លោកជំទាវ ម៉ែន សំអន ផ្តល់អនុសាសន៍ចំនួន៣ចំណុច ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ក្រសួងធម្មការ និងសាសនា ឲ្យកាន់តែមានប្រសិទ្ធភាព

02-April-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និង ចូលកាន់ដំណែង រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងធម្មកានិងសាសនា។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់អង្គពិធីនូវក្តីនឹករលឹក និងបានកោតសសើរដល់ ឯកឧត្តម ហ៊ឹម ឆែម ដែលបានដឹកនាំស្ថាប័នកន្លងមកសម្រេចបានលទ្ធផលគួរជាទីមោទនៈ តាមរយៈ សកម្មភាពនានា ការរៀបចំបង្កើតឲ្យមានកម្មវិធីជាច្រើន ក្នុងនោះកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម និងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា បានសម្តែងធម្មទេសនា និងការអប់រំដល់ពុទ្ធបរិស័ទ មន្ត្រីរាជការ និស្សិត សិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំនានា ចូលរួមស្តាប់ និងសាកសួរ ដើម្បីបញ្ជ្រាបការអប់រំឲ្យផ្លូវចិត្តឲ្យមានការស្ងប់ស្ងាត់ល្អ រួមជាមួយនឹងការបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារ្យរិនី ខ្មែរផងដែរ ដោយបានធ្វើការចាក់ផ្សាយតាមស្ថានីយ៍វិទ្យុ និងទូរទស្សន៍ រដ្ឋនិងឯកជន ផងដែរ។

លោកជំទាវក៏បានបន្តទៀតថា ក្នុងស្ថានភាពបច្ចុប្បន្នដែលមានការឆ្លង និងរាតត្បាតដោយជំងឺកូវីដ-១៩ នៅទូទាំង ពិភពលោក ក៏បានឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និងសាសនា ត្រូវយកចិត្តទុក្ខដាក់ខិតខំផ្សព្វផ្សាយ ឱ្យសាសនិក គ្រប់សាសនាទាំងអស់ចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺCovid-19 តាមការ ណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ។

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ក្រសួងធម្មការ និងសាសនា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លោកជំទាវក៏បាន ផ្តល់អានុសាសន៍ ដូចតទៅ៖

ទី១. ឯកឧត្តមរដ្ឋមន្ត្រីត្រូវដឹកនាំក្រសួង ដោយប្រកាន់យកភាពម្ចាស់ការ ឯករាជ្យភាព តម្លាភាព គណនេយ្យភាព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមតួនាទីស្នូលរបស់ក្រសួងរួមចំណែកជួយដល់រាជរដ្ឋាភិបាល។

ទី២. ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង អនុវត្តការងារតាមច្បាប់ និងលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល និងបន្តកសាងគោលការណ៍នានាទាក់ទងការពង្រឹងស្ថាប័ន។

ទី៣. ត្រូវពង្រឹងស្ថាបន័ ពង្រឹងមន្ត្រីរាជការ តាមរយៈ បាវចនា ២ គឺ៖ កែទម្រង់ខាងក្នុង បង្កើនមិតខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងការអនុវត្តអភិក្រមទាំង៥របស់សម្តេចតេជោ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕

 

ចំនួនអ្នកទស្សនា

    20508267

  • ថ្ងៃនេះ781
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43931
  • ខែនេះ65811
  • ឆ្នាំនេះ65811
  • សរុប20508267