ភ្នំពេញ៖ ម៉ាសចំនួន១ម៉ឺន២ពាន់ម៉ាស ទឹកអាល់កុល៦១០ដបនិង៩០លីត្រជាមួយទឹកបរិសុទ្ធចំនួន២០កេសត្រូវបានសប្បុរសជននានានៅក្នុងរាជធានីភ្នំពេញឧបត្ថម្ភជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញដើម្បីទុកប្រើប្រាស់សម្រាប់បង្ការទប់ស្កាត់វីរុសកូវីដ១៩។ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការបង្ការទប់ស្កាត់វីរុសកូវីដ១៩កុំឱ្យរីករាលដាលថែមទៀត។ គ្រាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាត្រៀមបម្រុងទឹកអាកុល ម៉ាសការពារនិងសម្លៀកបំពាក់ពេទ្យជាច្រើនដើម្បីទុកដោះស្រាយជូនប្រជាពលរដ្ឋនិងក្រុមគ្រូពេទ្យជួរមុខកំពុងព្យាបាលអ្នកជម្ងឺកូវីដ១៩ មិនឱ្យមានការឆ្លងជម្ងឺវីរុសកូវីដ១៩នោះឡើយ។ការផ្តល់ជូននិងទទួលម៉ាសនិងទឹកអាកុលបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍នូវការថ្លែងអំណរគុណ ដល់លោកលោកស្រីម្ចាស់ក្រុមហ៊ុន សហគ្រាស អង្គការ សមាគម នានាដែលបានគិតគូយកចិត្តទុកពីសុខមាលភាព ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ។
កម្លាំងនគរបាលរាជធានីភ្នំពេញមាតួនាទីភារកិច្ចទទួលខុសត្រូវខ្ពស់ការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ជាងនេះថែមទៀតក្រៅពីបំពេញការងារស្នូលក៏បានរួមចំណែកជាមួយក្រសួងសុខាភិបាលកម្ពុជាផ្សព្វផ្សាយអប់រំជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងកម្លាំងនគរបាលនៅតាមអង្គភាពឱ្យបានយល់ដឹងនិងការចូលរួមវិធានការបង្ការទប់ស្កាត់ជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួនបំផុត។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានលើកឡើងទៀតថាក្នុងតំណាក់កាលដែលកម្ពុជាប្រឈមនូវការឆ្លងរាលដាលជម្ងឺកូវីដ១៩ ហើយមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយព័ត៌មានខុសពីការពិតតាមហ្វេសប៊ុក បង្កឱ្យមានភាពវឹកវរក្នុងសង្គមនិង ការផ្សព្វផ្សាយលក់ថ្នាំរឺឧបករណ៍ព្យាបាលជំងឺកូវីដ១៩ ក៏ដូចជាលក់ឧបករណ៍ធ្វើតេស្តរកវីរុស កូវីដ១៩ដោយខ្លួនឯង ខុសច្បាប់ក្នុងគោលបំណងរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ។ ទប់ស្កាត់បញ្ហានេះកម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានស្រាវជ្រាវបង្ក្រាបចាប់ខ្លួនមនុស្សមួយចំនួនទាំងនោះជាបន្តបន្ទាប់ជនខ្លះត្រូវបានយកទៅអនុវត្តតាមផ្លូវច្បាប់និងមួយចំនួនទៀតត្រូវបានអប់រំនិងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