សៀមរាប៖ ដើមឈើគ្រញូងដ៏កម្រចំនួន០៤ដើម នៅតំបន់អង្គរត្រូវបានគេលួចកាប់ដោយសុវត្ថិភាព អាជ្ញាធរបានត្រឹមឈរមើល។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវលាម៉ោង១៤និង០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នៅចំណុចព្រៃឧទ្យានអង្គរ ស្ថិតភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុងសៀមរាប។
មន្ត្រីសមត្ថកិច្ចបានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី១៧នេះថា ករណីនេះធ្វើឡើងដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានលួចកាប់ឈើគ្រញូងអស់ចំនួន០៤ដើម នៅចំកណ្តាលនៃតំបន់អង្គរ ដែលគ្រប់គ្រងទទួលខុសត្រូវដោយសមត្ថកិច្ចចម្រុះនៅទីនោះជាច្រើនជំនាញ។
សមត្ថកិច្ចបន្ថែមថា ឈើទាំងនោះមានមុខកាត់ប្រមាណជា០,៤០ម៉ែត្រទៅ០,៦០ម៉ែត្រ។ សមត្ថកិច្ចបន្ថែមថា ករណីកាប់នេះកើតឡើងប្រមាណជា១សប្តាហ៍មកហើយ តែគ្មាននរណាដឹង ទើបតែមានការភ្ញាក់ផ្អើល។
ទោះយ៉ាងណាជុំវិញហេតុការណ៍នេះក្រុមអាជ្ញាធរនៅមិនទាន់រកមុខ អ្នកកាប់ឈើគ្រញូងនៅតំបន់អង្គរបាននៅឡើយទេ ដោយម្នាក់ៗរុញដាក់គ្នាទៅវិញទៅមក មិនព្រមទទួលខុសត្រូវ។ក្នុងដែរអាជ្ញាធរខ្លះបាននិយាយថា ឲ្យអ្នកកាសែតជួយស្វែងរកអ្នកកាប់ និងនិយាយថា ការងារគេធ្វើធំប៉ុនភ្នំ មើលមិនឃើញបែជាមកឃើញកំហុសប៉ុនក្រចកដៃចឹងសោះ។
ទាក់ទិននឹងករណីនេះដែរ លោក លី សំរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសានេះថា ករណីនេះលោកនៅមិនទាន់ដឹងនៅឡើយទេ ព្រោះគ្មានទាន់ឃើញមានរបាយការណ៍ចូលមក។លោកបន្តថា ការងារនោះជាការទទួលខុសត្រូវដោយអាជ្ញាធរជាតិអប្សរា នគរបាលការពារបេតិកភណ្ឌ។ ឯអាជ្ញាធរខេត្ត គ្រាន់តែ ជាកម្លាំងសហការ លើការងារផ្សេងៗ។
គួររំលឹកថា កន្លងទៅ ក្រុមឈ្មួញបានលួចកាប់ឈើគ្រញូងនៅតំបន់អង្គរ ហើយត្រូវតុលាការខេត្តសៀមររាប សម្រេចចាប់ខ្លួនអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងនៅតំបន់បេតិកភណ្ឌ យកទៅផ្តន្ទាទោសតាមច្បាប់។ប៉ុន្តែក្នុងករណីខាងលើនេះគេនៅមិនទាន់ដឹងថា ចំណាត់ការផ្លូវច្បាប់ អាចចាត់ការយ៉ាងណានោះទៅលើក្រុមជនល្មើសដែលលួចកាប់ឈើគ្រញូង និងអ្នកទទួលខុសត្រូវនៅតំបន់នេះ។ យ៉ាងនេះក្តី ជំនួញឈើគ្រញូងត្រូវបានអ្នកច្បាប់ចងក្រងឡើងនិងចាត់ទុកជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ (ពីបទឧក្រិដ្ឋ)មិនអាចលើកលែងឲ្យបាន ៕