សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​សម្ភារ​ការពារ​ជំងឺ​កូ​វី​ដ​១៩

13-April-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ៦​រោច​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយក​រដ្ឋ​ម​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​សម្ភារ​ការពារ​ជំងឺ​កូ​វី​ដ​១៩​ជូន​អគ្គនាយកដ្ឋាន​ និង​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ​ ប្រារព្ធ​នៅ​ទីស្ដីការក្រសួង​ហា​ផ្ទៃ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ថ្លែង​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម​ និង​អង្គពិធី​ថា​ក្រសួង​បាន​ទទួល​ជំនួយ​សប្បុរសធម៌​ជា​ប្រាក់​រៀល​ចំនួន​៥៦​លាន​២០​ពាន់​រៀល​ ប្រាក់​ដុល្លារ​ចំនួន​១៧៣៩០​ដុល្លារ​ និង​ជា​សម្ភារ​ ម៉ាស់​ចំនួន​៧០​ម៉ឺន​បន្ទះ​ សាប៊ូ​ជា​៣២​ម៉ឺន​៨​ពាន់​ដុំ​ អាល់កុល​១​ម៉ឺន​៥​ពាន់​លី​ត្រ​ ជេ​ល​លាងដៃ​១៧៨៣​ដប​ អាល់កុល​ដប​ចំណុះ​១០០​មី​លី​លី​ត្រ​១​ពាន់​ដប​ អាល់កុល​ចំណុះ​៧៥​មី​លី​លី​ត្រ​៥៥៥​ដប​ ឧបករណ៍​ស្ទង់​កំ​ដៅ​៥០០​គ្រឿង​ ស្រោមដៃ​៣​ពាន់​គូ​ ថ្នាំ​សម្លាប់​មេរោគ​៥៨០០​ដប​។​

​ឯកឧត្តម​បន្ត​ថា​សម្ភារ​ទាំង​អស់នេះ​ នឹង​ត្រូវ​បែង​ចែង​ជូន​មន្ត្រី​ចំនួន​១០១​ពាន់​៤១៨​នាក់​ក្នុង​អង្គភាព​ចំនួន​១៦​ រួម​មាន​ម៉ាស់​២៩០​ពាន់​៧០​បន្ទះ​ អាល់កុល​១០​ពាន់​១៤៤​លី​ត្រ​ សាប៊ូ​១៦៤​ពាន់​៣០២​ដុំ​ ឧបករណ៍​ស្ទង់​កំ​ដៅ​៤៨៣​គ្រឿង​។​ ដោយឡែក​សម្រាប់​រថយន្ត​ត្រូវ​បែងចែក​ជូន​ស្នងការ​រាជធានី​ខេត្ត​ សម្ដេច​ក្រឡាហោម​ នឹង​បន្ត​ផ្ដល់​រថយន្ត​៥០​គ្រឿង​ទៀត​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជាប់​ព្រំដែន​ ដោយ​ផ្ដល់​អាទិភាព​ជូន​អធិការ​នគរបាល​ស្រុក​ជាប់​ព្រំដែន​។​ ច្នេះ​គិត​ត្រឹម​បច្ចុប្បន្ន​ មាន​អធិការដ្ឋាន​ក្រុង​ស្រុង​ចំនួន​៥៣​បាន​បំពាក់​រថយន្ត​រួចរាល់​ និង​នៅ​សល់​១៥០​ក្រុង​ស្រុក​ខណ្ឌ​ទៀត​។​

