រថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្សនៅហ្នឹងកន្លែងកើតហេតុ  

16-April-2020 | ដោយ ពលមនសិការ

សៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពណ៌ត្រេអ៊ី និងម៉ូតូ។ ហេតុការណ៍គ្រោះថ្នាក់ខាងបានកើតឡើងនៅវេលាម៉ោង១៧និង២០នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៣-៣៣៤ ភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងនៅថ្ងៃទី១៦ ខែមេសានេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ។ លោកបន្តថា រថយន្តម៉ាកមីស៊ុយមីស៊ីម៉ុងត្រូ ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ភ្នំពេញ 2L-0917 បើកបរដោយឈ្មោះស៊ឺ ប៊ុនវែង ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត បានបុក ម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1k-0911 បើកបរដោយឈ្មោះ គួន គង្គា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើតហើយបត់ឆ្វេង។ ករណីនេះបណ្តាលឲ្យស្លាប់មនុស្ស១នាក់ ឈ្មោះគួន គង្គា។ ខូចខាតម៉ូតូ១គ្រឿង ធ្ងន់ និងរថយន្ត១គ្រឿងស្រាល។

លោកបន្ថែមថា មូលហេតុ ម៉ូតូបើកបរបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រថយន្តបើកបរក្នុងល្បឿនលឿន។ ក្រោយពេលកើតហេតុ កម្លាំងផ្នែកនគរបាលជំនាញនៃអធិការនគរបាលស្រុកពួក បានចុះវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និង ឃាត់ខ្លួនអ្នកបើកបររថយន្តព្រមទាំងប្រមូលវត្ថុតាងមកកាន់អង្គភាពដើម្បីចាត់ការតាមច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20510927

  • ថ្ងៃនេះ3441
  • ម្សិលមិញ15191
  • សប្តាហ៍នេះ46591
  • ខែនេះ68471
  • ឆ្នាំនេះ68471
  • សរុប20510927