សៀមរាប៖ កាលពីថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មានករណីអគ្គិភ័យ ភ្លើងឆេះព្រៃសហគមន៍បឹងពារាំង រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថាភ្លើងឆាបឆេះព្រៃសហគមន៍បឹងពារាំងមានរយៈពេល០៤ថ្ងៃ គឺចាប់ផ្តើមឆេះពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ហើយបណ្តាលអោយរងការខូចខាតឆេះព្រៃសហគមន៍បឹងពារាំងអស់ប្រហែល៦០% ។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់បន្ថែមថាកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃ អស់រយៈពេល ០៤ថ្ងៃ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង មាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសៀមរាបចំនួន០១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តសៀមរាបចំនួន ០២គ្រឿង ដោយប្រើប្រាស់ទឹកសរុបអស់ចំនួន៤៣ទ្បាន។
ក្នុងប្រតិបត្តិការអន្តរាគមន៍នេះ សមត្ថកិច្ចចម្រុះក៏បានប្រើប្រាស់៖
- គ្រឿងចក្រ អេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង
- ត្រាក់ទ័រ ចំនួន ០១គ្រឿង
- អាប៊ុល ចំនួន ០១គ្រឿង
ចំណែកមូលហេតុនៃការគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចកំពុង ស្រាវជ្រាវ ៕