​បន្ទាប់​មក​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​មាន​ប្រសាសន៍​ទៅ​កាន់​អង្គពិធី​ ដោយ​នា​ឱកាស​នោះ​ ក្នុង​នាម​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​ សម្ដេច​បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ី​វិល​ និង​នគរបាល​ក្រសួងមហាផ្ទៃ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​ចូលរួម​គាំទ្រ​វិធានការ​របស់​គណៈកម្មាធិការ​ជាតិ​ និង​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ មក​ដល់​ពេល​នេះ​ ពិភពលោក​មិន​ទាន់​មាន​ភាព​ធូរស្រាល​ពី​ជំងឺ​កូ​វី​ដ​១៩​នៅឡើយ​ទេ​ ពីព្រោះ​តែ​អត្រា​អ្នក​ឆ្លង​ និង​អ្នក​ស្លាប់​នៅ​តែ​ស្ថិត​ក្នុង​កំណើន​ខ្ពស់​ជា​រៀងរាល់ថ្ងៃ​។​ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​ ពេល​នេះ​មិន​ទាន់​មាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់​នៅឡើយ​ទេ​ ដោយសារ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​មានការ​យកចិត្តទុកដាក់​ខ្ពស់​ ទាំង​រាជរដ្ឋាភិបាល​ ក្រុម​គ្រូពេទ្យ​ និង​ប្រជាពលរដ្ឋ​ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជំងឺ​កូ​វី​ដ​១៩​នេះ​។​

​យ៉ាងណា​ក៏​ដោយ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ថា​ ស្ថានភាព​ប្រសើរ​នៃ​ការ​ប្រយុទ្ធ​ប្រ​ឆាំ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​ដូច​សព្វ​ថ្ងៃនេះ​ មិនមែន​មាន​ន័យ​ថា​យើង​ទទួល​បាន​ជោគជ័យ​លើ​សមរភូមិ​ជំងឺ​កូ​វី​ដ​១៩​នោះ​ឡើយ​ ពោល​គឺ​ទាមទារ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង់អស់​ ហើយ​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​បាន​មាន​ប្រសាសន៍​នឹង​ថា​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​គ្រប់​ស្ថានភាព​ ដើម្បី​ការពារ​សេចក្ដីសុខ​សុវត្ថិភាព​ និង​អាយុជីវិត​ប្រជាពលរដ្ឋ​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​ការ​អរគុណ​ និង​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ កងកម្លាំង​ចម្រុះ​ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រគៀក​ស្មា​គ្នា​ជួយ​ប្រទេស​ជាតិ​ ដោយ​មាន​ខ្លះ​បាន​បរិច្ចាគ​ប្រាក់ខែ​ តិច​ឬ​ច្រើន​ទៅ​តាម​លទ្ធភាព​ និង​ការ​ស្ម័គ្រចិត្ត​ ថ្នាក់ដឹកនាំ​ខ្លះ​ក៏​បាន​បរិច្ចាគ​សម្រាប់​ជួយ​មន្ត្រី​ក្នុង​ក្រសួង​ និង​ថ្នាក់ដឹកនាំ​មន្ត្រី​ខ្លះ​ទៀត​ បាន​ជួយ​គាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ពិសេស​នៅ​ថ្នាក់​មូលដ្ឋាន​ ដែល​នេះ​គឺជា​ការ​បង្ហាញ​នូវ​សាមគ្គីភាព​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ទាំងអស់​ ដែល​បាន​សហការ​រួម​គ្នា​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​យ៉ាង​សកម្ម​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​១៩​ ដូច​ជា​ការ​ទទួល​បង​ប្អួ​ន​ខ្មែរ​វិល​ត្រឡប់​ពី​ក្រៅប្រទេស​ ពិសេស​ប្រទេស​ថៃ​ ការ​អនុវត្ត​វិធានការ​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លងខេត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ និង​ការ​ស្រាវជ្រាវ​ តាមដាន​ ពិនិត្យ​សុខភាព​ និង​រៀបចំ​ដាក់​ឱ្យ​ដាច់​ដោយឡែក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានការ​សង្ស័យ​ ឬ​ទើប​វិល​ត្រឡប់​មក​ពី​ក្រៅប្រទេស​ នៅ​តាម​មូលដ្ឋាន​ភូមិ​ឃុំ​។​

