ភ្នំពេញ៖ នគរបាលចរាចរមកពីតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៨៥នាក់ ទទួលបានវគ្គបណ្តុះបណ្តាលរៀនសូត្រពង្រឹងសមត្ថភាពឱ្យបានយល់ដឹងនិងចុះអនុវត្តការងារឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ស្តីពីការផាកពិន័យអន្តការណ៍ចំពោះល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ អនុក្រឹត្យលេខ៣៩ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤។ អនុក្រឹត្យ៣៩ ត្រូវគេមើលឃើញថាបានសម្រេចផាកពិន័យធ្ងន់ធ្ងរជាងមុនចំពោះអ្នកបើកបរយានយាន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីពង្រឹរស្មារតីឱ្យអ្នកបើកបរយាយន្តទាំងអស់ចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។ក្នុងគោលបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាគ្រាដែលនៅឆ្នាំ២០១៩ កន្លងទៅនេះអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់និងរងរបួសមានការកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភស្ថិតក្នុងភាពប្រកាសអាសន្ន។
វគ្គបណ្តុះបណ្តាលជូនដល់នគរបាលចរាចររាជធានីភ្នំពេញបានធ្វើឡើងរយៈ៥ថ្ងៃមានសិក្ខាកាម៨៥នាក់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារចរាចរណ៍។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏គ្រោងបើកវគ្គបណ្តុះបណ្តាលរៀនសូត្រវគ្គនេះដូចគ្នាផងដែរជូននគរបាលចរាចររហូតដល់១០វគ្គមានសរុបចំនួន៨៣៧នាក់។
សូមរំលឹកថាពាក់ព័ន្ធនិងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ អនុ ក្រឹត្យលេខ៣៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាមានតែវិធី ពង្រឹងច្បាប់យ៉ាងខ្ជាប់ខ្ជួននោះទេទើបអាចដោះស្រាយ បញ្ហាទាំងនោះបាន។
សម្តេចក្រឡាហោម ស ខេង បានប្រកាសបទបញ្ជាធ្វើការដាក់ពិន័យតឹងរ៉ឹងដល់អ្នកល្មើសច្បាប់ចរាចរណ៍ និងព្រមានមន្ត្រីនគរបាលអនុវត្តច្បាប់នូវកត្តាសីលធម៌និងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវដើម្បីចូលរួមការកាត់បន្ថយ បទល្មើសចរាចរណ៍ដែលបន្តគំរាមជីវិតមនុស្សជារៀងរាល់ថ្ងៃ។
យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែ បានសម្លាប់មនុស្សរាប់រយនាក់ ក្នុងមួយខែៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០លាន ដុល្លារផងទៀតក្នុងមួយឆ្នាំៗ។ របាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩ បានបង្ហាញថាក្នុងមួយឆ្នាំកន្លងមកនេះ គ្រោះថ្នាក់តាមដងផ្លូវ បានធ្វើឲ្យមនុស្សស្លាប់១៩៨១នាក់ លើសពីឆ្នាំ២០១៨ចំនួន២២០នាក់, ចំណែកចំនួនអ្នករងរបួសមាន៦ពាន់១៤១ នាក់ ដែលកើនជាងឆ្នាំ២០១៨ចំនួន១៣៧១នាក់។ ចំនួនគ្រោះថ្នាក់ដែលកើននោះហើយ បានជម្រុញឲ្យរាជរដ្ឋា ភិបាលចាំបាច់ត្រូវកែសម្រួលមាត្រាមួយចំនួនដូចជា មាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា ១៣ មាត្រា១៤ និងមាត្រា១៥ នៅក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ដែលត្រូវពិន័យ។
ក្នុងអនុក្រិត្យដែលបានកែសម្រួល បទល្មើសជិះម៉ូតូមិនពាក់មួកសុវត្ថិភាពត្រូវបានផាកពិនិត្យ៦ម៉ឺនរៀល។ ផាក ពិន័យ៨ម៉ឺនរៀល ចំពោះអ្នកបើកបរដែលនិយាយទូរសព្ទ័គ្មានឧបករណ៍ដាក់ត្រចៀក, អ្នកប្រើឧបករណ៍សូរសព្ទ័, ការតាំងគ្រឿងបំភ្លឺ ខុសបច្ចេកទេស និងអ្នកបើកបរលើសល្បឿន។ ផាកពិន័យ១០ម៉ឺនរៀលចំពោះអ្នកជិះបង្ហោះ ឆាបរេចុះឡើង គៀរ ប្រើជន្ទល់អូសលើផ្លូវ បច្ចេកសម្លេងម៉ាស៊ីនខ្លាំង ឬមានផ្សែងច្រើនលើសស្ដង់ដារបច្ចេកទេស បើកបរមិនពាក់វែនតា តាមការកំណត់ក្នុងបណ្ណបើកបរ បើកខុសទិសចរាចរណ៍ ជាន់លើគំនូសបង្ហូតទ្រូងផ្លូវ លើសល្បឿន បទ ល្មើសនឹងការជៀស ការបទបត់ និងការជែង និងបទល្មើសមួយចំនួនទៀត។ ត្រូវផាកពិន័យចំនួន១២ម៉ឺនរៀលចំពោះអ្នកបើកបរគ្មានបណ្ណ័បើកបរ គ្មានបណ្ណសំគាល់ គ្មានស្លាកលេខ មិនបាន ត្រួតពិនិត្យបច្ចេកទេសតាមការកំណត់ ប្ដូរពណ៌យានយន្តគ្មានការអនុញ្ញាត បើកបរយានយន្តខុសពីបណ្ណបើកបរ ស្លាកលេខកែ លុប បាក់ ជាដើម។ ត្រូវផាកពិន័យ១៥ម៉ឺនរៀលចំពោះអ្នកបើកបរប្រណាំងគ្នាគ្មានការអនុញ្ញាត លើផ្លូវសាធារណៈ។ ត្រូវផាកពិន័យចំនួន២៥ម៉ឺនរៀលចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង។ ចំពោះអ្នកបើករថយន្តវិញ ចាប់ផាកពី៧ម៉ឺន៥ពាន់រៀលឡើងទៅដល់៤លានរៀលទៅតាមប្រភេទបទល្មើស ផ្សេងៗ។ ចំពោះជនណាដែលមិនព្រមបង់ប្រាក់ពិន័យរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ ការផាកពិន័យត្រូវគុណនឹង ២ដង មិនព្រមបង់រយៈពេល៣០ថ្ងៃត្រូវគុណប្រាក់ពិន័យនឹង៣ដង មិនព្រមបង់ប្រាក់ពិន័យរយៈ ពេល៦០ថ្ងៃ សមត្ថកិច្ចនឹងបញ្ជូនករណីនោះទៅតុលាការ ៕