សៀមរាប៖ នៅថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២០ សមត្ថកិច្ចស្រុកប្រាសាទបាគង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួច។
ជនសង្ស័យទី១-ឈ្មោះ យ៉ត អ៊ាងម៉ូលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងខេត្តសៀមរាប, ទី២-ឈ្មោះ ហួរ ចំរើន (ហៅហាន ) ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប និងទី៣-ឈ្មោះ ជា ទុង (ហៅម៉ោង) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថាជនទាំង៣នាក់នេះមានជាប់ពាក់ព័ន្ធក្នុងរឿង អំពើលួច (កាណូតស្មាច់និងម៉ាស៊ីន) នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០១និង០០នាទី រំលងអាធ្រាត្រ ចំណុចភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថាកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១នឹង០០យប់ មានឈ្មោះ ពា តៃ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចុះពីលើផ្ទះទៅមើលកាណូតស្មាច់ដែលចងទុកនិងព្រែកស្រាប់តែបាត់កាណូត ហើយបានស្រែកហៅបងថ្លៃឈ្មោះ យឹម យ៉ិច ភេទប្រុស អោយជួយរកពេលនោះបងថ្លៃចុះមកមើលកាណូតស្មាច់គាត់បានបាត់ម៉ាស៊ីនពីកាណូតស្មាច់គាត់ដែរ ភ្លាមនោះស្រាប់លឺសំលេងកាណូតបើកចេញទៅទិសខាងត្បូងសំដៅទៅមាត់ទន្លេសាប។ ម្ចាស់កាណូតក៏បានជិះកាណូតដេញតាមពីក្រោយ ទើបជនសង្ស័យបានលេងកាណូតគាត់មកវិញ រួចវាជិះគេចចូលព្រែក្បែរនោះ។ ហើយម្ចាស់កាណូតក៏បានតាមរកឃើញជនសង្ស័យដែលមានឈ្មោះ យ៉ត អ៊ាងម៉ូលី ភេទប្រុស រស់នៅភូមិគោកក្តុលឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង ហើយចាប់ខ្លួនជនសង្ស័យប្រគល់ជនសង្ស័យជូនសមត្ថកិច្ច ហើយក៏បន្តឈានដល់ការចាប់ខ្លួនជនសង្ស័យពីរនាក់ផ្សេងទៀតដែលជិះកាណូតពីឃុំកំពង់ឃ្លាំងមកចាំទទួលយកម៉ាស៊ីននិងកាណូតដែលលួចបាន។
តាមចម្លើយសារភាពរបស់ឈ្មោះ យ៉ត អ៊ាងម៉ូលី បានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតមែន ហើយកន្លងមកធ្លាប់លួចលក់អោយឈ្មោះ ជា ទុង(ម៉ោង)និងឈ្មោះហួរចំរើន(ហាន )នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបបានចំនួន០២លើករួចមកហើយ ។
ចំណែកឈ្មោះ ហួរ ចំរើន (ហៅហាន) និងឈ្មោះ ជា ទុង (ហៅម៉ោង) បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនពិតជាធ្លាប់ទិញម៉ាស៊ីនពីឈ្មោះ អ៊ាង ម៉ូលី ពិតមែនរហូតធ្លាប់បានជួយដោះម៉ាស៊ីនចេញពីកាណូតស្មាច់ផ្ទាល់ម្តងដែរ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលវិជ្ជមានចំនួន០២នាក់ គឺឈ្មោះ ហួរ ចំរើន និងឈ្មោះ យ៉ត អ៊ាង ម៉ូលី ចំណែកឈ្មោះ ជា ទុង លទ្ធផលអវិជ្ជមាន។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
១.ទូកស្មាច់ពណ៌សរលាយក្រហមប្រវែងបណ្តោយ ៦,៩ម៉ែត្រ ទទឹង១,២ម៉ែត្រ ម៉ាស៊ីនហ៊ីណូតា ១៨សេស
២. ទូកស្មាច់ពណ៌បៃតងសរប្រវែងបណ្តោយ ៦,៩ម៉ែត្រ ទទឹង១,២ម៉ែត្រ ម៉ាស៊ីនហ៊ីយ៉ានដាយ ១៨សេស
៣.ទូកស្មាច់បៃតងសរចំនួន១គ្រឿងដែលមានប្រវែងបណ្តោយ ៦,៩ម៉ែត្រ ទទឹង១,២ម៉ែត្រ ម៉ាស៊ីនហ៊ីយ៉ានដាយ ១៨សេស
៤. ម៉ាស៊ីនសាំង ១៨សេសពណ៌ស្លាទុំចំនួន ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