​ពាក់ព័ន្ធ​នឹង​ជំនួយ​ថវិកា​ និ​សម្ភារ​ ដែល​សប្បុរសជន​នានា​ បាន​ផ្ដល់​ជូន​រដ្ឋបាល​រាជធានី​ ខេត្ត​ សម្រាប់​ប្រើប្រាស់​ក្នុង​បេសកកម្ម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ថ្លែង​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​ ទុក​លទ្ធភាព​ឱ្យ​រដ្ឋបាល​រាជធានី​ ខេត្ត​ ជា​អ្នក​ចាត់ចែង​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្ដែង​។​ យ៉ាងណា​ក៏​ដោយ​សម្ដេច​បាន​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​រាជធានី​ ខេត្ត​ ប្រើប្រាស់​ថវិកា​ទាំងនោះ​ឱ្យ​ចំ​គោ​ដៅ​ និង​តម្លាភាព​ ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ភាគី​ម្ចាស់​ជំនួយ​ដែល​បាន​លះបង់​ថវិកា​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​។​

​ពាក់ព័ន្ធ​នឹង​ថវិកា​ និង​សម្ភារ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​ដែល​នៅ​សល់​បន្ទាប់​ពី​ការ​បែងចែក​ លើកលែងតែ​សម្លៀក​បំពាក់​ការពារ​ជំងឺ​កូ​វី​ដ​១៩​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ជម្រាប​ទៅ​កាន់​អង្គពិធី​ថាស​ម្ដេច​ក្នុង​នាម​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបាត់ដំបង​ និង​ខេត្តព្រៃវែង​ សូម​បែងចែក​ផ្ដល់​ជូន​បណ្ដា​ក្រុង​ស្រុក​នៃ​ខេត្ត​ទាំង​ពីរ​ និង​គោលដៅ​ផ្សេង​ទៀត​ សរុប​ចំនួន​៣១​គោលដៅ​។​

​សម្ដេច​ទទួលស្គាល់​ថា​ជំនួយ​ទាំងនេះ​គឺ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ ប៉ុន្តែ​នេះ​គឺជា​ការ​បែងចែក​ដើម្បី​រួមចំណែក​សម្រាល​ការ​លំបាក​ ហើយ​ថា​សម្ភារ​ឧបករណ៍​ទាំង​អស់នេះ​ ក៏​មិនមែន​ជា​មូលដ្ឋាន​វាយតម្លៃ​ថា​យើង​នឹង​អាច​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​បាន​ដែរ​ ពោល​គឺ​សម្ភារ​ទាំង​អស់នេះ​ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួប​ទប់ស្កាត់​ និង​ការពារ​ជំងឺ​កូ​វី​ដ​១៩​ប៉ុណ្ណោះ​ ដែល​សំខាន់​នោះ​គឺ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា​ ដោយ​ត្រូវ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ រាប់​ទាំង​ការ​ប្រើ​ម៉ាស់​ និង​លាងដៃ​ជាដើម​។​

​ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​បាន​បន្ត​គូសបញ្ជាក់​ជា​ថ្មី​ទៀត​នូវ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ដោយ​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​នៅ​ពេល​ភូមិ​ឃុំ​ទាំងអស់​មាន​សុវត្ថិភាព​ គឺ​មាន​ន័យ​ថា​មាតុភូមិ​របស់​យើង​មាន​សុខ​សន្តិភាព​សុវត្ថិភាព​ ហើយ​ដើម្បី​សម្រេច​បាន​គឺ​ទាមទារ​ជា​ចាំបាច់​នូវ​ការ​ចូលរួម​របស់​ពលរដ្ឋ​ ការ​លើកកម្ពស់​សមត្ថភាព​មន្ត្រី​ និង​ការ​បំពាក់​ឧ​បក​ណ៍​សម្ភារ​និង​បំពេញតម្រូវការ​ថវិកា​។​

