេះជាកត្តាជំរុញដល់ការអនុវត្តគោលនយោបាយរបស់រាជ- រដ្ឋាភិបាលដើម្បីបញ្ចុះតម្លៃអគ្គិសនី និងផ្គត់ផ្គង់អគ្គិសនីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់ភូមិ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១០៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៤៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញ បញ្ជូនអគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។
សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារសំខាន់ និងមានផលប្រយោជន៍ធំទូលាយ អាស្រ័យដោយគម្រោងនេះអាចរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលខិតខំកាត់បន្ថយថ្លៃអគ្គិសនី ព្រមទាំងជំរុញបន្ថែមទៀតនូវដំណើរការការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងធានាមានអគ្គិសនីប្រើប្រាស់នៅគ្រប់ភូមិនៅទូទាំងប្រទេស។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១០៩សំឡេង នៃចំនួ៣នសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៤៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