អភិបាលខេត្ត​សៀមរាប​ ចុះ​ត្រួតពិនិត្យ​កម្លាំង​ចម្រុះ​ប្រចាំការ​គោលដៅ​ព្រំប្រទល់​ខេត្តសៀមរាប​-​ខេត្តបន្ទាយមានជ័យ​ និង​ឧត្តរមានជ័យ​ ព្រមទាំង​ជួប​សំណេះសំណាល​ជាមួយ​មេ​ភូមិ​ អនុ​ភូមិ​ និង​ សមាជិក​ភូមិ​ទាំងអស់​ក្នុងស្រុក​ទាំង​ពីរ​

15-April-2020 | ដោយ ពលមនសិការ

​សៀមរាប​៖​ នា​រសៀល​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​នេះ​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ អមដំណើរ​ដោយ​លោក​ លោកស្រី​ ជា​អភិបាលរង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរ​ អង្គភាព​នានា​ក្នុង​ខេត្ត​ ក្រុម​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​ និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​គាំទ្រ​រាជរដ្ឋាភិបាល​ ត្រួតពិនិត្យ​កម្លាំង​ចម្រុះ​ដែល​កំពុង​នៅ​ប្រចាំការ​លើ​គោលដៅ​ព្រំប្រទល់​ខេត្តសៀមរាប​និង​ខេត្តបន្ទាយមានជ័យ​ ព្រមទាំង​ខេត្តឧត្តរមានជ័យ​ ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រឡាញ់​ ស្រីស្នំ​ និង​ជួប​សំណេះសំណាល​ជាមួយ​មេ​ភូមិ​ អនុ​ភូមិ​ និង​ សមាជិក​ភូមិ​ទាំងអស់​ក្នុងស្រុក​ក្រឡាញ់​ និង​ស្រុក​ស្រីស្នំ​។​

​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​កម្លាំង​ចម្រុះ​ប្រចាំការ​គោលដៅ​ព្រំប្រទល់​ខេត្តសៀមរាប​និង​ខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាលខេត្ត​សៀមរាប​ បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​ចម្រុះ​ដែល​កំពុង​ប្រចាំការ​នៅ​គោលដៅ​នេះ​ ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​បំពេញភារកិច្ច​ តាម​តួនាទី​របស់​ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ជា​ពិសេស​ការ​អនុវត្ត​នូវ​បទបញ្ជា​លេខ​០២​ របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ បាន​យ៉ាង​ខ្ជាប់ខ្ជួន​ ប្រកបដោយ​ប្រសិទ្ធភាព​ សំដៅ​រួមចំណែក​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ កំពុង​កើត​មាន​ឡើង​នៅ​លើ​សកលលោក​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​។​

​ឯកឧត្ដម​ ទៀ​ សីហា​ បាន​ណែនាំ​ និង​ ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ចម្រុះ​ដែល​កំពុង​ប្រចាំការ​គោលដៅ​ព្រំប្រទល់​ខេត្តសៀមរាប​ អាជ្ញាធរ​ស្រុក​ក្រឡាញ់​ និង​អាជ្ញាធរ​ស្រុក​ស្រីស្នំ​ ត្រូវ​បង្កើន​ស្មារតី​ការ​យកចិត្តទុកដាក់​បន្ត​ទៀត​ តាម​បទបញ្ជា​លេខ​០២​ របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ ហើយ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ ឯកឧត្ដម​ ទៀ​ សីហា​ បាន​ជូន​ថវិកា​មួយ​ចំនួន​ដល់​កងកម្លាំង​ចម្រុះ​ប្រចាំការ​គោលដៅ​ព្រំប្រទល់​ខេត្តសៀមរាប​-​ខេត្តបន្ទាយមានជ័យ​ និង​ឧត្តរមានជ័យ​ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។​

​បន្ទាប់​មក​ឯកឧត្ដម​ ទៀ​ សីហា​ អភិបាលខេត្ត​សៀមរាប​ និង​ ប្រតិភូ​អមដំណើរ​ បាន​ជួប​សំណេះសំណាល​ជាមួយ​ មេ​ភូមិ​ អនុ​ភូមិ​ និង​ សមាជិក​ភូមិ​ទាំងអស់​ក្នុងស្រុក​ ព្រមទាំង​បាន​បញ្ជាក់​ថា​ ការ​ចុះ​ជួប​សួរសុខទុក្ខ​នា​ពេល​នេះ​ គឺ​ស្រប​ពេល​មាន​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​ នៅ​តាម​បណ្ដា​ខេត្ត​នា​ពេល​ថ្មីៗ​កន្លង​មក​ ដូច​ជា​ការ​ផ្អាក​ការ​ប្រា​ព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ដើម្បី​បញ្ចៀស​ការ​ជួបជុំ​ និង​ ការ​រឹត​បណ្ដឹង​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ក្នុង​ប្រទេស​ ដែល​អាច​បង្ក​ឲ្យ​មាន​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​សហគមន៍​ ដូច្នេះ​ក្នុង​ឱកាស​នេះ​ សូម​លោក​មេ​ភូមិ​ អនុ​ភូមិ​ និង​សមាជិក​ភូមិ​ទាំងអស់​ បន្ត​ផ្សព្វផ្សាយ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ទោះបី​នៅ​ក្នុង​ខេត្តសៀមរាប​ ពុំ​ទាន់​មាន​ករណី​ឆ្លង​ថ្មី​ និង​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ បានជា​សះស្បើយ​ជា​បន្តបន្ទាប់​ក៏​ដោយ​ ក៏​ត្រូវ​តែ​យកចិត្ត​ទុក​ខ្ពស់​ អំពី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​។​

​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ ឯកឧត្ដម​ ទៀ​ សីហា​ បាន​ជូន​ជា​គ្រឿង​ឧបភោគបរិភោគ​ និង​ថវិកា​មួយ​ចំនួន​ដល់​មេ​ភូមិ​ អនុ​ភូមិ​ និង​ សមាជិក​ភូមិ​ទាំងអស់​ក្នុងស្រុក​ទាំង​ពីរ​ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ ៕


ចំនួនអ្នកទស្សនា

    20503377

  • ថ្ងៃនេះ11091
  • ម្សិលមិញ12561
  • សប្តាហ៍នេះ39041
  • ខែនេះ60921
  • ឆ្នាំនេះ60921
  • សរុប20503377