​ពាក់ព័ន្ធ​នឹង​ការ​បំពាក់​រថយន្ត​ដល់​អង្គភាព​កងកម្លាំង​នគរបាល​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​បាន​ផ្ដល់​រថយន្ត​ចំនួន​៩៥​គ្រឿង​ហើយ​ ហើយ​នៅ​ថ្ងៃនេះ​នឹង​បន្ត​ផ្ដល់​ជូន​៥០​គ្រឿង​ទៀត​ ក្នុង​នោះ​បាន​បែងចែក​អធិការ​ស្រុក​ជាប់​ព្រំដែន​ថៃ​១៧​គ្រឿង​ វៀតណាម​២៨​គ្រឿង​ ឡាវ​៥​គ្រឿង​ ដោយ​ក្នុង​មួយ​អធិការដ្ឋាន​ទទួល​បាន​១​គ្រឿង​។​ សម្ដេច​ទទួលស្គាល់​ថា​នៅ​មានការ​ខ្វះខាត​ជា​បន្ត​ទៀត​សម្រាប់​ក្រុង​ស្រុក​ផ្សេង​ទៀត​ ដោយ​ក្រសួង​នឹង​ខិតខំ​ស្វែងរក​លទ្ធភាព​ផ្ដល់​ជូន​ជា​បន្ត​ទៀត​។​

​សម្ដេច​មាន​ប្រសាសន៍​ថា​ទន្ទឹម​នឹង​ការ​ផ្ដល់​ជូន​រថយន្ត​បំរើ​ការ​ជូន​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ខណ្ឌ​ ក្រសួងមហាផ្ទៃ​ក៏​បាន​ផ្ដល់​ជូន​រថយន្ត​ពន្លត់អគ្គីភ័យ​ដល់​អធិការដ្ឋាន​នគរបាល​ក្រង​ស្រុក​ខណ្ឌ​ទាំងអស់​ដែរ​ ពីព្រោះ​វា​ជា​តម្រូវការ​អាទិភាព​ដែល​មិនមែន​សម្រាប់​តែ​កា​រប​ន្ល​ត់​អគ្គ​ភ័យ​នោះ​ទេ​ ប៉ុន្តែ​ក៏​សម្រាប់​ដឹក​ទឹក​ចែក​ជូន​ពលរដ្ឋ​ដែល​ជួប​ការ​ខ្វះខាត​នៅ​រៀង​រាល់​រដូវប្រាំង​ដែរ​។​ សម្ដេច​បាន​ឆ្លៀត​រំលឹក​ពី​ការ​ខិតខំ​សន្សំ​ថវិកា​ ដើម្បី​បញ្ជា​ទិញ​រថយន្ត​ និង​ជលយាន​ ដើម្បី​ឱ្យ​មន្ត្រី​យ​កាំ​ទៅ​ប្រើប្រាស់​បំរើ​ជាតិ​ និង​ប្រជាជន​។​

​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​សម្រាប់​ការ​បិទ​បំរាម​គោល​ចរ​ឆ្លងកាត់​ខេត្ត​នឹង​ខេត្ត​ លើកលែងតែ​រវាង​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្ដាល​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​ផ្ដល់​ការ​លើក​ចិត្ត​ជូន​ថ្នាកដឹកនាំ​ខេត្ត​ អាជ្ញាធរ​ និង​កងកម្លាំង​ទាំងអស់​ សូម​បន្ត​អនុវត្ត​ភារកិច្ច​ឱ្យ​បាន​ជោគជ័យ​ ទាំង​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ និង​ការ​រក្សា​សន្តិសុខ​សណ្ដាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ និង​បាន​អំពា​នាវ​ជា​ថ្មី​ទៀត​សូម​បងប្អូន​ប្រជាពលរដ្ឋ​គោរព​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩៕

ចំនួនអ្នកទស្សនា

    20509387

  • ថ្ងៃនេះ1901
  • ម្សិលមិញ15191
  • សប្តាហ៍នេះ45051
  • ខែនេះ66931
  • ឆ្នាំនេះ66931
  • សរុប20509387