កំពង់ធំ៖ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសន្ទុក បានឃាត់ខ្លួនបុរសម្នាក់ពីបទ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍ (ឡាយវីដេអូ ញុះញង់ ប្រឆាំងបទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាល) ប្រព្រឹត្តិកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈសេង ប៊ុនហ៊ត ស្ថិតនៅភូមិធន់ម៉ោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះ លេខ សៀងលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករចាក់សាំង ទីលំនៅបច្ចុប្បន្នភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជនសង្ស័យខាងលើត្រូវសមត្ថកិច្ច បញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពង់ធំ ចៅក្រមស៊ើបសួរចេញដីការឃុំខ្លួនជាបណ្ដោះអាសន្ន។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរ ដល់យុវជនគ្រប់ស្រទាប់វណ្ណៈ សូមកុំប្រព្រឹត្តិសកម្មភាព ញុះញង់ដែលធ្វើឲ្យមានភាពចលាចល និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសពីបញ្ហាសុខុមាលភាព ដែលប្រមុខរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ នៃជម្ងឺ COVID-19 ជាដើម៕